ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 24 Khmer Standard Version (KHSV)

ព្រះ‌ជាម្ចាស់​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល

1. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​អើរ៉ុន ណាដាប អប៊ី‌ហ៊ូវ និង​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​ចិត‌សិប​នាក់ ឡើង​មក​ជួប​ព្រះ‌អម្ចាស់​នៅ​លើ​ភ្នំ។ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ពី​ចម្ងាយ។

2. មាន​តែ​ម៉ូសេ​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មក​ជិត​ព្រះ‌អម្ចាស់​បាន។ អ្នក​ឯ​ទៀតៗ​ពុំ​អាច​មក​ជិត​បាន​ទេ ហើយ​ប្រជា‌ជន​ក៏​មិន​ត្រូវ​ឡើង​មក​លើ​ភ្នំ​ជា​មួយ​ម៉ូសេ​ដែរ»។

3. លោក​ម៉ូសេ​ក៏​នាំ​ព្រះ‌បន្ទូល និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​ប្រជា‌ជន។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

4. លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់។ ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម លោក​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​ស្តូប​ដប់‌ពីរ ជា​តំណាង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់‌ពីរ។

5. បន្ទាប់​មក លោក​ចាត់​ពួក​យុវជន​អ៊ីស្រា‌អែល​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព*​ថ្វាយ​ព្រះ‌អម្ចាស់។

6. លោក​ម៉ូសេ​យក​ឈាម​ពាក់​កណ្ដាល​ចាក់​ទៅ​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត ប្រោះ​ទៅ​លើ​អាសនៈ។

7. បន្ទាប់​មក លោក​យក​គម្ពីរ​នៃ​សម្ពន្ធ‌មេត្រី​មក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់ ហើយ​ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

8. លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​កិច្ច​ព្រម​ព្រៀង»។

9. លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​លោក​អើរ៉ុន លោក​ណាដាប និង​លោក​អប៊ី‌ហ៊ូវ ព្រម​ទាំង​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ចិត‌សិប​នាក់។

10. ពួក​លោក​បាន​ឃើញ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ មាន​ដូច​ជា​ត្បូង​កណ្ដៀង​សុទ្ធ ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។

11. ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រហារ​វរ‌ជន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។ អស់​លោក​ទាំង​នោះ​បាន​ឃើញ​ព្រះ‌ជាម្ចាស់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់‌ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​ឲ្យ​អ្នក នៅ​លើ​បន្ទះ​ថ្ម យើង​បាន​ចារឹក​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជា‌ជន»។

13. លោក​ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​លោក​យ៉ូស្វេ ជា​សហការី​របស់​លោក។

14. លោក​ផ្ដាំ​ព្រឹទ្ធា‌ចារ្យ​ថា៖ «សូម​អស់​លោក​រង់‌ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​ឲ្យ​អ្នក​នោះ​ទៅ​ជួប​លោក​ទាំង​ពីរ​ចុះ»។

15. លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ភ្នំ។

16. សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​ពពក​គ្រប​បាំង​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពពក។

17. ជន‌ជាតិ​អ៊ីស្រា‌អែល​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​នៅ​លើ​កំពូល​ភ្នំ។

18. លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​លើ​ភ្នំ។ លោក​ស្ថិត​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់។