ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 26 Khmer Standard Version (KHSV)

1. លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។

2. ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។

3. រំពាត់​ខ្សែ‌តី​សម្រាប់​វាយ​សេះ បង្ហៀរ​សម្រាប់​ដាក់​ក្នុង​មាត់​សត្វ​លា ហើយ​រំពាត់​សម្រាប់​វាយ​ខ្នង​មនុស្ស​ខ្លៅ។

4. កុំ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​របៀប​ខ្លៅ ក្រែង​លោ​អ្នក​ទៅ​ជា​ខ្លៅ​ដូច​គេ​ដែរ។

5. ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។

6. អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។

7. សុភាសិត​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹម‌សារ​អ្វី​ទេ គឺ​ដូច​ជើង​របស់​មនុស្ស​ខ្វិន​ដែល​ប្រើ​ការ​មិន​កើត។

8. លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​យក​គ្រាប់​ក្រួស​មក​ចង​នឹង​ដង្ហក់។

9. សុភាសិត​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​បន្លា​ដែល​មនុស្ស​ប្រមឹក​គ្រវី​នៅ​ក្នុង​ដៃ។

10. ចៅហ្វាយ​ណា​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ខ្ចាត់​ព្រាត់​មក​ធ្វើ​ការ រមែង​ធ្វើ​ឲ្យ​គេ​ឯង​អំពល់​ទុក្ខ​គ្រប់​គ្នា។

11. មនុស្ស​ខ្លៅ​មិន​បោះ‌បង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។

12. ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា​ជា​មនុស្ស​មាន​ប្រាជ្ញា តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។

មនុស្ស​កំជិល

13. មនុស្ស​កំជិល​តែង​ពោល​ថា «មាន​កូន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ ហើយ​មាន​សិង្ហ​ឈ្មោល​មួយ​នៅ​តាម​ផ្លូវ»។

14. ទ្វារ​តែងតែ​វិល​ជាប់​នឹង​ត្រចៀក​ទ្វារ រីឯ​មនុស្ស​កំជិល​នៅ​ននៀល​ជាប់​នឹង​គ្រែ​ជា‌និច្ច។

15. មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ ដោយ​ត្អូញ​ថា​ហត់​ពេក។

16. មនុស្ស​ខ្ជិល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា លើស​មនុស្ស​ប្រាំ‌ពីរ​នាក់ ដែល​ចេះ​ឆ្លើយ​ដោយ​វាង‌វៃ។

សុភាសិត​ផ្សេងៗ

17. ជ្រៀត‌ជ្រែក​ចូល​ក្នុង​ជំលោះ​របស់​អ្នក​ដទៃ ប្រៀប​ដូច​ជា​ដេញ​ចាប់​ត្រចៀក​ឆ្កែ ដែល​កំពុង​រត់។

18. អ្នក​ណា​បោក​បញ្ឆោត​គេ រួច​ពោល​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង»

19. អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​កំរោល​ចូល ដែល​ចោល​អង្កត់​អុស​ជុំ‌វិញ​ខ្លួន ហើយ​បាញ់​ព្រួញ ដើម្បី​សម្លាប់​គេ។

20. ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជំលោះ​ក៏​បាត់​អស់​ដែរ។

21. មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជំលោះ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រៀប​ដូច​ជា​ធ្យូង និង​អុស ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។

22. ពាក្យ​សម្ដី​របស់​មនុស្ស​អុជ​អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ចិត្ត។

23. សម្ដី​ផ្អែម‌ល្ហែម តែ​ចិត្ត​អាក្រក់ ប្រៀប​ដូច​ជា​ប្រាក់​ដែល​ស្រោប​លើ​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។

24. មនុស្ស​ស្អប់​គេ​តែងតែ​និយាយ​លាក់​ពុត រីឯ​ក្នុង​ចិត្ត មាន​សុទ្ធ​តែ​គំនិត​បោក​ប្រាស់។

25. កាល​ណា​គេ​និយាយ​ដោយ​ទន់‌ភ្លន់ កុំ​ទុក​ចិត្ត​គេ​ឲ្យ​សោះ ដ្បិត​ចិត្ត​របស់​គេ​មាន​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។

26. ទោះ​បី​អ្នក​នោះ​ចេះ​លាក់​បាំង​ចិត្ត​ស្អប់​របស់​ខ្លួន​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​គង់​តែ​ឃើញ​ចិត្ត​អាក្រក់​របស់​គេ។

27. អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។

28. បើ​យើង​និយាយ​មួល​បង្កាច់​នរណា បាន​សេចក្ដី​ថា​យើង​ស្អប់​អ្នក​នោះ ហើយ​បើ​យើង​និយាយ​បញ្ចើច‌បញ្ចើ​អ្នក​ណា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​អន្តរាយ។