ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 28 Khmer Standard Version (KHSV)

1. អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។

2. ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។

3. មនុស្ស​ក្រីក្រ​សង្កត់‌សង្កិន​មនុស្ស​ទុគ៌ត ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ជន់​បំផ្លាញ​ដំណាំ​អស់។

4. អស់​អ្នក​ដែល​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ រមែង​សរសើរ​មនុស្ស​អាក្រក់ រីឯ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ តែងតែ​ប្រឆាំង​នឹង​មនុស្ស​អាក្រក់​វិញ។

5. មនុស្ស​ទុច្ចរិត​មិន​យល់​អំពី​យុត្តិធម៌​ទេ រីឯ​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​យល់​សព្វ​គ្រប់​ទាំង​អស់។

6. មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ប្រសើរ​ជាង​អ្នក​មាន ដែល​រស់​នៅ​ក្នុង​ផ្លូវ​វៀច‌វេរ។

7. អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​កូន​ចេះ​ដឹង រីឯ​អ្នក​ដែល​សេព‌គប់​នឹង​មនុស្ស​ខិល‌ខូច ធ្វើ​ឲ្យ​ឪពុក​បាក់​មុខ។

8. អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ​ចង​ការ​ប្រាក់​ហួស​កម្រិត ធន‌ធាន​របស់​អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។

9. អ្នក​ណា​មិន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ សូម្បី​តែ​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែរ។

10. អ្នក​ណា​នាំ​មនុស្ស​ទៀង‌ត្រង់​ឲ្យ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភមង្គល។

11. អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។

12. កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

13. អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។

14. អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។

15. មនុស្ស​អាក្រក់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទុគ៌ត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លា‌ឃ្មុំ​ប្រុង​សង្គ្រប់។

16. អ្នក​ដឹក​នាំ​ស្រុក​ដែល​គ្មាន​ប្រាជ្ញា តែងតែ​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​កាន់​តែ​ខ្លាំង​ឡើងៗ រីឯ​អ្នក​មិន​ចូល​ចិត្ត​នឹង​ទ្រព្យ​ដែល​រក​បាន​ដោយ​អយុត្តិធម៌ មុខ​ជា​មាន​អាយុ​វែង។

17. អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។

18. អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់​រមែង​បាន​សុខ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច​វេរ មុខ​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នោះ​មិន​ខាន។

19. អ្នក​ដែល​ខំ​ធ្វើ​ស្រែ​ចម្ការ​តែងតែ​មាន​អាហារ​បរិបូណ៌ រីឯ​អ្នក​ខ្ជិល​ច្រអូស​រមែង​ធ្លាក់​ខ្លួន​ក្រ​តោក‌យ៉ាក។

20. មនុស្ស​ស្មោះ​ត្រង់​តែងតែ​ទទួល​ពរ​បរិបូណ៌ រីឯ​អ្នក​ដែល​គិត​តែ​ពី​ខំ​ប្រឹង​រក​ទ្រព្យ​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ឆាប់ៗ រមែង​ទទួល​ទោស។

21. មិន​ត្រូវ​កាត់​ក្ដី​ដោយ​រើស​មុខ​ឡើយ ក៏​ប៉ុន្តែ មាន​ចៅ‌ក្រម​ខ្លះ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដើម្បី​ដូរ​បាយ​មួយ​ចាន។

22. មនុស្ស​លោភ‌លន់​គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ ដោយ​ឥត​ដឹង​ថា គេ​នឹង​ធ្លាក់​ខ្លួន​ក្រ​ឡើយ។

23. អ្នក​ណា​ស្ដី​បន្ទោស​គេ ថ្ងៃ​ក្រោយ គេ​នឹង​ដឹង​គុណ លើស​អ្នក​ដែល​និយាយ​បញ្ជោរ។

24. អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ ដោយ​គិត​ថា​គ្មាន​បាប​ទេ អ្នក​នោះ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។

25. អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ តែងតែ​បាន​ចម្រើន​ឡើង។

26. អ្នក​ណា​ទុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ រីឯ​អ្នក​ដែល​ដើរ​ដោយ​ប្រាជ្ញា រមែង​មាន​សេចក្ដី​សុខ។

27. អ្នក​ណា​ចែក​ទាន​ដល់​ជន​ក្រីក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ រីឯ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ តែងតែ​ទទួល​បណ្ដាសា​ជា​ច្រើន។

28. ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ ប្រជា‌ជន​នឹង​រត់​ពួន​គ្រប់ៗ​គ្នា ប៉ុន្តែ ពេល​ពួក​នោះ​វិនាស មនុស្ស​សុចរិត​នឹង​កើន​ចំនួន​ឡើង។