ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 14 Khmer Standard Version (KHSV)

ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​សមុទ្រ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេ‌ផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។

3. ស្ដេច​ផារ៉ោន​នឹង​គិត​ថា អ្នក​រាល់​គ្នា​វង្វេង​វិល‌វល់​ក្នុង​តំបន់​នេះ មិន​អាច​ចេញ​ផុត​ពី​វាល​រហោ‌ស្ថាន​ឡើយ។

4. យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ យើង​នឹង​ទទួល​សិរី‌រុងរឿង ដោយ​វាយ​កម្ទេច​ស្ដេច​ផារ៉ោន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

5. មាន​គេ​ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។

6. ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ទឹម​រទេះ ហើយ​នាំ​កង‌ទ័ព​ចេញ​ដំណើរ​ទៅ​ជា​មួយ។

7. ស្ដេច​បាន​យក​រទេះ​ចំបាំង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។

8. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប​មាន​ព្រះ‌ហឫទ័យ​មានះ ហើយ​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរី‌ភាព។

9. កង‌ទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន នាំ​គ្នា​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហា‌ហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេ‌ផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។

10. កាល​ឃើញ​ព្រះចៅ​ផារ៉ោន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។

11. ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​ឲ្យ​មក​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។

12. កាល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​ជន‌ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បម្រើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​បែប​នេះ»។

13. លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​ត​ទៅ។

14. ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ។

16. ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ដើរ​តាម​បាត​សមុទ្រ។

17. រីឯ​យើង​វិញ យើង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​សិរី‌រុងរឿង​របស់​យើង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កម្ទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច។

18. នៅ​ពេល​យើង​សម្តែង​សិរី‌រុងរឿង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន ព្រម​ទាំង​កម្ទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច នោះ​ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។

19. ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដែល​ពី​មុន​នៅ​ខាង​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ រីឯ​ដុំ​ពពក*​ដែល​នៅ​ខាង​មុខ ក៏​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។

20. ដុំ​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង‌ទ័ព​អេស៊ីប និង​កង‌ទ័ព​អ៊ីស្រា‌អែល។ ដុំ​ពពក​នោះ​ធ្វើ​ឲ្យ​ងងឹត​ម្ខាង និង​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កង‌ទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។

21. លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា

22. ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។

23. កង‌ទ័ព​អេស៊ីប ទាំង​សេះ​របស់​ព្រះចៅ​ផារ៉ោន ទាំង​រទេះ​ចំបាំង និង​ទ័ព​សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្ដាល​សមុទ្រ​ដែរ។

24. លុះ​ពេល​ទៀប​ភ្លឺ ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឲ្យ​កង‌ទ័ព​នោះ​ជ្រួល‌ច្របល់។

25. ព្រះ‌អង្គ​ធ្វើ​ឲ្យ​រទេះ​ចំបាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន‌ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ឲ្យ​ឆ្ងាយ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ ដ្បិត​ព្រះ‌អម្ចាស់​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ឲ្យ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន‌ជាតិ​អេស៊ីប រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ពួក​គេ»។

27. លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​លិច​លង់​នៅ​កណ្ដាល​សមុទ្រ។

28. ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចំបាំង ទ័ព​សេះ និង​កង‌ទ័ព​ទាំង​មូល​របស់​ព្រះចៅ​ផារ៉ោន ដែល​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។

29. ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​អម​សង​ខាង​ពួក​គេ។

30. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សាក‌សព​ជន‌ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។

31. ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់ ដែល​បាន​ប្រហារ​ជន‌ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​កោត​ខ្លាច​ព្រះ‌អម្ចាស់។ ពួក​គេ​ជឿ​លើ​ព្រះ‌អម្ចាស់ និង​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។