ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 19 Khmer Standard Version (KHSV)

1. មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង‌ត្រង់ ប្រសើរ​ជាង​មនុស្ស​ល្ងង់​និយាយ​ភូត‌ភរ។

2. ខ្វះ​ការ​ចេះ​ដឹង​មិន​ប្រសើរ​ទេ សម្រាប់​មនុស្ស ហើយ​អ្នក​ដែល​ប្រញាប់​ឈាន​ជើង​ទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ រមែង​មាន​កំហុស។

3. ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​គេ​បែរ​ជា​ខឹង​នឹង​ព្រះ‌អម្ចាស់​ទៅ​វិញ។

4. ទ្រព្យ​សម្បត្តិ​រមែង​ធ្វើ​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន រីឯ​អ្នក​ក្រ​វិញ មិត្ត‌ភក្ដិ​តែងតែ​បោះ‌បង់​ចោល។

5. សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ​ក៏​មិន​រួច​ខ្លួន​ដែរ។

6. មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បញ្ជោរ​អ្នក​ធំ ហើយ​ម្នាក់ៗ​ចូល​ចិត្ត​ចង​មិត្ត​នឹង​អ្នក​ជូន​ជំនូន។

7. មនុស្ស​ក្រីក្រ​គ្មាន​បង‌ប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។

8. អ្នក​ណា​ចេះ​គិត​ពិចារណា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង អ្នក​ណា​រក្សា​ការ​យល់​ដឹង អ្នក​នោះ​មាន​សុភមង្គល។

9. សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ ក៏​មិន​រួច​ខ្លួន​ដែរ។

10. ជីវ‌ភាព​ខ្ពង់‌ខ្ពស់​មិន​ស័ក្ដិ‌សម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បម្រើ​ក៏​មិន​សម​ត្រួត‌ត្រា​លើ​មេ​ដឹក​នាំ​ដែរ។

11. មនុស្ស​មាន​សុភ‌និច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។

12. សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។

13. កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិន‌ហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។

14. ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ព្រះ‌អម្ចាស់។

15. ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​ងោក‌ងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។

16. អ្នក​ប្រតិបត្តិ​តាម​ដំបូន្មាន​រមែង​រក្សា​ជីវិត​ខ្លួន រីឯ​អ្នក​ធ្វេស‌ប្រហែស​នឹង​មារយាទ​របស់​ខ្លួន​មុខ​ជា​ត្រូវ​វិនាស។

17. អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។

18. ចូរ​ប្រដៅ​កូន​ក្នុង​ពេល​ដែល​អ្នក​មាន​សង្ឃឹម​ថា​នឹង​អាច​កែ​វា​បាន កុំ​ខឹង​រហូត​ដល់​ធ្វើ​ឲ្យ​វា​ស្លាប់​នោះ​ឡើយ។

19. មនុស្ស​កំរោល​ឃោរ‌ឃៅ​រមែង​ទទួល​ពិន័យ បើ​មិន​ដាក់​ទោស​ជន​នោះ​ទេ អ្នក​នឹង​បណ្ដោយ​ឲ្យ​គេ​នៅ​តែ​មាន​កំរោល​ដដែល។

20. ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀន‌ប្រដៅ នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។

21. មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។

22. ចិត្ត​ស្មោះ​ត្រង់​ជា​គុណ​សម្បត្តិ​របស់​មនុស្ស ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ក្រីក្រ​ប្រសើរ​ជាង​មនុស្ស​កុហក។

23. ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។

24. មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។

25. បើ​អ្នក​វាយ​មនុស្ស​ចំអក​ឡក‌ឡឺយ អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភ្លើ​ចេះ​កែ​គំនិត។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​ឆ្លាត អ្នក​នឹង​ធ្វើ​ឲ្យ​គេ​យល់​អំពី​ចំណេះ។

26. អ្នក​ណា​ធ្វើ​បាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់​ខ្លួន អ្នក​នោះ​ជា​កូន​ដែល​នាំ​ឲ្យ​អាម៉ាស់​មុខ និង​អាប់​យស។

27. កូន​អើយ! បើ​អ្នក​លែង​ស្ដាប់​ការ​ប្រៀន‌ប្រដៅ អ្នក​មុខ​ជា​វង្វេង​ចេញ​ឆ្ងាយ​ពី​ចំណេះ​ដឹង។

28. ជន​ពាល​ធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។

29. មនុស្ស​ចំអក​ឡក‌ឡឺយ​ត្រូវ​តែ​ទទួល​ទោស រីឯ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​រំពាត់​ស៊ី​ខ្នង។