ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 36 Khmer Standard Version (KHSV)

1. លោក​បេតសា‌លាល លោក​អូហី‌លីអាប់ ព្រម​ទាំង​សិប្ប‌ករ​ឯ​ទៀតៗ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​ទី‌សក្ការៈ​នាំ​គ្នា​ធ្វើ​ការ‌ងារ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។

2. លោក​ម៉ូសេ​បាន​អញ្ជើញ​លោក​បេតសា‌លាល លោក​អូហូ‌លីអាប់ និង​អ្នក​ជំនាញ​ទាំង​អស់​ដែល​ព្រះ‌អម្ចាស់​ប្រទាន​តម្រិះ​ប្រាជ្ញា និង​ការ​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ការ។

3. លោក​ម៉ូសេ​បាន​យក​តង្វាយ​ទាំង​អស់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទី‌សក្ការៈ។ រៀង​រាល់​ព្រឹក ប្រជា‌ជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។

4. ដូច្នេះ ពួក​សិប្ប‌ករ​ទាំង​អស់ ដែល​បំពេញ​ការ‌ងារ​សង់​ទី‌សក្ការៈ ទុក​ចោល​ការ‌ងារ​របស់​ខ្លួន

5. ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។

6. លោក​ម៉ូសេ​បាន​បញ្ជា​ឲ្យ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី កុំ​ឲ្យ​នាំ​យក​តង្វាយ​សម្រាប់​សង់​ទី‌សក្ការៈ​មក​ទៀត​ឡើយ

7. ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សម្រាប់​ការ‌ងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។

ការ​សង់​ព្រះ‌ពន្លា

8. សិប្ប‌ករ​ទាំង​អស់​ដែល​មាន​នាទី​សាង​សង់ បាន​នាំ​គ្នា​សង់​ព្រះ‌ពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ​ពណ៌​ក្រហម និង​ក្រហម​ទុំ ដែល​មាន​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន។

9. ផ្ទាំង​ក្រណាត់​ទាំង​អស់​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។

10. គេ​បាន​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត ក៏​ដេរ​ជាប់​គ្នា​ដែរ។

11. គេ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។

12. គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហា‌សិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង​ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ នៅ​ទន្ទឹម​គ្នា។

13. គេ​ធ្វើ​ទំពក់​មាស​ចំនួន​ហា‌សិប សម្រាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះ‌ពន្លា។

14. គេ​បាន​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​ពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ព្រះ‌ពន្លា។

15. ក្រណាត់​ដប់​មួយ​ផ្ទាំង​នេះ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាម‌សិប​ហត្ថ ទទឹង​បួន​ហត្ថ។

16. គេ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត​មក​ដេរ​ភ្ជាប់​គ្នា​ដែរ។

17. គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហា‌សិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។

18. គេ​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហា‌សិប សម្រាប់​ភ្ជាប់​ក្រណាត់​ជា​មួយ​គ្នា​ឲ្យ​ទៅ​ជា​មួយ​ផ្ទាំង។

19. គេ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ​ថែម​ទៀត។

20. គេ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ស៊ុម សម្រាប់​បញ្ឈរ​ទ្រ​ក្រណាត់​ព្រះ‌ពន្លា​នោះ

21. ស៊ុម​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។

22. នៅ​លើ​ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។

23. គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ សម្រាប់​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា។

24. គេ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។

25. នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ

26. និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​មួយ។

27. នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​ប៉ែក​ខាង​លិច គេ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។

28. គេ​ធ្វើ​ស៊ុម​ពីរ​ទៀត សម្រាប់​ជ្រុង​ខាង​ក្រោយ​ព្រះ‌ពន្លា។

29. ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ​នេះ មាន​ទ្រង់‌ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយ‌សារ​កង​មួយ។

30. ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សម្រាប់​ស៊ុម​នីមួយៗ។

31. គេ​យក​ឈើ​នាង‌នួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សម្រាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះ‌ពន្លា

32. ឈើ​ទទឹង​ប្រាំ​សម្រាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះ‌ពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត សម្រាប់​ប៉ែក​ខាង​លិច​នៃ​ព្រះ‌ពន្លា។

33. គេ​ក៏​បាន​ធ្វើ​ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ដើម្បី​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះ‌ពន្លា។

34. គេ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សម្រាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ស្រោប​មាស​ដែរ។

35. គេ​ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ ដោយ​រូប​ចេរូប៊ីន។

36. គេ​បាន​ធ្វើ​បង្គោល​បួន​ពី​ឈើ​នាង‌នួន ស្រោប​មាស សម្រាប់​ថ្ពក់​វាំងនន រីឯ​ទំពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សម្រាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។

37. រីឯ​ទ្វារ​ចូល​ព្រះ‌ពន្លា គេ​បាន​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​មាន​ប៉ាក់​ក្បាច់​លំអ​ដែរ។

38. គេ​បាន​យក​ឈើ​នាង‌នួន​មក​ធ្វើ​សសរ​ប្រាំ​ដើម ព្រម​ទាំង​ធ្វើ​ទំពក់​សម្រាប់​ថ្ពក់​វាំងនន​នោះ​ផង។ ក្បាល​សសរ និង​មេ‌រូត​ស្រោប​ដោយ​មាស។ គេ​ក៏​ធ្វើ​ជើង​ទ្រ​សសរ​ប្រាំ​អំពី​លង្ហិន​ដែរ។