ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 12 Khmer Standard Version (KHSV)

បុណ្យ​ចម្លង

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ស្រុក​អេស៊ីប​ថា៖

2. «អ្នក​រាល់​គ្នា​ត្រូវ​រាប់​ខែ​នេះ ជា​ខែ​ដំបូង គឺ​ខែ​ដើម​ឆ្នាំ​របស់​អ្នក​រាល់​គ្នា។

3. ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សម្រាប់​គ្រួសារ​នីមួយៗ ឬ​ផ្ទះ​នីមួយៗ

4. បើ​គ្រួសារ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិភោគ​កូន​ចៀម​ទាំង​មូល​អស់ ត្រូវ​ឲ្យ​គេ​ចូល​រួម​ជា​មួយ​គ្រួសារ​ជិត​ខាង តាម​ចំនួន​មនុស្ស​ដែល​គេ​មាន រួច​ទើប​ជ្រើស‌រើស​សត្វ​មួយ​ដែល​អាច​បរិភោគ​អស់។

5. ត្រូវ​ឲ្យ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។

6. អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​អារ-ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។

7. ត្រូវ​យក​ឈាម​សត្វ​ដែល​គេ​បាន​សម្លាប់​នោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​នៅ​ខាង​លើ​ទ្វារ​ផ្ទះ​ដែល​គេ​បរិភោគ​សាច់។

8. នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។

9. មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។

10. មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។

11. នៅ​ពេល​បរិភោគ ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង ដូច​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស។ នេះ​ជា​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ព្រះ‌អម្ចាស់”។

12. នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​របស់​ជន‌ជាតិ​អេស៊ីប។

13. ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។

14. អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ថ្ងៃ​បុណ្យ​រំឭក​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

ពិធី​បុណ្យ​នំប៉័ង​ឥត​មេ

15. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ។ ចាប់​ពី​ថ្ងៃ​ទី​មួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​មេ​នំប៉័ង​ចេញ​ឲ្យ​អស់​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា។ អ្នក​ណា​បរិភោគ​នំប៉័ង​មាន​មេ ចាប់​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ‌ពីរ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

16. នៅ​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រមូល​ផ្ដុំ​គ្នា​ជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ*។ ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​អាច​ធ្វើ​បាន​តែ​ម្ហូប​អាហារ សម្រាប់​បរិភោគ​ប៉ុណ្ណោះ។

17. អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​រាល់​គ្នា​ត្រូវ​តែ​គោរព​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

18. នៅ​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់‌បួន​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំប៉័ង​ឥត​មេ។

19. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំប៉័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំប៉័ង​មាន​មេ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្ដី។

20. ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំប៉័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំប៉័ង​ឥត​មេ​ប៉ុណ្ណោះ»។

ការ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង*

21. លោក​ម៉ូសេ​បាន​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​យក​កូន​ចៀម ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​ចម្លង​សម្រាប់​ក្រុម​គ្រួសារ​របស់​អស់​លោក។

22. ចូរ​យក​មែក​ហ៊ីសុប*​ចង​ជា​កញ្ចុំ រួច​ជ្រលក់​ក្នុង​ផើង​ដែល​ដាក់​ឈាម ហើយ​យក​ឈាម​នោះ​ទៅ​លាប​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ព្រឹក។

23. ពេល​ព្រះ‌អម្ចាស់​យាង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន‌ជាតិ​អេស៊ីប ហើយ​ទត​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ​នោះ ព្រះ‌អង្គ​នឹង​យាង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។

24. អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​ច្បាប់​នេះ រហូត​ត​ទៅ។

25. នៅ​ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​សន្យា អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​ពិធី​បុណ្យ​នេះ។

26. បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច

27. ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ព្រះ‌អង្គ​ប្រហារ​ជន‌ជាតិ​អេស៊ីប តែ​ព្រះ‌អង្គ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

28. ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

គ្រោះ​កាច​ចុង​ក្រោយ: ការ​ប្រហារ​កូន​ច្បង​របស់​ជន‌ជាតិ​អេស៊ីប

29. នៅ​កណ្ដាល​អធ្រាត្រ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ព្រះចៅ​ផារ៉ោន ដែល​គ្រង​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។

30. នៅ​យប់​នោះ ព្រះចៅ​ផារ៉ោន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន‌ជាតិ​អេស៊ីប​ទាំង​អស់ ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សម្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។

31. ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ចូរ​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​យើង​ជា​ប្រញាប់​ទៅ! ចូរ​នាំ​គ្នា​ទៅ​បម្រើ​ព្រះ‌អម្ចាស់ ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ!

32. ចូរ​នាំ​ហ្វូង​ចៀម និង​ហ្វូង​គោ​ទៅ​ជា​មួយ តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ចុះ! បន្ទាប់​មក ចូរ​ឲ្យ​ពរ​យើង​ផង!»។

33. ដោយ​ជន‌ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។

34. ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ម្សៅ​ដែល​មិន​ទាន់​ដោរ និង​យក​ផើង​សម្រាប់​លាយ​ម្សៅ​រុំ​នឹង​អាវ​ធំ ហើយ​លី​ចេញ​ទៅ។

35. ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក‌បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។

36. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប អនុ‌គ្រោះ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន‌ជាតិ​អេស៊ីប។

ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប

37. ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។

38. មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។

39. ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំប៉័ង​ឥត​មេ ដ្បិត​ជន‌ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក​យ៉ាង​តក់‌ក្រហល់ គ្មាន​ពេល​នឹង​រៀបចំ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។

40. ជន‌ជាតិ​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ។

41. លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

42. នៅ​យប់​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់​ដំណ​ត​រៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណ​ព្រះ‌អម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។

ច្បាប់​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង

43. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ក្បួន​តម្រា​សម្រាប់​ពិធី​បុណ្យ​ចម្លង*​មាន​ដូច​ត​ទៅ: ជន​បរទេស​គ្មាន​សិទ្ធិ​ចូល​រួម​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​ចម្លង​ទេ។

44. ទាសករ​ដែល​អ្នក​រាល់​គ្នា​ទិញ​មក អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ជា​មុន​សិន។

45. សាសន៍​ដទៃ​ដែល​មក​រស់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​ស៊ី​ឈ្នួល​អ្នក​រាល់​គ្នា ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​នេះ​ដែរ។

46. ត្រូវ​បរិភោគ​នៅ​ក្នុង​ផ្ទះ គឺ​មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​សត្វ​ឡើយ។

47. សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។

48. ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ នោះ​ត្រូវ​ឲ្យ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​កាត់​ស្បែក​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​កាត់​ស្បែក​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​ជា​ដាច់​ខាត។

49. មាន​ក្រឹត្យ‌វិន័យ​តែ​មួយ​សម្រាប់​ម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា»។

50. ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

51. នៅ​ថ្ងៃ​កំណត់​នោះ ព្រះ‌អម្ចាស់​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។