ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 35 Khmer Standard Version (KHSV)

វិន័យ​ស្ដី​អំពី​ថ្ងៃ​សប្ប័ទ

1. លោក​ម៉ូសេ​បាន​ប្រមូល​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា ហើយ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម:

2. ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​សប្ប័ទ ដែល​ជា​ថ្ងៃ​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។

3. នៅ​ថ្ងៃ​សប្ប័ទ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្ដី ក៏​មិន​ត្រូវ​បង្កាត់​ភ្លើង​ដែរ»។

ការ​សង់​ព្រះ‌ពន្លា

តង្វាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

4. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម:

5. ត្រូវ​ញែក​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន មួយ​ចំណែក ថ្វាយ​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា ត្រូវ​នាំ​យក​តង្វាយ​ដែល​ខ្លួន​ញែក​ទុក​នេះ មក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មាន មាស ប្រាក់ លង្ហិន

6. សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ

7. ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន

8. ប្រេង​សម្រាប់​ដុត​ចង្កៀង គ្រឿង​ក្រអូប​សម្រាប់​លាយ​ប្រេង ដែល​ប្រើ​ក្នុង​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត

9. ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ សម្រាប់​លំអ​អាវ​អេផូដ* និង​ប្រដាប់​ពាក់​លើ​ទ្រូង។

10. ត្រូវ​ឲ្យ​ពួក​ជាង​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មក​ធ្វើ​កិច្ចការ​ទាំង​អស់​ដែលព្រះ‌អម្ចាស់បង្គាប់​ឲ្យ​ធ្វើ

11. គឺ​សង់​ព្រះ‌ពន្លា ដែល​មាន​រោង​ក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ

12. ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ឈើ​ស្នែង គម្រប​វាំងនន សម្រាប់​ខណ្ឌ​ទី‌សក្ការៈ

13. តុ​សម្រាប់​តម្កល់​នំប៉័ង ព្រម​ទាំង​ឈើ​ស្នែង គ្រឿង​បរិក្ខារ​ទាំង​អស់ និង​នំប៉័ង​ដែល​ត្រូវ​តម្កល់​ថ្វាយ​ព្រះ‌ជាម្ចាស់

14. ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ ព្រម​ទាំង​ចង្កៀង និង​ប្រេង​សម្រាប់​ដុត

15. អាសនៈ​សម្រាប់​គ្រឿង​ក្រអូប ព្រម​ទាំង​ឈើ​ស្នែង ប្រេង​សម្រាប់​ពិធី​លាប ប្រេង គ្រឿង​ក្រអូប​សម្រាប់​ដុត និង​វាំងនន​សម្រាប់​ទ្វារ​ចូល​ព្រះ‌ពន្លា។

16. អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ ព្រម​ទាំង​អាង​ទឹក និង​កំណល់

17. រនាំង​ទី‌លាន ព្រម​ទាំង​បង្គោល ជើង​ទ្រ និង​វាំងនន​របស់​ទ្វារ​ទី‌លាន

18. ចម្រឹង​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន ព្រម​ទាំង​ខ្សែ​ចង​ពន្លា

19. សម្លៀក‌បំពាក់​ពិធី​បុណ្យ​សម្រាប់​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ គឺ​សម្លៀក‌បំពាក់​សក្ការៈ​របស់​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​គាត់ ដែល​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ»។

20. សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​លោក​ម៉ូសេ​ទៅ។

21. អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ចិត្ត​ទូ‌លាយ បាន​នាំ​យក​តង្វាយ​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​សង់​ពន្លា​ជួប​ព្រះ‌អង្គ និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ពន្លា ព្រម​ទាំង​សម្លៀក‌បំពាក់​សក្ការៈ។

22. អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស​មក ហើយ​ពួក​គេ​ថ្វាយ​គ្រឿង​អំពី​មាស​ទាំង​នោះ​ទៅ​ព្រះ‌អម្ចាស់។

23. អស់​អ្នក​ដែល​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។

24. អស់​អ្នក​ដែល​មាន​ប្រាក់ និង​លង្ហិន បាន​នាំ​យក​តង្វាយ​ដែល​គេ​ញែក​ទុក​នោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មាន​ឈើ​នាង‌នួន បាន​នាំ​យក​ឈើ​នោះ​មក ដើម្បី​ធ្វើ​វត្ថុ​ផ្សេងៗ​ថ្វាយ​ព្រះ‌អម្ចាស់។

25. ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ប៉ិន‌ប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​ត្បាញ​មក​ថ្វាយ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស‌ឯក​សុទ្ធ។

26. ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ប៉ិន‌ប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ថ្វាយ​ផង​ដែរ។

27. ពួក​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​យក​ត្បូង​មណី‌ជោតិរស និង​ត្បូង​ឯ​ទៀតៗ​សម្រាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង

28. ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង ដើម្បី​ផលិត​ប្រេង​សម្រាប់​ដុត ប្រេង​សម្រាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។

29. ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។

30. លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​លោក​បេតសា‌លាល ជា​កូន​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា

31. ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ

32. គឺ​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន

33. ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការ‌ងារ​សិប្ប‌កម្ម​គ្រប់​មុខ។

34. ព្រះ‌អង្គ​ប្រទាន​ឲ្យ​គាត់ ព្រម​ទាំង​លោក​អូហូ‌លីអាប់ ជា​កូន​របស់​លោក​អហ៊ី‌សាម៉ាក​ពី​កុល‌សម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការ‌ងារ​សិប្ប‌កម្ម​នេះ​ដល់​អ្នក​ដទៃ​ទៀត។

35. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ពួក​គេ​ប៉ិន‌ប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រ‌ករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេស‌ឯក​សុទ្ធ។ ពួក​គេ​សុទ្ធ‌សឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការ‌ងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គម្រោង»។