ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​ឃុប‌ឃិត​ចាប់​ព្រះ‌យេស៊ូវ

1. ក្រោយ​២​ថ្ងៃ​មក នោះ​ជា​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយ‌កល ដើម្បី​នឹង​សំឡាប់​ទ្រង់​ចោល

2. តែ​គេ​ថា កុំ​ឲ្យ​ធ្វើ​ក្នុង​រវាង​បុណ្យ​ឡើយ ក្រែង​បណ្តា‌ជន​កើត​កោលា‌ហល។

3. កំពុង​ដែល​ទ្រង់​គង់​នៅ​តុ ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នៅ​ភូមិ​បេថានី នោះ​មាន​ស្ត្រី​ម្នាក់​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ

4. មាន​អ្នក​ខ្លះ​នឹក​តូច​ចិត្ត ហើយ​ថា តើ​មាន​ប្រយោជន៍​អ្វី​នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ

5. ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ជាង​៦០​រៀល ដើម្បី​ចែក​ទាន​ដល់​ពួក​អ្នក​ទ័ល‌ក្រ​វិញ គេ​ក៏​រទូ‌រទាំ​នឹង​នាង

6. ប៉ុន្តែ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ធ្វើ​នាង ហេតុ​អ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់

7. ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ នោះ​ចេះ​តែ​ធ្វើ​បាន តែ​ចំណែក​ខ្ញុំ មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ

8. នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ និង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ

9. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សំរាប់​ជា​កេរ្តិ៍​នាង​ត​ទៅ។

យូដាស-អ៊ីស្កា‌រីយ៉ុត​ក្បត់​ព្រះ‌យេស៊ូវ

10. ឯ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​១​ក្នុង​ពួក​១២ វា​ក៏​ទៅ​ឯ​ពួក​សង្គ្រាជ ដើម្បី​នឹង​បញ្ជូន​ទ្រង់​ទៅ​គេ

11. កាល​គេ​បាន​ឮ នោះ​ក៏​មាន​សេចក្តី​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា រួច​វា​ខំ​ស្វែង​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ​ដោយ​ស្រួល។

ព្រះ‌យេស៊ូវ​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស

12. នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ កាល​គេ​ត្រូវ​សំឡាប់​កូន​ចៀម ធ្វើ​បុណ្យ​រំលង នោះ​ពួក​សិស្ស​ទូល​ទ្រង់​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា

13. ទ្រង់​ក៏​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​មនុស្ស​ម្នាក់​លី​ក្អម​ទឹក​មក​ជួប​នឹង​អ្នក ចូរ​ឲ្យ​ដើរ​តាម​អ្នក​នោះ​ទៅ

14. នៅ​កន្លែង​ណា​ដែល​គាត់​ចូល ចូរ​អ្នក​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ណា​ដែល​លោក​នឹង​បរិភោគ​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​របស់​លោក

15. នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​ខាង​លើ​ដែល​រៀប​ជា​ស្រេច ចូរ​រៀប‌ចំ​នៅ​ទី​នោះ​ចុះ

16. សិស្ស​ទ្រង់​២​នាក់​នោះ​ក៏​ចេញ​ទៅ ដល់​ទី​ក្រុង​ហើយ នោះ​ក៏​ឃើញ​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល រួច​គេ​រៀប‌ចំ​ធ្វើ​បុណ្យ​រំលង។

17. ដល់​ពេល​ល្ងាច​ហើយ ទ្រង់​យាង​មក ព្រម​ទាំង​ពួក​១២​នាក់

18. កាល​កំពុង​តែ​អង្គុយ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នេះ នោះ​មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ

19. គេ​ក៏​តាំង​ព្រួយ​ចិត្ត ហើយ​ទូល​ទ្រង់​ម្តង​ម្នាក់ៗ​ថា តើ​ទូល‌បង្គំ​ឬ​អី រួច​ម្នាក់​ទៀត​ថា តើ​ទូល‌បង្គំ​ឬ​អី

20. ព្រះ‌យេស៊ូវ​ឆ្លើយ​ថា គឺ​ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ

21. កូន​មនុស្ស​ត្រូវ​ទៅ​ពិត ដូច​ជា​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ស្រាប់ តែ​វេទនា​ដល់​មនុស្ស​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្សទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង។

ពិធី​ជប់‌លៀង​ចុង​ក្រោយ​បំផុត

22. កាល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ

23. នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា

24. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន

25. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី នៅ​ក្នុង​នគរ​ព្រះ។

26. រួច​កាល​បាន​ច្រៀង​ទំនុក​១​ហើយ នោះ​ក៏​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ

27. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ

28. ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា

29. តែ​ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ គង់​តែ​ទូល‌បង្គំ​មិន​ដូច្នោះ​ទេ

30. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ

31. តែ​គាត់​ប្រកែក​យ៉ាង​ខ្លាំង​លើស​ទៅ​ទៀត​ថា ទោះ​បើ​ទូល‌បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក្តី គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ដូច្នេះ​នោះ​ឡើយ ហើយ​ទាំង​អស់​ក៏​ថា​ដូច​គ្នា។

ព្រះ‌យេស៊ូវ​អធិស្ឋាន​នៅ​ក្នុង​សួន​គែត‌សេ‌ម៉ានី

32. នោះ​ក៏​មក​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន

33. ទ្រង់​ក៏​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ​ដែរ ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫ‌ទ័យ​ភាំង​ជា​ខ្លាំង ហើយ​តប់‌ប្រមល់​ណាស់

34. ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ​ចាំ​យាម​ចុះ

35. រួច​កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច នោះ​ទ្រង់​ទំលាក់​ព្រះ‌អង្គ ផ្កាប់​ព្រះ‌ភក្ត្រ​ចុះ​អធិស្ឋាន សូម​ឲ្យ​ពេល​វេលា​នេះបាន​កន្លង​ហួស​ពី​ទ្រង់​ទៅ បើ​សិន​ជា​បាន

36. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​អ័ប្បា ព្រះ‌វរ‌បិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះចេញ​ពី​ទូល‌បង្គំ​ផង ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​សំរេច​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ

37. ទ្រង់​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា អ្នក​ដេក​លក់​ឬ​អី តើ​នឹង​នៅ​ចាំ​យាម តែ​១​ម៉ោង​មិន​បាន​ឬ

38. ចូរ​ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​នាំ​ចិត្ត​ឡើយ វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ

39. រួច​ទ្រង់​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​ព្រះ‌បន្ទូល​ជា​សេចក្តី​ដដែល

40. កាល​ទ្រង់​បាន​យាង​ត្រឡប់​មក​វិញ នោះ​ក៏​ឃើញ​គេ​កំពុង​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ គេ​មិន​ដឹង​ខ្លួន​ជា​ទូល​ឆ្លើយ​នឹង​ទ្រង់​ថា​ដូច​ម្តេច​ទេ

41. ទ្រង់​បាន​យាង​មក​ជា​គំរប់​៣​ដង មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ នៅ​តែ​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ ប៉ុណ្ណឹង​ចុះ កំណត់​ដល់​ហើយ មើល​កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប

42. ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ វា​ជិត​មក​ដល់​ហើយ។

គេ​ចាប់​ព្រះ‌យេស៊ូវ

43. កំពុង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​មក​ដល់​ភ្លាម នាំ​ទាំង​ហ្វូង​មនុស្ស​ដ៏​ធំ ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ មក​ជា​មួយ​ផង ព្រម​ទាំង​កាន់​ដាវ កាន់​ដំបង

44. អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត្ន‌ប្រយែង​ចុះ

45. កាល​គេ​បាន​មក​ដល់ នោះ​វា​ចូល​ទៅ​ឯ​ទ្រង់​ភ្លាម ដោយ​ទូល​ថា លោក​គ្រូៗ​អើយ ហើយ​ក៏​ថើប​ទ្រង់

46. នោះ​គេ​លូក​ដៃ​ទៅ​ចាប់​ទ្រង់

47. តែ​មាន​ម្នាក់​ឈរ​ជិត​ខាង គាត់​ហូត​ដាវ​កាត់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់

48. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី

49. ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យ​សំរេច​តាម​បទ​គម្ពីរ​ទេ

50. នោះ​ពួក​សិស្ស​ក៏​រត់​ចោល​ទ្រង់​ទាំង​អស់​គ្នា​ទៅ

51. មាន​មនុស្ស​កំឡោះ​ម្នាក់​ដែល​ដើរ​តាម​ទ្រង់ មាន​តែ​សំពត់​ទេស‌ឯក​ព័ទ្ធ​នឹង​ខ្លួន

52. គេ​ក៏​ចាប់​គាត់ តែ​គាត់​រត់​រួច​ចោល​សំពត់​នោះ នៅ​តែ​ខ្លួន​ទទេ។

ព្រះ‌យេស៊ូវ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

53. គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ដល់​សំដេច​សង្ឃ ឯ​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ ហើយ​ពួក​អាចារ្យ​ទាំង​អស់​គ្នា ក៏​ប្រជុំ​គ្នា​ឯ​លោក

54. ចំណែក​ពេត្រុស គាត់​តាម​ទ្រង់​ទៅ​ពី​ចំងាយ រហូត​ដល់​ខាង​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ក៏​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អាជ្ញា។

55. ពួក​សង្គ្រាជ និង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ប្រឹង​រក​ទី​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់​បង់ តែ​រក​មិន​បាន​សោះ

56. ក៏​មាន​មនុស្ស​ជា​ច្រើន មក​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ដែរ តែ​សេចក្តី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​សោះ

57. នោះ​មាន​ខ្លះ​ឈរ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ថា

58. យើង​ខ្ញុំ​បាន​ឮ​វា​ថា ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​នេះ ដែល​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​១​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ

59. យ៉ាង​នោះ គង់​តែ​សេចក្តី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​ទៀត

60. ឯ​សំដេច​សង្ឃ ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ដណ្តឹង​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្តី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច

61. តែ​ទ្រង់​នៅ​ស្ងៀម មិន​បាន​ឆ្លើយ​អ្វី​សោះ រួច​សំដេច​សង្ឃ​ពិចារណា​សួរ​ទ្រង់​ទៀត​ថា តើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ពរ​ឬ​អី

62. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា គឺ​ខ្ញុំ​នេះ​ហើយ មួយ​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ចេស្តា ហើយ​ទាំង​មក​ក្នុង​ពពក​នៅ​លើ​មេឃផង

63. នោះ​សំដេច​សង្ឃ​ក៏​ហែក​ព្រះ‌ពស្ត្រ​លោក ដោយ​ពាក្យ​ថា តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ទៀត

64. អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​នេះ​ហើយ ចុះ​តើ​គិត​ដូច​ម្តេច អ្នក​ទាំង​អស់​គ្នា​ក៏​កាត់​ទោស​ទ្រង់​ថា គួរ​ស្លាប់​ហើយ

65. អ្នក​ខ្លះ​ចាប់​តាំង​ស្តោះ​ដាក់​ទ្រង់ ក៏​ខ្ទប់​ព្រះ‌ភក្ត្រ ហើយ​វាយ​ទ្រង់ រួច​ទូល​ប្រាប់​ថា ចូរ​ទាយ​ចុះ ឯ​ពួក​អាជ្ញា ក៏​ទះ​ទ្រង់​ដែរ។

លោក​ពេត្រុស​បដិសេធ​ថា​មិន​ស្គាល់​ព្រះ‌យេស៊ូវ

66. រីឯ​ពេត្រុស គាត់​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រោម ហើយ​មាន​បាវ​ស្រី​របស់​សំដេច​សង្ឃ​ម្នាក់​មក

67. ឃើញ​ពេត្រុស​កំពុង​តែ​អាំង​ភ្លើង ក៏​សំឡឹង​មើល​គាត់ ហើយ​និយាយ​ថា អ្នក​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ពី​ណាសា‌រ៉ែត​នេះ​ដែរ

68. តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ដឹង មិន​យល់​ជា​អ្នក​និយាយ​អ្វី​ទេ រួច​គាត់​ចេញ​ទៅ​ឯ​ទីធ្លា​ខាង​ក្រៅ នោះ​មាន់​តាំង​រងាវ​ឡើង

69. បាវ​ស្រី​នោះ​ក៏​ឃើញ​គាត់​ម្តង​ទៀត ហើយ​ចាប់​តាំង​ប្រាប់​ដល់​ពួក​អ្នក ដែល​ឈរ​នៅ​ទី​នោះ​ថា អ្នក​នេះ​ជា​ពួក​គេ​ដែរ

70. គាត់​ប្រកែក​ម្តង​ទៀត រួច​ក្រោយ​បន្តិច​មក ពួក​អ្នក​ឈរ​នៅ​ទី​នោះ​និយាយ​ទៅ​ពេត្រុស​ថា ឯង​ប្រាកដ​ជា​ពួក​គេ​ដែរ ដ្បិត​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ

71. តែ​គាត់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ដែល​អ្នក​រាល់​គ្នា​និយាយ​ទេ

72. នោះ​មាន់​ក៏​រងាវ​ឡើង​ជា​គំរប់​២​ដង ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ កាល​គាត់​បាន​គិត​ពី​សេចក្តី​នោះ​ហើយ នោះ​ក៏​យំ។