ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 39 Khmer Standard Version (KHSV)

សម្លៀក‌បំពាក់​សក្ការៈ

1. គេ​បាន​យក​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ធ្វើ​សម្លៀក‌បំពាក់​ពិធី​បុណ្យ សម្រាប់​ការ‌ងារ​ក្នុង​ទី‌សក្ការៈ។ គេ​ក៏​បាន​ធ្វើ​សម្លៀក‌បំពាក់​សក្ការៈ​របស់​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

2. គេ​បាន​ធ្វើ​អាវ​អេផូដ​ដោយ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។

3. គេ​បាន​ដំ​មាស​ជា​បន្ទះ​យ៉ាង​ស្ដើង ហើយ​កាត់​ជា​សរសៃ​យ៉ាង​ឆ្មារ យក​ទៅ​ប៉ាក់​លំអ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ក្រហម​ទុំ និង​អំបោះ​ធ្មៃ។

4. គេ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ*។

5. រីឯ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ គេ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។ គេ​ដេរ​ខ្សែ​ក្រវាត់​នេះ​ជាប់​នឹង​អាវ​អេផូដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

6. គេ​ធ្វើ​ក្រ​ចាប់​មាស​បង្កប់​ត្បូង​មណី‌ជោតិរស ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រា‌អែល​នៅ​លើ​នោះ តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា។

7. គេ​ដាំ​ត្បូង​ទាំង​នោះ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់​នឹក​ដល់​កូន​របស់​អ៊ីស្រា‌អែល ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

8. គេ​បាន​ធ្វើ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ តាម​របៀប​ដូច​គេ​ធ្វើ​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។

9. ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​មាន​ពីរ​ស្រទាប់ និង​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ចង្អាម។

10. ប្រដាប់​ពាក់​លើ​ទ្រូង​មាន​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុត‌លឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។

11. ជួរ​ទី​ពីរ ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។

12. ជួរ​ទី​បី ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និល‌រ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូ‌រ័ត្ន​មួយ​គ្រាប់

13. ជួរ​ទី​បួន ត្បូង​ដៃ‌រគៀម​មួយ​គ្រាប់ ត្បូង​កែវ‌យក់​មួយ​គ្រាប់ និង​ត្បូង​មណី‌ជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ដាំ​បង្កប់​ទៅ​ក្នុង​ក្រ​ចាប់​ធ្វើ​អំពី​មាស។

14. ត្បូង​ទាំង​នេះ​ជា​តំណាង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​មាន​ទាំង​អស់​ដប់‌ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​មាន​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។

15. គេ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ដូច​ខ្សែ‌ពួរ សម្រាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។

16. គេ​ធ្វើ​ក្រ​ចាប់​មាស​ពីរ និង​កង​មាស​ពីរ ហើយ​គេ​ភ្ជាប់​កង​មាស​ទាំង​ពីរ​នេះ​ទៅ​នឹង​មុម​ខាង​លើ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។

17. គេ​ថ្ពក់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង

18. រួច​ភ្ជាប់​ចុង​ម្ខាង​ទៀត​ទៅ​នឹង​ក្រ​ចាប់​មាស​ទាំង​ពីរ ដែល​ស្ថិត​នៅ​លើ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​មុខ។

19. គេ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​នឹង​មុម​ខាង​ក្រោម​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង គឺ​មុម​ដែល​ប៉ះ​នឹង​អាវ​អេផូដ។

20. គេ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​ចុង​ខាង​ក្រោម​នៃ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ត្រង់​កន្លែង​ដែល​ខ្សែ​ព្រយុង និង​អាវ​អេផូដ​ដេរ​ជាប់​គ្នា ហើយ​នៅ​ពី​លើ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ។

21. គេ​យក​ខ្សែ​ពណ៌​ស្វាយ​ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​ឲ្យ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​ឲ្យ​របូត​ចេញ​ពី​អាវ​អេផូដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

22. គេ​ធ្វើ​អាវ​វែង​មួយ​សម្រាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ​អំពី​ក្រណាត់ ដែល​ត្បាញ​ដោយ​អំបោះ​ពណ៌​ស្វាយ​ទាំង​អស់។

23. នៅ​ផ្នែក​ខាង​លើ​របស់​អាវ​វែង​នោះ គេ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​ដូច​អាវ​ស្បែក។ គេ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​ឆាប់​រហែក គឺ​ដេរ​តាម​របៀប​ដេរ​ជាយ​អាវ​ស្បែក។

24. នៅ​តាម​ជាយ​អាវ​ខាង​ក្រោម គេ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដោយ​ប្រើ​អំបោះ​ធ្មៃ។

25. គេ​ក៏​ធ្វើ​កូន​កណ្ដឹង​ជា​ច្រើន​ពី​មាស​សុទ្ធ ហើយ​ដាក់​កូន​កណ្ដឹង​នោះ​នៅ​ចន្លោះ​រូប​ផ្លែ​ទទឹម​ជុំ‌វិញ​ជាយ​អាវ​វែង។

26. គេ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ ឆ្លាស់​គ្នា​ជុំ‌វិញ​ជាយ​អាវ​វែង សម្រាប់​ពាក់​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

27. គេ​បាន​ត្បាញ​អាវ​ក្នុង​ពី​អំបោះ​ធ្មៃ សម្រាប់​លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក។

28. គេ​ក៏​បាន​ធ្វើ​ឆ្នួត​ក្បាល​ពី​អំបោះ​ធ្មៃ និង​សញ្ញា​បញ្ជាក់​ពី​ភាព​ថ្លៃ‌ថ្នូរ​របស់​បូជា‌ចារ្យ ព្រម​ទាំង​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ

29. ខ្សែ​ក្រវាត់​ប៉ាក់​ធ្វើ​ពី​អំបោះ​ធ្មៃ លាយ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

30. គេ​បាន​ធ្វើ​គ្រឿង​អលង្ការ​ពី​មាស​សុទ្ធ មាន​រាង​ដូច​ផ្កា គឺ​ក្បាំង​សក្ការៈ ហើយ​គេ​ឆ្លាក់​អក្សរ​នៅ​លើ​នោះ ដូច​គេ​ឆ្លាក់​ត្រា​ថា «បូជា​ថ្វាយ​ព្រះ‌អម្ចាស់»។

31. គេ​ភ្ជាប់​គ្រឿង​អលង្ការ​នោះ​ទៅ​ផ្នែក​ខាង​លើ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ ដូច​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។

ការ​បញ្ចប់​សំណង់​ព្រះ‌ពន្លា

32. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​សង់​ព្រះ‌ពន្លា គឺ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ចប់​សព្វ​គ្រប់។ ពួក​គេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

33. គេ​នាំ​យក​ព្រះ‌ពន្លា​មក​ជូន​លោក​ម៉ូសេ គឺ​ក្រណាត់​ពន្លា និង​សម្ភារៈ​ទាំង​ប៉ុន្មាន​សម្រាប់​ដំឡើង​ពន្លា មាន​ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ

34. ស្បែក​ពពែ​ឈ្មោល​លាប​ពណ៌​ក្រហម និង​ស្បែក​ផ្សោត សម្រាប់​គ្រប​ពី​លើ​ក្រណាត់​ពន្លា និង​វាំងនន​ជា​រនាំង​របស់​ទី‌សក្ការៈ

35. ហិប​នៃ​សន្ធិ‌សញ្ញា ព្រម​ទាំង​ឈើ​ស្នែង និង​គម្រប​របស់​ហិប​នោះ។

36. តុ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​នំប៉័ង​សម្រាប់​តម្កល់​ថ្វាយ​ព្រះ‌ជាម្ចាស់។

37. ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ជា​មួយ​ចង្កៀង និង​ប្រេង​សម្រាប់​ដុត​បំភ្លឺ

38. អាសនៈ​មាស ប្រេង សម្រាប់​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប និង​រនាំង​ទ្វារ​ពន្លា។

39. អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ អាង​សម្រាប់​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង

40. រនាំង​របស់​ទី‌លាន ព្រម​ទាំង​បង្គោល ជើង​ទ្រ​វាំងនន​របស់​ទ្វារ​ចូល​ទី‌លាន ខ្សែ ចម្រឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា គឺ​ពន្លា​ជួប​ព្រះ‌អម្ចាស់

41. សម្លៀក‌បំពាក់​ពិធី​បុណ្យ​ដែល​សម្រាប់​ប្រើ​ក្នុង​ទី‌សក្ការៈ សម្លៀក‌បំពាក់​សក្ការៈ​របស់​មហា​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​របស់​លោក ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។

42. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

43. ម៉ូសេ​បាន​ត្រួត​ពិនិត្យ​មើល​ការ‌ងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូច​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក​លោក​មែន លោក​ក៏​ឲ្យ​ពរ​ពួក​គេ។