ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 18 Khmer Standard Version (KHSV)

1. អ្នក​ណា​មិន​រវី‌រវល់​នឹង​អ្នក​ដទៃ អ្នក​នោះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បដិសេធ​យោបល់​ទាំង​ប៉ុន្មាន​របស់​អ្នក​ឯ​ទៀតៗ។

2. មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។

3. ការ​អាក្រក់​មាន​នៅ​ទី​ណា ការ​ប្រមាថ​ក៏​មាន​នៅ​ទី​នោះ ហើយ​ទី​ណា​មាន​ការ​មាក់‌ងាយ ទី​នោះ​ក៏​មាន​ការ​អាម៉ាស់​មុខ​ដែរ។

4. សម្ដី​របស់​មនុស្ស​មាន​ជម្រៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង។

5. អត់‌អោន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​មនុស្ស​សុចរិត ជា​ការ​មិន​ល្អ​ទេ។

6. សម្ដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយ‌តប់​គ្នា។

7. មាត់​របស់​មនុស្ស​ខ្លៅ​រមែង​ធ្វើ​ឲ្យ​ខ្លួន​វិនាស ហើយ​ពាក្យ​សម្ដី​របស់​អ្នក​នោះ ជា​អន្ទាក់​សម្រាប់​ដាក់​ខ្លួន​ឯង។

8. ពាក្យ​សម្ដី​របស់​មនុស្ស​អុជ‌អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ក្នុង​ចិត្ត។

9. អ្នក​ធ្វេស‌ប្រហែស​ក្នុង​ការ‌ងារ និង​អ្នក​បំផ្លាញ​ការ‌ងារ ជា​បង‌ប្អូន​នឹង​គ្នា។

10. ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។

11. រីឯ​អ្នក​មាន​វិញ គេ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ជា​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ។ គេ​នឹក​ស្មាន​ថា សម្បត្តិ​នេះ​ជា​កំពែង​ការពារ​ខ្លួន​គេ​ឲ្យ​បាន​សុខ។

12. ចិត្ត​អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​សិរី‌រុងរឿង​តោង​ដាក់​ខ្លួន​ជា​មុន​សិន។

13. អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់ ហើយ​ត្រូវ​បាក់​មុខ។

14. ចិត្ត​ចង់​រស់​ជួយ​គាំទ្រ​មនុស្ស​ក្នុង​គ្រា​មាន​ជំងឺ តែ​បើ​បាត់​ទឹក​ចិត្ត​វិញ គ្មាន​អ្វី​ជួយ​បាន​ឡើយ។

15. មនុស្ស​ឈ្លាស‌វៃ​រមែង​រក​បាន​ចំណេះ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់ ដើម្បី​ស្វែង​រក​ចំណេះ។

16. ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។

17. ដើម​ចោទ​តែងតែ​យល់​ថា ក្ដី​របស់​ខ្លួន​ត្រឹម​ត្រូវ លុះ​ចុង​ចោទ​មក​ដល់ គេ​ឲ្យ​ដើម​ចោទ​នោះ​បង្ហាញ​ភស្ដុតាង។

18. ការ​ស្បថ‌ស្បែ​អាច​បញ្ឈប់​ជំលោះ ហើយ​អារ​កាត់​រឿង‌រ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។

19. ពេល​បង‌ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។

20. មនុស្ស​អាច​រក​អាហារ​បាន ដោយ‌សារ​ពាក្យ​សម្ដី ហើយ​អ្វីៗ​ដែល​គេ​និយាយ​ធ្វើ​ឲ្យ​គេ​អាច​ចិញ្ចឹម​ជីវិត​បាន។

21. ស្លាប់ ឬ​រស់ ព្រោះ​តែ​សម្ដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សម្ដី​របស់​ខ្លួន។

22. អ្នក​ណា​រក​បាន​ប្រពន្ធ ក៏​ដូច​ជា​រក​ឃើញ​សុភមង្គល ដែល​ជា​ព្រះ‌អំណោយ​ទាន​មក​ពី​ព្រះ‌អម្ចាស់ដែរ។

23. ជន​ក្រីក្រ​តែងតែ​ពោល​ពាក្យ​អង្វរ​ករ រីឯ​អ្នក​មាន​ឆ្លើយ​តប​ទាំង​គំរោះ‌គំរើយ។

24. អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្ត‌ភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ​ត្រង់​លើស​បង‌ប្អូន​បង្កើត​ទៅ​ទៀត។