ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 24 Khmer Standard Version (KHSV)

1. កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ឡើយ។

2. ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ហើយ​ពោល​ពាក្យ​ប្រទូស្ត‌រាយ។

3. ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ

4. ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​គាប់​ចិត្ត។

5. អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។

6. មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​ឲ្យ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នាំ​ឲ្យ​មាន​ជោគ​ជ័យ។

7. មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ ពេល​ណា​មាន​រឿង​សំខាន់​ដែល​ត្រូវ​ពិភាក្សា អ្នក​នោះ​ពុំ​អាច​ហា​មាត់​និយាយ​បាន​ឡើយ។

8. អ្នក​ណា​ចេះ​តែ​រិះគិត​ប្រព្រឹត្ត​អាក្រក់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ទុយ៌ស។

9. មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡក‌ឡឺយ​តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្រប់​គ្នា។

10. បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។

11. ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។

12. បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ព្រះ‌អង្គ​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះ‌អង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

13. កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រស‌ជាតិ​ឆ្ងាញ់ ហើយ​ផ្អែម​ជាប់​មាត់។

14. រីឯ​ប្រាជ្ញា​ក៏​ដូច្នោះ​ដែរ ចូរ​កូន​ចង​ចាំ​ថា បើ​កូន​រក​បាន​ប្រាជ្ញា កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។

15. កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ

16. ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជា‌និច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។

17. ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ

18. ក្រែង​លោ​ព្រះ‌អម្ចាស់ទត​ឃើញ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។

19. កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។

20. មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។

21. កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ

22. ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។

ដំបូន្មាន​ផ្សេងៗ​របស់​អ្នក​ប្រាជ្ញ

23. អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា: ពេល​កាត់​ក្ដី​មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។

24. បើ​ចៅ‌ក្រម​និយាយ​ទៅ​កាន់​ឧក្រិដ្ឋ‌ជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជា‌ជន​នឹង​ដាក់​បណ្ដាសា​ចៅ‌ក្រម​នោះ ហើយ​ប្រជា‌ជាតិ​នានា​ក៏​ស្អប់​ចៅ‌ក្រម​នោះ​ដែរ។

25. ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ដាក់​ទោស​ជន​ឧក្រិដ្ឋ​មុខ​ជា​បាន​សុខ ព្រម​ទាំង​ទទួល​ពរ និង​សុភមង្គល។

26. ចម្លើយ​ស្មោះ​ត្រង់​ជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ។

27. ចូរ​បំពេញ​កិច្ចការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការ‌ងារ​នៅ​ឯ​ស្រែ​ចម្ការ​សិន រួច​សឹម​សង់​ផ្ទះ។

28. កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ​ដោយ​គ្មាន​ហេតុ​ផល ហើយ​ក៏​កុំ​និយាយ​កុហក បោក​បញ្ឆោត​គេ​ដែរ។

29. កុំ​ពោល​ថា «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​ណា ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​វិញ​បែប​នោះ​ដែរ ខ្ញុំ​នឹង​តប​ស្នង​ដល់​គេ​ម្នាក់ៗ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។

មនុស្ស​កំជិល

30. ខ្ញុំ​បាន​ដើរ​ជិត​ចម្ការ​របស់​មនុស្ស​កំជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចម្ការ​ទំពាំង‌បាយជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។

31. មាន​បន្លា និង​ស្មៅ​ដុះ​ពាស‌ពេញ រីឯ​របង​ក៏​រលំ​ដួល​អស់។

32. ខ្ញុំ​ពិចារណា​មើល​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ដក​ស្រង់​បាន​មេរៀន​ដូច​ត​ទៅ:

33. អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច និង​ដេក​ឱប​ដៃ​បន្តិច។

34. ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។