ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។

2. អ្នក​ណា​វាយ​ឫក​ក្រអឺត‌ក្រទម អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។

3. ចិត្ត​ទៀង​ត្រង់​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ រីឯ​ចិត្ត​វៀច‌វេរ​វិញ តែងតែ​នាំ​មនុស្ស​ពាល​ឲ្យ​វិនាស។

4. នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។

5. សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។

6. សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។

7. ពេល​មនុស្ស​អាក្រក់​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​វិនាស ហើយ​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ​ក៏​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។

8. ព្រះ‌ជាម្ចាស់​តែងតែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។

9. មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយ‌សារ​ការ​ចេះ​ដឹង។

10. ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។

11. ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចម្រុង‌ចម្រើន​ដែរ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។

12. អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា រីឯ​មនុស្ស​ចេះ​ដឹង​តែងតែ​នៅ​ស្ងៀម។

13. អ្នក​និយាយ​ដើម​គេ​មិន​អាច​រក្សា​រឿង​សម្ងាត់​ជិត​ឡើយ រីឯ​អ្នក​ដែល​គេ​ទុក​ចិត្ត​តែងតែ​លាក់​រឿង​សម្ងាត់​ទាំង​នោះ​បាន។

14. ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជា‌ជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគ‌ជ័យ។

15. អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែងតែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។

16. ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។

17. អ្នក​មាន​ចិត្ត​សប្បុរស​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល រីឯ​មនុស្ស​ឃោរ‌ឃៅ​រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។

18. មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។

19. សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។

20. ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​វៀច‌វេរ តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ទៀង‌ត្រង់។

21. មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។

22. ស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។

23. មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ រីឯ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ទោស។

24. មនុស្ស​មាន​ចិត្ត​ទូលាយ​រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។

25. មនុស្ស​មាន​ចិត្ត​សទ្ធា​តែងតែ​បាន​ចម្រុង‌ចម្រើន រីឯ​អ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។

26. អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។

27. ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែងតែ​ទទួល​ផល​អាក្រក់។

28. មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ រីឯ​មនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។

29. អ្នក​ណា​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​មាន​ប្រាជ្ញា។

30. អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្ដល់​ជីវិត ហើយ​អ្នក​ប្រាជ្ញ​តែងតែ​ទាក់‌ទាញ​ចិត្ត​មនុស្ស។

31. មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។