ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា

1. ទ្រង់​ក៏​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ម្តង​ទៀត នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ស្វិត​ដៃ​ម្ខាង

2. គេ​ក៏​ចាំ​មើល​ទ្រង់​ក្រែង​នឹង​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់

3. ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​អ្នក​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ

4. រួច​ទ្រង់​សួរ​គេ​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​បើក​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់ ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សំឡាប់​បង់ ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម

5. នោះ​ទ្រង់​ងាក​ទត​ទៅ​គេ​ទាំង​គ្នាន់‌ក្នាញ់​ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ ព្រោះ​ចិត្ត​គេ​រឹង‌រូស ក៏​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង

6. រួច​កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ផុត​ទៅ នោះ​ស្រាប់​តែ​គេ​ពិគ្រោះ​នឹង​ពួក​ហេរ៉ូឌ​ទាស់​នឹង​ទ្រង់ ដើម្បី​រក​រឿង​ធ្វើ​ឲ្យ​ទ្រង់​វិនាស។

មហា‌ជន​មក​តាម​ព្រះ‌យេស៊ូវ

7. នោះ​ព្រះ‌យេស៊ូវ ទ្រង់​ថយ​ទៅ​ឯ​សមុទ្រ ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ ដើរ​តាម​ទ្រង់ ជា​មនុស្ស​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា

8. ពី​ក្រុង​យេរូ‌សាឡិម និង​ស្រុក​អេដំម ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ និង​ស្រុក​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស និង​ស៊ីដូន គឺ​ជា​ហ្វូង​មនុស្ស​យ៉ាង​ធំ ដែល​មូល​មក​ឯ​ទ្រង់ ដោយ​បាន​ឮ​និយាយ​ពី​ការ​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន

9. ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ពួក​សិស្ស ឲ្យ​មាន​ទូក​នៅ​រង់‌ចាំ ក្រែង​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់

10. ដ្បិត​ទ្រង់​កំពុង​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ទាំង​អស់​ដែល​មាន​ជំងឺ​អ្វីៗ គេ​ប្រឹង​រុល​ចូល​ទៅ ដើម្បី​នឹង​ពាល់​ទ្រង់

11. កាល​ណា​ពួក​អារក្ស‌អសោច​ឃើញ​ទ្រង់ វា​ក៏​ក្រាប​ចំពោះ​ទ្រង់ ទាំង​ស្រែក​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន

12. ប៉ុន្តែ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​វា​ធ្វើ​ឲ្យ​គេ​ស្គាល់​ទ្រង់​ឡើយ។

ព្រះ‌យេស៊ូវ​តែង‌តាំង​សាវក​១២​រូប

13. ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​មាន​ព្រះ‌បន្ទូល​ហៅ​អស់​អ្នក ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ហៅ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ឯ​ទ្រង់

14. រួច​ទ្រង់​ដំរូវ​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ

15. និង​ឲ្យ​គេ​មាន​អំណាច​អាច​នឹង​ប្រោស​ជំងឺ​ឲ្យ​ជា ព្រម​ទាំង​ដេញ​អារក្ស​ផង

16. គឺ​ស៊ីម៉ូន​១​ដែល​ទ្រង់​ប្រទាន​ឲ្យ​មាន​ឈ្មោះ​ថា ពេត្រុស ថែម​ទៀត

17. ហើយ​យ៉ាកុប ជា​កូន​សេបេដេ​១ និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​១ ដែល​ទ្រង់​ប្រទាន​ឈ្មោះ បោន‌អ៊ើកេ ដល់​អ្នក​ទាំង​២​នោះ គឺ​ស្រាយ​ថា​ជា​កូន​ផ្គរ‌លាន់

18. និង​អនទ្រេ​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ម៉ាថាយ​១ ថូម៉ាស​១ និង​យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១

19. ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

បង​ប្អូន​របស់​ព្រះ‌យេស៊ូវ​មក​នាំ​ព្រះ‌អង្គ​យក​ទៅ​វិញ

20. នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​មាន​មនុស្ស​ប្រជុំ​គ្នា​ទាំង​ហ្វូង​ម្តង​ទៀត ដល់​ម៉្លេះ​បាន​ជា​ទ្រង់ ព្រម​ទាំង​ពួក​សិស្ស​ពុំ​អាច​នឹង​បរិភោគ​បាន​ឡើយ

21. កាល​ពួក​បង​ប្អូន​ទ្រង់​បាន​ឮ គេ​ក៏​ចេញ​ទៅ​រក​ចាប់​ទ្រង់ ដ្បិត​គេ​ស្មាន​ថា​ទ្រង់​វង្វេង​ស្មារតី​ហើយ។

ព្រះ‌យេស៊ូវ​ឆ្លើយ​តប​នឹង​ពួក​អ្នក​ចោទ​ប្រកាន់​ព្រះ‌អង្គ

22. ឯ​ពួក​អាចារ្យ ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡិម គេ​និយាយ​ឡើង​ថា អ្នក​នោះ​មាន​អារក្ស​បេល‌សេ‌ប៊ូល​ចូល វា​ដេញ​អារក្ស ដោយ​អាង​មេ​អារក្ស​ទេ

23. តែ​ទ្រង់​ហៅ​គេ​មក​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អារក្ស‌សាតាំង​បាន​ដេញ​អារក្ស‌សាតាំង​ដូច្នេះ

24. បើ​នគរ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង​ហើយ នគរ​នោះ​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ឡើយ

25. ឬ​បើ​ផ្ទះ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​មិន​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ

26. ឯ​អារក្ស‌សាតាំង បើ​កើត​បះ‌បោរ​បែក​ទាស់​គ្នា​វា នោះ​វា​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ទេ វា​ត្រូវ​វិនាស​ទៅ​ហើយ

27. គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​របស់​ទ្រព្យ​គេ​បាន​ទេ លុះ​ត្រា​តែ​បាន​ចង​អ្នក​នោះ​ជា​មុន​សិន ទើប​នឹង​ប្លន់​យក​បាន

28. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្រប់​ទាំង​អំពើ​បាប​នឹង​បាន​អត់​ទោស​ដល់​ពួក​កូន​មនុស្ស ហើយ​អស់​ទាំង​ពាក្យ​ដែល​គេ​ពោល​ប្រមាថ​ដែរ

29. តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​ដែល​បាន​អត់​ទោស​ឲ្យ​ឡើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​ទោស នៅ​អស់​កល្ប‌ជានិច្ច​វិញ

30. ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នោះ​ដោយ​ព្រោះ​គេ​ថា ទ្រង់​មាន​អារក្ស‌អសោច​ចូល។

បង​ប្អូន​ដ៏​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូវ

31. គ្រា​នោះ មាតា និង​បង​ប្អូន​ទ្រង់​មក​ដល់ ក៏​ឈរ​នៅ​ខាង​ក្រៅ ប្រើ​គេ​ឲ្យ​ទៅ​ហៅ​ទ្រង់

32. ហ្វូង​មនុស្ស​ដែល​អង្គុយ​នៅ​ជុំ‌វិញ​ទ្រង់ គេ​ទូល​ថា ន៏ មើល​ម្តាយ និង​បង​ប្អូន​លោក​នៅ​ខាង​ក្រៅ​មក​រក​លោក

33. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​អ្នក​ណា​ជា​ម្តាយ ហើយ​ជា​បង​ប្អូន​ខ្ញុំ

34. រួច​ទ្រង់​ងាក​ទត​ទៅ​អស់​អ្នក​ដែល​អង្គុយ​នៅ​ជុំ‌វិញ​ទ្រង់ ដោយ​ព្រះ‌បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ និង​បង​ប្អូន​ខ្ញុំ

35. ពី​ព្រោះ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ហើយ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្តាយ​ខ្ញុំ។