ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពួក​ខាង​គណៈ‌ផារី‌ស៊ី និង​សណ្តាប់​ពី​បុរាណ

1. គ្រា​នោះ​ពួក​ផារី‌ស៊ី និង​អ្នក​ខ្លះ​ក្នុង​ពួក​អាចារ្យ ដែល​មក​ពី​ក្រុង​យេរូ‌សាឡិម គេ​ប្រជុំ​គ្នា​ឯ​ទ្រង់

2. កាល​គេ​ឃើញ​ពួក​សិស្ស​ទ្រង់​ខ្លះ​បរិភោគ​ទាំង​ដៃ​មិន​ស្អាត គឺ​មិន​បាន​លាង​ចេញ នោះ​ក៏​ចោទ​ប្រកាន់​ទោស

3. ដ្បិត​ពួក​ផារី‌ស៊ី និង​ពួក​យូដា​ទាំង​អស់​គ្នា គេ​មិន​ដែល​បរិភោគ​ឡើយ ទាល់​តែ​បាន​ដុស​លាង​ដៃ​យ៉ាង​ស្អាត​អស់​ពី​ចិត្ត​ជា​មុន​សិន ដោយ​កាន់​តាម​សណ្តាប់​ពី​បុរាណ​របស់​ពួក​ចាស់‌ទុំ

4. ហើយ​កាល​គេ​មក​ពី​ផ្សារ នោះ​គេ​មិន​បរិភោគ​ទេ ទាល់​តែ​បាន​ងូត​ទឹក​រួច​សិន ក៏​មាន​សេចក្តី​ឯ​ទៀត​ជា​ច្រើន ដែល​គេ​ទទួល​កាន់​តាម​ដែរ ដូច​ជា​ការ​លាង​ពែង លាង​ឆ្នាំង លាង​ប្រដាប់​លង្ហិន ហើយ​នឹង​តុ​ជា​ដើម

5. ដូច្នេះ ពួក​ផារី‌ស៊ី និង​ពួក​អាចារ្យ​គេ​ពិចារណា​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក មិន​កាន់​តាម​សណ្តាប់​បុរាណ​របស់​ពួក​ចាស់‌ទុំ​យ៉ាង​នេះ គឺ​គេ​បរិភោគ​ឥត​លាង​ដៃ​ទេ

6. តែ​ទ្រង់​ឆ្លើយ​តប​ថា ពួក​អ្នក​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ជន‌ជាតិ​នេះ គេ​គោរព​ប្រតិ‌បត្តិ​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​អញ​ណាស់

7. ដែល​គេ​ថ្វាយ‌បង្គំ​អញ ដោយ​បង្រៀន​សេចក្តី​បញ្ញត្ត​ជា​របស់​មនុស្ស នោះ​ជា​ឥត​ប្រយោជន៍​ទេ»

8. ដ្បិត​អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ ដូច​ជា​ការ​លាង​ឆ្នាំង លាង​ពែង​នោះ ហើយ​នឹង​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត

9. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​លះ‌បង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្តាប់​របស់​ខ្លួន​វិញ

10. ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា «ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»

11. តែ​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​ណា​និយាយ​ទៅ​ឪពុក​ម្តាយ​ខ្លួន​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​ជា «គ័រ‌បាន់» គឺ​ស្រាយ​ថា​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ

12. នោះ​អ្នក​រាល់​គ្នា​មិន​បើក​ឲ្យ​អ្នក​នោះ​ជួយ​ដល់​ឪពុក​ម្តាយ ក្នុង​ការ​អ្វី​ទៀត​សោះ

13. ក៏​លើក​ព្រះ‌បន្ទូល​ចោល ដោយ‌សារ​សណ្តាប់‌ធ្នាប់ ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាត់​បង្រៀន​មក ហើយ​ក៏​ធ្វើ​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត​ដែរ

14. រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​ទាំង​អស់​មក​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ខ្ញុំ​សិន ហើយ​ឲ្យ​យល់​ចុះ

15. គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​បាន​ទេ គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​វិញ

16. បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

17. កាល​ទ្រង់​បាន​ថយ​ពី​ហ្វូង​មនុស្ស យាង​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ

18. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ដែរ​ឬ​អី តើ​អ្នក​រាល់​គ្នា​នឹក​មិន​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ពី​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​បាន​ទេ

19. ដ្បិត​របស់​នោះ​មិន​បាន​ចូល​ទៅ​ក្នុង​ចិត្ត គឺ​ចូល​ទៅ​តែ​ក្នុង​ពោះ​ប៉ុណ្ណោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ ដូច្នេះ អស់​ទាំង​អាហារ​ឈ្មោះ​ថា ជា​របស់​ស្អាត​វិញ

20. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​នោះ

21. ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយ‌ស្មន់ កាប់​សំឡាប់​គេ

22. លួច​ប្លន់ លោភោ ខិល‌ខូច ឧបាយ‌កល អាស‌អាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើង‌ឆ្មៃ និង​សេចក្តី​ចំកួត

23. គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​វិញ។

ស្ត្រី​សាសន៍​ដទៃ​ម្នាក់​ជឿ​ព្រះ‌យេស៊ូវ

24. ទ្រង់​ក្រោក​ឡើង​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ប្រទល់​ដែន​ស្រុក​ទីរ៉ុស និង​ស្រុក​ស៊ីដូន រួច​ចូល​ទៅ​ក្នុង​ផ្ទះ​១ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ តែ​ទ្រង់​នៅ​កំបាំង​ពុំ​បាន

25. ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្ស‌អសោច​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់

26. (រីឯ​ស្ត្រី​នោះ ជា​សាសន៍​ក្រេក កូន​កាត់​ស៊ីរ៉ូ-ភេនីស) នាង​ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដេញ​អារក្ស​ពី​កូន​ស្រី​នាង​ចេញ

27. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ទុក​ឲ្យ​កូន​ក្មេង​ស៊ី​ឆ្អែត​ជា​មុន​សិន ព្រោះ​មិន​គួរ​នឹង​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​ទេ

28. នាង​ទូល​ឆ្លើយ​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ ឆ្កែ​នៅ​ក្រោម​តុ​វា​ស៊ី​កំទេច​ពី​កូន​ក្មេង​ដែរ

29. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពាក្យ​នោះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ

30. រួច​កាល​នាង​បាន​ទៅ​ដល់​ផ្ទះ​វិញ ក៏​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ អារក្ស​បាន​ចេញ​ស្រេច​ហើយ។

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​គ​ថ្លង់​ម្នាក់​ឲ្យ​ជា

31. លំដាប់​ពី​នោះ​មក ទ្រង់​ចេញ​ពី​ព្រំ‌ដែន​ស្រុក​ទីរ៉ុស និង​ស៊ីដូន ក៏​យាង​កាត់​ស្រុក​ដេកា‌ប៉ូល មក​ដល់​សមុទ្រ​កាលី‌ឡេ​វិញ

32. នោះ​មាន​គេ​នាំ​មនុស្ស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក​មក​ឯ​ទ្រង់ ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់

33. ទ្រង់​ក៏​នាំ​គាត់​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ដោយ‌ឡែក យក​អង្គុលី​ព្រះ‌ហស្ត​ដាក់​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់

34. កាល​ទ្រង់​បាន​ងើប​ទត​ទៅ​លើ​មេឃ​ហើយ នោះ​ទ្រង់​ថ្ងូរ រួច​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា «អិប‌ផាថា» គឺ​ថា ឲ្យ​បើក​ឡើង

35. ស្រាប់​តែ​ត្រចៀក​ក៏​បើក សរសៃ​អណ្តាត​បាន​ធូរ នោះ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់

36. ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ប៉ុន្តែ ដែល​ទ្រង់​ហាម​ប៉ុណ្ណា នោះ​គេ​ចេះ​តែ​ប្រកាស​ប្រាប់​រឹត​តែ​ច្រើន​ឡើង​ប៉ុណ្ណោះ​ទៀត

37. គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់‌ពេក ដោយ​ពាក្យ​ថា លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន។