ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 31 Khmer Standard Version (KHSV)

អ្នក​បម្រើ​ក្នុង​ទី‌សក្ការៈ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «យើង​បាន​ជ្រើស‌រើស​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា។

3. យើង​បាន​ធ្វើ​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ

4. គឺ​គាត់​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន

5. ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការ‌ងារ​គ្រប់​មុខ។

6. យើង​ក៏​បាន​តែង‌តាំង​អូហូ‌លីអាប់ ជា​កូន​របស់​អហ៊ី‌សាម៉ាក ពី​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ជួយ​គាត់​ដែរ។ យើង​ឲ្យ​សិប្បករ​ឯ​ទៀតៗ​មាន​ប្រាជ្ញា ដើម្បី​បំពេញ​ការ‌ងារ​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​ធ្វើ

7. គឺ​ធ្វើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គម្រប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​នៅ​ក្នុង​ពន្លា

8. តុ និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ និង​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​ជើង​ចង្កៀង អាសនៈ​ដុត​គ្រឿង​ក្រអូប

9. អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ អាង​ទឹក និង​កំណល់។

10. សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ គឺ​សម្លៀក‌បំពាក់​សក្ការៈ​របស់​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​គាត់ សម្រាប់​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។

11. ប្រេង​សម្រាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត​នៅ​ទី‌សក្ការៈ។ ពួក​សិប្បករ​នឹង​ធ្វើ​ការ​ទាំង​អស់ ដូច​យើង​បាន​បង្គាប់»។

ថ្ងៃ​សប្ប័ទ*

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

13. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​បាន​ដិត‌ដល់ ដ្បិត​ថ្ងៃ​សប្ប័ទ​ជា​ទី​សម្គាល់​នៃ​ទំនាក់‌ទំនង​រវាង​យើង នឹង​អ្នក​រាល់​គ្នា គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រម​ទាំង​រំឭក​ឲ្យ​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ញែក​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​យើង។

14. ដូច្នេះ ចូរ​គោរព​ថ្ងៃ​សប្ប័ទ និង​ចាត់​ទុក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សក្ការៈ។ អ្នក​ណា​មិន​គោរព​ថ្ងៃ​សប្ប័ទ​ទុក​ជា​សក្ការៈ អ្នក​នោះ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត ហើយ​អស់​អ្នក​ដែល​ធ្វើ​ការ‌ងារ​នៅ​ថ្ងៃ​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន។

15. ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​សប្ប័ទ គឺ​ថ្ងៃ​សម្រាក​ដែល​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​សក្ការៈ ថ្វាយ​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។

16. ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​តែ​គោរព​ថ្ងៃ​សប្ប័ទ ពួក​គេ​ត្រូវ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ​ជា​ទី​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី​ជា‌និច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។

17. ថ្ងៃ​សប្ប័ទ​ជា​ទី​សម្គាល់​នៃ​ទំនាក់‌ទំនង​រវាង​យើង នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ជា‌និច្ច​និរន្តរ៍ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​យើង​ឈប់​ធ្វើ​ការ​ហើយ​សម្រាក»។

18. ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ព្រះ‌អង្គ​បាន​សរសេរ​ដោយ​ព្រះ‌អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់ មក​លោក​ម៉ូសេ។