ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 38 Khmer Standard Version (KHSV)

អាសនៈ​ថ្វាយ​យញ្ញ‌បូជា និង​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ

1. លោក​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាង‌នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។

2. លោក​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។

3. លោក​ក៏​បាន​ធ្វើ​គ្រឿង​សម្រាប់​ប្រើ‌ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។

4. លោក​ធ្វើ​ប្រទាស​លង្ហិន​មួយ ដាក់​នៅ​ចំ​ពាក់​កណ្ដាល​កំពស់​របស់​អាសនៈ។

5. លោក​សិត​ធ្វើ​កង​បួន ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន​របស់​ប្រទាស សម្រាប់​ស៊ក​ឈើ​ស្នែង។

6. លោក​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ដោយ​ស្រោប​លង្ហិន​ផង។

7. លោក​ស៊ក​ឈើ​ស្នែង​សម្រាប់​សែង​នោះ​ទៅ​ក្នុង​កង ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ។ អាសនៈ​នេះ​ធ្វើ​អំពី​ក្ដារ ហើយ​មាន​ប្រហោង​ក្នុង។

8. លោក​ធ្វើ​អាង​អំពី​លង្ហិន និង​កំណល់​អាង​នោះ​ពី​លង្ហិន ដោយ​ប្រើ​កញ្ចក់​របស់​ក្រុម​ស្ត្រី​ដែល​ជួប‌ជុំ​គ្នា នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

ទី‌លាន

9. លោក​ធ្វើ​ទី‌លាន ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។

10. រនាំង​នោះ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត​ធ្វើ​ពី​ប្រាក់។

11. នៅ​ប៉ែក​ខាង​ជើង រនាំង​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត​ធ្វើ​ពី​ប្រាក់។

12. នៅ​ប៉ែក​ខាង​លិច រនាំង​មាន​ប្រវែង​ហា‌សិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់ រីឯ​ទំពក់ និង​មេ‌រូត​ធ្វើ​ពី​ប្រាក់។

13. នៅ​ប៉ែក​ខាង​កើត រនាំង​មាន​ប្រវែង​ហា‌សិប​ហត្ថ។

14. នៅ​ច្រក​ចូល​រនាំង​ម្ខាង មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។

15. ច្រក​ចូល​រនាំង​ម្ខាង​ទៀត ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ចូល​មុន មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។

16. រនាំង​ទាំង​អស់​របស់​ទី‌លាន​ធ្វើ​ពី​អំបោះ​ធ្មៃ។

17. ជើង​ទ្រ​របស់​បង្គោល​ធ្វើ​អំពី​លង្ហិន ទំពក់ និង​មេ‌រូត​របស់​បង្គោល​ធ្វើ​ពី​ប្រាក់ រីឯ​ក្បាល​បង្គោល​មាន​ស្រោប​ប្រាក់។ បង្គោល​ទាំង​អស់​របស់​ទី‌លាន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មេ‌រូត​ធ្វើ​ពី​ប្រាក់។

18. វាំងនន​របស់​ច្រក​ចូល​ទី‌លាន ប៉ាក់​លំអ​ដោយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ លាយ​នឹង​អំបោះ​ធ្មៃ ហើយ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​កំពស់​ប្រាំ​ហត្ថ​ដូច​ទទឹង​របស់​រនាំង​ទី‌លាន​ដែរ។

19. បង្គោល​ទាំង​បួន​របស់​វាំងនន និង​ជើង​ទ្រ​ទាំង​បួន ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាល​បង្គោល​ក៏​មាន​ស្រោប​ប្រាក់​ដែរ។

20. ចម្រឹង​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

សម្ភារៈ​ដែល​ប្រើ‌ប្រាស់​សម្រាប់​សង់​ព្រះ‌ពន្លា

21. ពួក​លេវី​បាន​កត់‌ត្រា​ទុក តាម​បញ្ជា​របស់​លោក​ម៉ូសេ នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើ‌ប្រាស់​ក្នុង​ការ​សង់​ព្រះ‌ពន្លា គឺ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ​ក្រោម​ការ​ណែ‌នាំ​របស់​លោក​អ៊ីថា‌ម៉ា ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។

22. លោក​បេតសា‌លាល​ដែល​ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​លោក​ហ៊ើរ នៃ​កុល‌សម្ព័ន្ធ​យូដា បាន​ធ្វើ​គ្រប់​កិច្ចការ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

23. លោក​អូហូ‌លីអាប់ ជា​កូន​លោក​អហ៊ី‌សាម៉ាក់ នៃ​កុល‌សម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​លោក​ដែរ គឺ​លោក​អូហូ‌លីអាប់​ជា​ជាង​ចម្លាក់ ជា​វិចិត្រ‌ករ ព្រម​ទាំង​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពី​អំបោះ​ធ្មៃ។

24. មាស​ដែល​ជា​តង្វាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សម្រាប់​ប្រើ​ក្នុង​ការ​សង់​ទី‌សក្ការៈ មាន​ទម្ងន់​ទាំង​អស់ ១ ០០២ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ។

25. រីឯ​ប្រាក់​ទទួល​ពី​អស់​អ្នក​ដែល​គេ​បាន​ជំរឿន​ក្នុង​ចំណោម​សហគមន៍ មាន​ទាំង​អស់ ៣ ៤៤៧ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ។

26. ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន ៦០៣ ៥៥០​នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។ ម្នាក់ៗ​ថ្វាយ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ។

27. គេ​ប្រើ​សាច់​ប្រាក់ ៣ ៤២៧ គីឡូ​ក្រាម សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល​ព្រះ‌ពន្លា និង​ជើង​ទ្រ​បង្គោល​វាំងនន​ខាង​ក្នុង។ ជើង​ទ្រ​ទាំង​អស់​មាន​មួយ​រយ គឺ​ជើង​ទ្រ​នីមួយៗ​ទម្ងន់​ជាង ៣៤ គីឡូ​ក្រាម។

28. រីឯ​សាច់​ប្រាក់ ២០ គីឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​ទំពក់ និង​មេ‌រូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។

29. លង្ហិន​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​មាន​ទម្ងន់ ២ ៤២៦ គីឡូ​ក្រាម។

30. គេ​យក​លង្ហិន​នេះ​ទៅ​ប្រើ​សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល រនាំង​របស់​ច្រក​ចូល​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​ធ្វើ​អាសនៈ​លង្ហិន ប្រទាស​លង្ហិន និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។

31. រីឯ​ជើង​ទ្រ​រនាំង​ដែល​នៅ​ជុំ‌វិញ​ទី‌លាន ជើង​ទ្រ​របស់​ទ្វារ​ចូល​ទី‌លាន ចម្រឹង​ដែល​គេ​បោះ​ជុំ‌វិញ​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​ទី‌លាន ក៏​ធ្វើ​ពី​លង្ហិន​នេះ​ដែរ។