ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌យេស៊ូវ​នៅ​មុខ​លោក​ពីឡាត់

1. ដល់​ព្រឹក​ឡើង កាល​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ និង​ពួក​អាចារ្យ ព្រម​ទាំង​ក្រុម‌ជំនុំ​ទាំង​អស់​បាន​ប្រជុំ​ពិគ្រោះ​គ្នា នោះ​ក៏​ចង​ព្រះ‌យេស៊ូវ នាំ​បញ្ជូន​ទៅ​ឯ​លោក​ពីឡាត់

2. លោក​ពីឡាត់​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ

3. ឯ​ពួក​សង្គ្រាជ គេ​ចោទ​ប្រកាន់​ទ្រង់​ខ្លាំង​ណាស់

4. នោះ​លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ម្តង​ទៀត ដោយ​ពាក្យ​ថា តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ទេ​ឬ​អី មើល​រឿង​ជា​ច្រើន​ទាំង​ម៉្លេះ ដែល​គេ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក

5. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឥត​មាន​ឆ្លើយ​អ្វី​ទៀត​សោះ បាន​ជា​លោក​ពីឡាត់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

លោក​ពីឡាត់​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូវ

6. រីឯ​នៅ​បុណ្យ​នោះ លោក​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ តាម​ដែល​គេ​សូម

7. គ្រា​នោះ មាន​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​នឹង​ពួក​អ្នក​បះ‌បោរ ជា​អ្នក​ដែល​បាន​សំឡាប់​គេ​ក្នុង​វេលា​បះ​នោះ

8. ហ្វូង​មនុស្ស​ក៏​ចាប់​តាំង​ស្រែក​ឡើង សូម​លោក​បើក​ឲ្យ​ដល់​គេ ដូច​ជា​លោក​តែង​ធ្លាប់​ធ្វើ​មក

9. លោក​ពីឡាត់​សួរ​គេ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​ដល់​អ្នក​រាល់​គ្នា​ឬ​អី

10. នេះ​ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ទ្រង់ ដោយ​ឈ្នានីស​ទេ

11. តែ​ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​ហ្វូង​មនុស្ស ឲ្យ​សូម​ឲ្យ​លោក​លែង​បារ៉ា‌បាស​វិញ

12. លោក​ពីឡាត់​ក៏​សួរ​គេ​ម្តង​ទៀត​ថា ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នឹង​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ

13. គេ​ស្រែក​ឡើង​ទៀត​ថា ចូរ​ឆ្កាង​វា​ទៅ

14. លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​គាត់​បាន​ធ្វើ​ខុស​អ្វី នោះ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ

15. ឯ​ពីឡាត់ លោក​ចង់​ធ្វើ​បំពេញ​ដល់​ចិត្ត​ហ្វូង​មនុស្ស​ដែរ បាន​ជា​លែង​បារ៉ា‌បាស​ដល់​គេ រួច​កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង។

ទាហាន​មើល‌ងាយ និង​ធ្វើ​បាប​ព្រះ‌យេស៊ូវ

16. ចំណែក​ពួក​ទាហាន ក៏​នាំ​ទ្រង់​ទៅ​ឯ​ទីធ្លា ជា​ទី​កាត់​ក្តី រួច​គេ​ហៅ​ពួក​កង​ទាហាន​ទាំង​អស់ ឲ្យ​មូល​គ្នា​មក

17. ក៏​យក​អាវ​ពណ៌​ស្វាយ​បំពាក់​ទ្រង់ ហើយ​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ

18. រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា

19. គេ​ក៏​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ ស្តោះ​ដាក់​ទ្រង់ ហើយ​លុត​ជង្គង់​ថ្វាយ‌បង្គំ​ទ្រង់​ផង

20. កាល​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ នោះ​គេ​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ ក៏​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង

21. គេ​ចាប់​អ្នក​ស្រុក​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​អ័លេ‌ក្សាន‌ត្រុស និង​រូភូស ដែល​ដើរ​តាម​ផ្លូវ​ចុះ​មក​ពី​ចំការ បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​ទ្រង់។

គេ​ឆ្កាង​ព្រះ‌យេស៊ូវ

22. គេ​នាំ​ទ្រង់​ទៅ​ដល់​កន្លែង​ហៅ​ថា «គាល់‌កូថា» ដែល​ស្រាយ​ថា​ភ្នំ​លលាដ​ក្បាល

23. នោះ​គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ លាយ​នឹង​ជ័រ​ល្វីង‌ទេស ថ្វាយ​ទ្រង់​សោយ តែ​ទ្រង់​មិន​សោយ​ទេ

24. កាល​បាន​ឆ្កាង​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ជា​អ្នក​ណា​ត្រូវ​បាន​អ្វី

25. ពេល​ដែល​គេ​ឆ្កាង​ទ្រង់ គឺ​ជា​ពេល​ម៉ោង​៩​ព្រឹក

26. គេ​សរសេរ​ប្រកាស​កាត់​ទោស​ទ្រង់​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»

27. ហើយ​ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់ ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង

28. នោះ​បាន​សំរេច​តាម​បទ​គម្ពីរ​ដែល​ថា «គេ​បាន​រាប់​ទ្រង់​ជា​ពួក​អ្នក​ទទឹង​ច្បាប់»។

29. ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ

30. ឥឡូវ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ដោយ​ចុះ​ពី​ឈើ​ឆ្កាង​មក

31. ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា វា​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ឯ​ទៀត​បាន តែ​ពុំ​អាច​នឹង​សង្គ្រោះ​ចំពោះ​ខ្លួន​ឯង​បាន​ទេ

32. ចូរ​ឲ្យ​ព្រះ‌គ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។

ព្រះ‌យេស៊ូវ​សោយ​ទិវង្គត

33. ដល់​ម៉ោង​១២ នោះ​មាន​ងងឹត​ដាប​គ្រប​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល

34. លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ‌ឧទាន​ជា​ខ្លាំង​ថា អេឡយៗ ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូល‌បង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូល‌បង្គំ

35. អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ក៏​ឮ ហើយ​គេ​និយាយ​ថា មើល​វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ

36. រួច​ម្នាក់​រត់​ទៅ​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក ដាក់​នឹង​ចុង​ដើម​ត្រែង​ហុច​ទៅ ថ្វាយ​ទ្រង់​សោយ ដោយ​ពោល​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ។

37. រួច​ព្រះ‌យេស៊ូវ ទ្រង់​ស្រែក​ជា​ខ្លាំង ហើយ​ក៏​ផុត​ដង្ហើម​ទៅ

38. គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ដល់​ក្រោម

39. ឯ​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​នឹង​ទ្រង់ គាត់​ឃើញ​ថា ទ្រង់​ស្រែក​ឡើង ហើយ​ផុត​ដង្ហើម​ទៅ​យ៉ាង​ដូច្នោះ ក៏​និយាយ​ថា មនុស្ស​នេះ​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន

40. ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​តាម​បំរើ​ព្រះ‌យេស៊ូវ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ គេ​ឈរ​មើល​ពី​ចំងាយ

41. ក្នុង​ពួក​ស្ត្រី​ទាំង​នោះ គឺ​ម៉ារា​ពី​ស្រុក​ម៉ាក់‌ដាឡា​១ និង​ម៉ារា ជា​ម្តាយ​យ៉ាកុប​តូច និង​យ៉ូសេ​១ ហើយ​នឹង​សាឡូ‌មេ​១ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់​ដែរ។

ការ​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ

42. មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​នៅ​ស្រុក​អើរី‌ម៉ាថេ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​ក្រុម‌ជំនុំ ជា​អ្នក​រង​ចាំ​នគរ​ព្រះ​ដែរ អ្នក​នោះ​បាន​មក​ដល់ ក៏​ចូល​ទៅ​ឯ​លោក​ពីឡាត់ ដោយ​ចិត្ត​ក្លាហាន សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ

43. ដោយ​ព្រោះ​ជា​ថ្ងៃ​រៀប‌ចំ​ហើយ គឺ​ជា​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ល្ងាច​ណាស់​ផង

44. ឯ​លោក​ពីឡាត់ មាន​សេចក្តី​ឆ្ងល់​ពី​ទ្រង់​ដែល​សុគត​ជា​ឆាប់​ម៉្លេះ ក៏​ហៅ​មេ​ទ័ព​មក​សួរ​បញ្ជាក់ បើ​ទ្រង់​សុគត​ជា​យូរ​មក​ហើយ ឬ​ដូច​ម្តេច

45. កាល​មេ​ទ័ព​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​ព្រះ‌សព​ដល់​យ៉ូសែប

46. គាត់​ក៏​ទិញ​សំពត់​ទេស‌ឯក រួច​ដាក់​ព្រះ‌សព​ទ្រង់​ចុះ​មក រុំ​នឹង​សំពត់​នោះ នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​១​មក សន្ធប់​ខ្ទប់​មាត់​ផ្នូរ​ជិត

47. ឯ​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា និង​ម៉ារា ជា​ម្តាយ​យ៉ូសេ គេ​ក៏​ឃើញ​កន្លែង​ដែល​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ។