ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 30 Khmer Standard Version (KHSV)

សុភាសិត​របស់​លោក​អេគើរ

1. នេះ​ជា​ពាក្យ​ទូន្មាន​របស់​លោក​អេគើរ ជា​កូន​របស់​លោក​យ៉ាកេ គឺ​សេចក្ដី​ដែល​លោក​ថ្លែង​ទៅ​កាន់​លោក​អ៊ីធាល និង​លោក​យូកាល

2. មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។

3. ខ្ញុំ​មិន​បាន​រៀន​អំពី​ប្រាជ្ញា​ទេ តែ​ខ្ញុំ​ស្គាល់​វិជ្ជា​ស្ដី​អំពី​ព្រះ​ដ៏‌វិសុទ្ធ។

4. តើ​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កម្រិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង សូម​ប្រាប់​ខ្ញុំ​ផង!

5. ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ព្រះ‌អង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក​ជ្រក​កោន​នឹង​ព្រះ‌អង្គ។

6. កុំ​យក​អ្វី​មក​បន្ថែម​ពី​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ ក្រែង​លោ​ព្រះ‌អង្គ​ស្ដី​បន្ទោស​ថា អ្នក​ជា​មនុស្ស​កុហក។

7. ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទូល​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះ‌អង្គ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ទូលបង្គំ មុន​ពេល​ទូលបង្គំ​ស្លាប់។

8. សូម​កុំ​បណ្ដោយ​ឲ្យ​ទូលបង្គំ​ចេះ​ពោល​ពាក្យ​កុហក​បោក​ប្រាស់។ សូម​កុំ​ឲ្យ​ទូលបង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។

9. ប្រសិន​បើ​ទូលបង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ក្រែង​លោ​ទូលបង្គំ​វង្វេង​ឆ្ងាយ​ពី​ព្រះ‌អង្គ ដោយ​ពោល​ថា «តើ​ព្រះ‌អម្ចាស់​ជា​នរណា?» ឬ​បើ​ទូលបង្គំ​ក្រ​ពេក ទូលបង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះ‌នាម​ព្រះ​របស់​ទូលបង្គំ។

10. កុំ​មួល​បង្កាច់​អ្នក​បម្រើ​ប្រាប់​ចៅហ្វាយ​ឡើយ ក្រែង​លោ​អ្នក​បម្រើ​នោះ​ដាក់​បណ្ដាសា​អ្នក ហើយ​អ្នក​ត្រូវ​ទទួល​ទោស។

11. ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។

12. ជន​ប្រភេទ​ខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជម្រះ​អំពើ​សៅហ្មង​ចេញ​ពី​ខ្លួន​ឡើយ។

13. ជន​ប្រភេទ​ខ្លះ​វាយ‌ឫក​ខ្ពស់ ហើយ​មើល‌ងាយ​អ្នក​ដទៃ។

14. ជន​ប្រភេទ​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ទុគ៌ត​ឲ្យ​វិនាស​សូន្យ​ពី​ផែនដី ហើយ​លុប​បំបាត់​មនុស្ស​ក្រីក្រ​ឲ្យ​អស់​ពី​ចំណោម​មនុស្ស​លោក។

15. ឈ្លើង​មាន​កូន​ពីរ​ដែល​មាន​ឈ្មោះ​ថា «សុំ!» «សុំ!»។ មាន​ការ​បី​បួន​យ៉ាង​ដែល​មិន​ចេះ​ស្កប់ និង​មិន​ចេះ​ឆ្អែត‌ឆ្អន់

16. គឺ​ស្ថាន​មច្ចុរាជ ស្ត្រី​អារ ដី​ហួត‌ហែង និង​ភ្លើង​ដែល​ឆេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។

17. អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។

18. មាន​រឿង​បី​បួន​យ៉ាង ហួស​ពី​សមត្ថ‌ភាព​ដែល​ខ្ញុំ​អាច​យល់​បាន

19. គឺ​ផ្លូវ​ដែល​ត្មាត​ហើរ​លើ​មេឃ ផ្លូវ​ដែល​សត្វ​ពស់​លូន​លើ​ថ្ម ផ្លូវ​សំពៅ​នៅ​កណ្ដាល​សមុទ្រ និង​ផ្លូវ​ដែល​នាំ​ឲ្យ​បុរស​ទៅ​រក​ស្រី​ក្រមុំ។

20. ស្ត្រី​ផិត​ក្បត់ តែងតែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ រួច​ជូត​មាត់ ទាំង​ពោល​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ។

21. មាន​រឿង​បី​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ក្រឡាប់​ផែនដី ព្រោះ​ផែនដី​ទ្រាំ​ពុំ​បាន

22. គឺ​មនុស្ស​ខ្ញុំ​គេ​ឡើង​សោយ​រាជ្យ មនុស្ស​ខ្លៅ​មាន​អាហារ​បរិបូណ៌

23. ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បម្រើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។

24. មាន​សត្វ​បួន​យ៉ាង ដែល​តូច​ជាង​គេ​នៅ​លើ​ផែនដី តែ​ជា​សត្វ​មាន​ប្រាជ្ញា​វាង‌វៃ គឺ:

25. ស្រមោច​ជា​សត្វ​ដែល​គ្មាន​កម្លាំង តែ​ចេះ​ប្រមូល​អាហារ​គរ​ទុក​នៅ​រដូវ​ក្ដៅ។

26. ទន្សាយ​ជា​សត្វ​ខ្សោយ តែ​ចេះ​ធ្វើ​រូង​នៅ​ក្រោម​ផ្ទាំង​ថ្ម។

27. កណ្ដូប​ជា​សត្វ​គ្មាន​ស្ដេច តែ​ចេះ​លើក​គ្នា​ជា​ក្រុម​ជា​ពួក ដូច​កង‌ទ័ព​ដ៏​មាន​របៀប​រៀប​រយ។

28. ជីង‌ចក់​ជា​សត្វ​ដែល​គេ​អាច​ចាប់​បាន​នឹង​ដៃ តែ​ចេះ​ជ្រៀត​ចូល​ទៅ​នៅ​ក្នុង​វាំង​របស់​ស្ដេច។

29. មាន​សត្វ​លោក​បី​បួន​ប្រភេទ ដែល​មាន​ដំណើរ​យ៉ាង​សង្ហា គួរ​ឲ្យ​គយ‌គន់ គឺ:

30. សិង្ហ​ជា​សត្វ​ដ៏​អង់‌អាច ដែល​មិន​ចេះ​រា​ថយ​នៅ​មុខ​អ្វី​សោះ​ឡើយ

31. មាន់​ជល់​ដែល​អួត​ដាក់​គ្នា ពពែ​ឈ្មោល និង​ស្ដេច​ដែល​យាត្រា​នៅ​មុខ​កង‌ទ័ព។

32. បើ​អ្នក​ភ្ញាក់​ស្មារតី​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់ ចង់​លើក​ខ្លួន ចូរ​ទប់​មាត់​តាំង​ពី​ពេល​នេះ​ទៅ។

33. បើ​អ្នក​ចំរាញ់​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង នឹង​បង្ក​ជំលោះ។