ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌យេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​បួន​ពាន់​នាក់​បរិភោគ

1. នៅ​គ្រា​នោះ មាន​ហ្វូង​មនុស្ស​ជា​ធំ​ណាស់ ហើយ​គេ​គ្មាន​អ្វី​បរិភោគ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស មក​មាន​ព្រះ‌បន្ទូល​ថា

2. ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​មនុស្ស​ទាំង​អស់​នេះ​ណាស់ ពី​ព្រោះ​គេ​បាន​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ ៣​ថ្ងៃ​ហើយ តែ​ឥឡូវ​នេះ​គ្មាន​អ្វី​បរិភោគ​ទេ

3. បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អត់ នោះ​គេ​នឹង​ហេវ​តាម​ផ្លូវ ដ្បិត​ខ្លះ​បាន​មក​ពី​ឆ្ងាយ​ណាស់

4. ពួក​សិស្ស​ទូល​ឆ្លើយ​ថា នៅ​ទី​ស្ងាត់​នេះ តើ​នឹង​រក​នំបុ័ង​ពី​ណា ដើម្បី​ចំអែត​ដល់​មនុស្ស​ទាំង​នេះ​បាន

5. ទ្រង់​សួរ​គេ​ថា អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ឆ្លើយ​ថា មាន​៧

6. នោះ​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧​នោះ​មក ក៏​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស គេ​ក៏​លើក​ទៅ

7. មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​ទ្រង់​បាន​ប្រទាន​ពរ​ហើយ នោះ​ក៏​បង្គាប់​ឲ្យ​លើក​យក​ទៅ​ឲ្យ​គេ​ទៀត

8. ហើយ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត រួច​គេ​ប្រមូល​ចំណិត ដែល​សល់​នៅ​បាន​៧​កំប្រោង

9. ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៤​ពាន់​នាក់ រួច​ទ្រង់​ឲ្យ​គេ​ទៅ​វិញ

10. ស្រាប់​តែ​ទ្រង់​យាង​ចុះ​ទូក ជា​មួយ​នឹង​ពួក​សិស្ស​ទៅ​ឯ​ស្រុក​ដាលម៉ា‌នូថាទៅ។

ពួក​ខាង​គណៈ‌ផារី‌ស៊ី​ចង់​ឃើញ​ការ​អស្ចារ្យ

11. នោះ​ពួក​ផារី‌ស៊ី​ចេញ​មក តាំង​ជជែក​ដើម្បី​នឹង​ល្បង​ទ្រង់ ដោយ​សូម​ឲ្យ​ទ្រង់​សំដែង​ទី​សំគាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ

12. ទ្រង់​ក៏​ថ្ងូរ​ក្នុង​ព្រះ‌ហឫ‌ទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​ដំណ​នេះ​ចង់​រក​តែ​ទី​សំគាល់​ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​មក​មនុស្ស​ដំណ​នេះ​ឡើយ

13. រួច​ទ្រង់​យាង​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​វិញ។

ពុត‌ត្បុត​របស់​ពួក​គណៈ‌ផារី‌ស៊ី និង​ពុត‌ត្បុត​របស់​ស្តេច​ហេរ៉ូឌ

14. ឯ​ពួក​សិស្ស គេ​ភ្លេច​យក​នំបុ័ង​ទៅ នៅ​ជាប់​តែ​១​ដុំ​ក្នុង​ទូក​ប៉ុណ្ណោះ

15. ទ្រង់​ក៏​ផ្តាំ​គេ​ថា ចូរ​ប្រុង​មើល​ហើយ​ប្រយ័ត្ន​នឹង​ដំបែរ​របស់​ពួក​ផារី‌ស៊ី និង​របស់​ហេរ៉ូឌ ឲ្យ​មែន‌ទែន

16. គេ​រិះ‌គិត​គ្នា​ថា គឺ​ពី​ព្រោះ​យើង​គ្មាន​នំបុ័ង​ទេ​ដឹង

17. កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ថា ពី​ព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬ​អី តើ​មាន​ចិត្ត​រឹង‌រូស​ឬ​អី

18. អ្នក​រាល់​គ្នា​មាន​ភ្នែក តើ​មើល​មិន​ឃើញ មាន​ត្រចៀក តើ​ស្តាប់​មិន​ឮ ហើយ​មិន​ចាំ​ទេ​ឬ​អី

19. ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង​៥​ឲ្យ​ដល់​៥​ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន​១២

20. ហើយ​កាល​កាច់​នំបុ័ង​៧​ឲ្យ​ដល់​៤​ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន​៧

21. នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត។

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​ភ្លឺ

22. ទ្រង់​ក៏​យាង​មក​ដល់​ក្រុង​បេតសៃដា រួច​មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​ទូល​អង្វរ​ឲ្យ​ទ្រង់​ពាល់​គាត់

23. ទ្រង់​ក៏​ចាប់​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ រួច​ស្តោះ​ដាក់​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ‌ហស្ត​លើ ព្រម​ទាំង​សួរ​បើ​គាត់​ឃើញ​អ្វី​ឬ​ទេ

24. គាត់​ក៏​ងើប​ភ្នែក​ឡើង​ទូល​ឆ្លើយ​ថា ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ

25. នោះ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត ប្រាប់​ឲ្យ​ងើប​ឡើង​មើល​ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង ឃើញ​ច្បាស់​ទាំង​អស់

26. ទ្រង់​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ ទាំង​ហាម​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ភូមិ ឬ​ប្រាប់​អ្នក​ណា​នៅ​ក្នុង​ភូមិ​ឡើយ។

លោក​ពេត្រុស​ប្រកាស​ថា​ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ

27. ព្រះ‌យេស៊ូវ និង​ពួក​សិស្ស ក៏​ចេញ​ទៅ​ឯ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ស្រុក​សេសារា-ភីលីព ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​តាម​ផ្លូវ​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា

28. ពួក​សិស្ស​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ

29. ទ្រង់​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ឆ្លើយ​ឡើង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ

30. ទ្រង់​ក៏​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ពី​ដំណើរ​ទ្រង់​សោះ

31. រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ថា កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ហើយ​ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ បោះ​បង់​ចោល ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​លោក​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ

32. ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​នោះ​យ៉ាង​ច្បាស់‌លាស់ នោះ​ពេត្រុស​នាំ​ទ្រង់​ទៅ ចាប់​តាំង​និយាយ​ជំទាស់​ដល់​ទ្រង់

33. តែ​ទ្រង់​បែរ​មក​ទត​ឃើញ​ពួក​សិស្ស ក៏​បន្ទោស​ពេត្រុស​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះ​សោះ គឺ​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ។

34. កាល​ទ្រង់​បាន​ហៅ​ហ្វូង​មនុស្ស និង​ពួក​សិស្ស​មក នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ

35. ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ

36. ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ

37. ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ

38. ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ពាក្យ​ខ្ញុំ នៅ​ក្នុង​ដំណ​មនុស្ស​កំផិត ហើយ​មាន​បាប​នេះ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌វរ‌បិតា ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ។