ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 14 Khmer Standard Version (KHSV)

1. ស្ត្រី​មាន​ប្រាជ្ញា​តែងតែ​កសាង​គ្រួសារ​របស់​ខ្លួន រីឯ​ស្ត្រី​ឥត​មារយាទ​តែងតែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។

2. អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់ តែងតែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច‌វេរ តែងតែ​មើល‌ងាយ​ព្រះ‌អង្គ។

3. មនុស្ស​ល្ងង់​ខ្លៅ​ហា​មាត់​និយាយ​តែ​ពាក្យ​អួត‌អាង រីឯ​ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​តែងតែ​ការពារ​ខ្លួន។

4. អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ។ គេ​ទទួល​បាន​ភោគ‌ផល​ច្រើន ដោយ‌សារ​កម្លាំង​របស់​គោ។

5. សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។

6. មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។

7. ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។

8. ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កល‌ល្បិច​របស់​ខ្លួន។

9. មនុស្ស​ល្ងី‌ល្ងើ​មិន​រវី‌រវល់​នឹង​បាប​របស់​ខ្លួន​ទេ រីឯ​មនុស្ស​ទៀង‌ត្រង់​តែងតែ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

10. ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។

11. ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលំ រីឯ​ជំរំ​របស់​មនុស្ស​ទៀង‌ត្រង់ នឹង​ចម្រុង‌ចម្រើន។

12. មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ក៏​ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។

13. ការ​សើច​សប្បាយ​អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត ហើយ​នៅ​ទី​បំផុត​អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ។

14. មនុស្ស​គ្មាន​សីលធម៌​តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។

15. មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។

16. មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ខ្លាច និង​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់ រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។

17. អ្នក​រហ័ស​ខឹង​តែងតែ​ប្រព្រឹត្ត​អំពើ​ផ្ដេស‌ផ្ដាស រីឯ​អ្នក​ដែល​មាន​កល‌ល្បិច តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់។

18. មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងី‌ល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត​រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។

19. មនុស្ស​អាក្រក់​មុខ​ជា​អោន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។

20. អ្នក​ក្រីក្រ​តែងតែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិត‌ដិត​ក៏​មិន​រាប់​អាន​ដែរ រីឯ​អ្នក​មាន​វិញ សម្បូណ៌​អ្នក​រាប់​អាន​ណាស់។

21. អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​បាប រីឯ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ដល់​ជន​ក្រីក្រ នឹង​មាន​សុភមង្គល។

22. អស់​អ្នក​ដែល​មាន​បំណង​អាក្រក់​តែងតែ​ត្រូវ​វង្វេង រីឯ​អ្នក​ដែល​មាន​បំណង​ល្អ​រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់។

23. អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត រីឯ​អ្នក​ដែល​ពូកែ​ព្រោក‌ប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។

24. សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។

25. សាក្សី​ដែល​គេ​ទុក​ចិត្ត​តែងតែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន រីឯ​អ្នក​ដែល​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​រមែង​នាំ​ឲ្យ​វិនាស។

26. អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹង‌មាំ ហើយ​ព្រះ‌អង្គ​ធ្វើ​ជា​ជម្រក​ដល់​កូន​ចៅ​របស់​គេ។

27. ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។

28. ព្រះ​មហា‌ក្សត្រ​បាន​រុងរឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ត្រ តែ​បើ​ប្រជា‌រាស្ត្រ​ចុះ​អន់‌ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។

29. អ្នក​ណា​ចេះ​អត់‌ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាង‌វៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។

30. ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខ‌ភាព​ល្អ រីឯ​ចិត្ត​ច្រណែន‌និន្ទា ប្រៀប​ដូច​ជា​មហា‌រីក​នៅ​ក្នុង​ឆ្អឹង។

31. អ្នក​ណា​សង្កត់‌សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ព្រះ‌អង្គ​វិញ។

32. មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជា‌និច្ច។

33. មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។

34. សេចក្ដី​សុចរិត​តែងតែ​លើក​តម្កើង​ប្រជា‌ជាតិ​មួយ រីឯ​អំពើ​បាប​រមែង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​អាម៉ាស់​មុខ។

35. ព្រះ​មហា‌ក្សត្រ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​មន្ត្រី​ណា​ដែល​មាន​សុភ‌និច្ឆ័យ តែ​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។