ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អ្នក​ភូមិ​ណាសា‌រ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌យេស៊ូវ

1. ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​ទ្រង់​វិញ ហើយ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ

2. ដល់​ថ្ងៃ​ឈប់​សំរាក ទ្រង់​ចាប់​តាំង​បង្រៀន នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​ស្តាប់​ទ្រង់ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ថា អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​ពី​ណា​មក ចំណេះ​ណា​ហ្ន ដែល​បាន​ឲ្យ​មក​គាត់ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​យ៉ាង​នេះ​កើត​មក ដោយ‌សារ​ដៃ​គាត់​ដូច្នេះ

3. តើ​គាត់​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី ហើយ​ប្អូន​ស្រី​គាត់ តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទៅ​ទី​នេះ​ទេ​ឬ​អី អ្នក​ទាំង​នោះ​ក៏​អាក់‌អន់​ចិត្ត​នឹង​ទ្រង់

4. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ‌សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ

5. នៅ​ទី​នោះ ទ្រង់​ពុំ​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ទេ ទ្រង់​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​មនុស្ស​ពិការ​ខ្លះ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ

6. ទ្រង់​ក៏​អស្ចារ្យ​ពី​ដំណើរ​ដែល​គេ​មិន​ជឿ រួច​ទ្រង់​យាង​ទៅ​បង្រៀន​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​ទៅ។

ព្រះ‌យេស៊ូវ​ចាត់​សិស្ស​ទាំង​១២​រូប​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ

7. ទ្រង់​ហៅ​ពួក​១២​នាក់​មក ចាប់​តាំង​ចាត់​ឲ្យ​គេ​ទៅ​២​នាក់ៗ ទ្រង់​ប្រទាន​ឲ្យ​មាន​អំណាច​លើ​អស់​ទាំង​អារក្ស‌អសោច​ផង

8. ក៏​ហាម​មិន​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​សោះ លើក​តែ​ដំបង​១​ប៉ុណ្ណោះ ឥត​យក​យាម នំបុ័ង ឬ​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទេ

9. ពាក់​បាន​តែ​ស្បែក​ជើង​សង្រែក ឥត​ពាក់​អាវ​២​ឡើយ

10. រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ឲ្យ​នៅ​ផ្ទះ​នោះ​ទាល់​តែ​ដើរ​ចេញ​ហួស​ទៅ

11. ឯ​អស់​អ្នក​ណា​ដែល​មិន​ទទួល ឬ​ស្តាប់​អ្នក​រាល់​គ្នា នោះ​កាល​ណា​ដើរ​ចេញ​ពី​ទី​នោះ ត្រូវ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម ហើយ​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ

12. កាល​ពួក​សិស្ស​បាន​ចេញ​ទៅ នោះ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ឡើង

13. ក៏​បណ្តេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​មនុស្ស​ជំងឺ​ជា​ច្រើន​បាន​ជា​ដែរ។

ស្តេច​ហេរ៉ូឌ​សំឡាប់​លោក​យ៉ូហាន‌បាទីស្ទ

14. ដំណឹង​នោះ​ក៏​ឮ​ដល់​ស្តេច​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​ទ្រង់​កាន់​តែ​ល្បី​សុស‌សាយ​ទៅ ហើយ​ស្តេច​មាន​ព្រះ‌បន្ទូល​ថា​ច្បាស់​ជា​យ៉ូហាន-បាទីស្ទ បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​សំដែង​មក ដោយ‌សារ​គាត់​ដូច្នេះ

15. តែ​អ្នក​ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា ឬ​ដូច​ជា​ហោរា​ណា​មួយ

16. ប៉ុន្តែ កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ជា​យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល​ទេ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ

17. ដ្បិត​គឺ​ស្តេច​ហេរ៉ូឌ​នេះ​ឯង ដែល​បាន​ប្រើ​គេ​ទៅ​ចាប់​ចង​លោក​យ៉ូហាន​ដាក់​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​ភីលីព អនុជ​ទ្រង់ ព្រោះ​ស្តេច​បាន​យក​នាង​នោះ​មក​ធ្វើ​ជា​ភរិយា​របស់​ខ្លួន​វិញ

18. ហើយ​លោក​យ៉ូហាន​បាន​ទូល​ទាស់​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ភរិយា​របស់​អនុជ​ទ្រង់​ទេ

19. ឯ​នាង​ហេរ៉ូ‌ឌាស ក៏​ចង​គំនុំ​ចង់​សំឡាប់​លោក តែ​មិន​បាន​ឱកាស​សោះ

20. ព្រោះ​ស្តេច​ហេរ៉ូឌ​កោត‌ខ្លាច​លោក​យ៉ូហាន ដោយ​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ ទ្រង់​ក៏​ការ‌ពារ​ទុក​វិញ កាល​ទ្រង់​បាន​ស្តាប់​លោក នោះ​ក៏​មាន​ព្រះ‌ទ័យ​រា‌រែក​ជា​ខ្លាំង ប៉ុន្តែ បាន​ស្តាប់​លោក​ដោយ​អំណរ

21. លុះ​ថ្ងៃ​១​ជា​ថ្ងៃ​មាន​ឱកាស​ស្រួល គឺ​ថ្ងៃ​ចំរើន​ព្រះ‌ជន្ម​ស្តេច​ហេរ៉ូឌ កាល​ទ្រង់​រៀប​ជប់‌លៀង​ពួក​មន្ត្រី ពួក​មេ​ទ័ព​ធំ និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ

22. នោះ​កូន​ស្រី​របស់​ហេរ៉ូ‌ឌាស​បាន​ចូល​មក​រាំ ជា​ទី​នាំ​ឲ្យ​គាប់​ព្រះ‌ទ័យ​ដល់​ស្តេច​ហេរ៉ូឌ និង​ពួក​ភ្ញៀវ​ណាស់ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា របស់​អ្វី​ដែល​នាង​ចង់​បាន ចូរ​សូម​ពី​យើង​ចុះ យើង​នឹង​ឲ្យ

23. ទ្រង់​ក៏​ស្បថ​នឹង​នាង​ទៀត​ថា របស់​អ្វី​ក៏​ដោយ​ដែល​នាង​សូម នោះ​យើង​នឹង​ឲ្យ​ដោយ​ពិត ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង

24. នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ម្ចាស់​សូម​អ្វី មាតា​ឆ្លើយ​ថា ឲ្យ​សូម​ក្បាល​យ៉ូហាន-បាទីស្ទ​វិញ

25. រួច​នាង​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ឯ​ស្តេច​ភ្លាម ទូល​ថា ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឥឡូវ​នេះ

26. ពាក្យ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ​ព្រួយ​ខ្លាំង​ណាស់ តែ​ដោយ​ព្រោះ​សម្បថ​របស់​ទ្រង់ ហើយ​នឹង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​មិន​ប្រកែក​ឡើយ

27. ទ្រង់​ចាត់​ពេជ្ឃ‌ឃាត​ម្នាក់​ទៅ​ភ្លាម ដោយ​បង្គាប់​ឲ្យ​ទៅ​យក​ក្បាល​លោក​មក

28. អ្នក​នោះ​ក៏​ទៅ​កាត់​ក្បាល​លោក នៅ​ក្នុង​គុក ដាក់​លើ​ថាស​មក​ជូន​នាង នាង​ក៏​ថ្វាយ​ដល់​មាតា

29. កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ នោះ​គេ​មក​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ទៅ។

ព្រះ‌យេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភោគ

30. ឯ​ពួក​សាវក ក៏​ប្រជុំ​គ្នា​ឯ​ព្រះ‌យេស៊ូវ រ៉ាយ​រឿង​ទូល​ទ្រង់​ពី​ការ​ដែល​ខ្លួន​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​សេចក្តី​ដែល​បាន​បង្រៀន​ដែរ

31. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយ‌ឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង

32. នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​ឯ​ទី​ស្ងាត់​ដោយ‌ឡែក​ទៅ

33. ឯ​ហ្វូង​មនុស្ស​គេ​ឃើញ​ទ្រង់​ចេញ​ទៅ ហើយ​មាន​គ្នា​ច្រើន​បាន​ស្គាល់​ទ្រង់ បាន​ជា​មាន​មនុស្ស​ពី​គ្រប់​ក្រុង​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​មុន ប្រជុំ​គ្នា​ឯ​ទ្រង់។

34. កាល​ព្រះ‌យេស៊ូវ​បាន​ឡើង​ពី​ទូក​មក នោះ​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ជា​ធំ ក៏​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ពី​ព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្តី​ជា​ច្រើន

35. លុះ​ពេល​ជ្រុល​ហើយ នោះ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា ទី​នេះ​ជា​ទី​ស្ងាត់ ហើយ​ពេល​ក៏​ជ្រុល​ផង

36. សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​នៅ​ស្រុក​ស្រែ ហើយ​ក្នុង​ភូមិ​នៅ​ជុំ‌វិញ​ចុះ ដ្បិត​គេ​គ្មាន​អ្វី​បរិភោគ​សោះ

37. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ប៉ុន្តែ ពួក​សិស្ស​ទូល​ថា តើ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ទិញ​នំបុ័ង​ចំនួន​៤០​រៀល ឲ្យ​គេ​បរិភោគ​ឬ​អី

38. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន ចូរ​ទៅ​មើល​សិន កាល​បាន​ដឹង​ហើយ ក៏​ទូល​ឆ្លើយ​ថា មាន​៥​ដុំ និង​ត្រី​២​ទេ

39. នោះ​ទ្រង់​បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​លើ​ស្មៅ​ខ្ចី​ដោយ​ពួកៗ

40. គេ​ក៏​អង្គុយ​ដោយ​ជួរ ក្នុង​១​ជួរ​៥០​នាក់ ទាំង​អស់​មាន​១០០​ជួរ

41. រួច​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ប្រទាន​ពរ ហើយ​កាច់​នំបុ័ង​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​គេ ក៏​បែង​ភាគ​ត្រី​២​នោះ ចែក​ទៅ​មនុស្ស​ទាំង​អស់​ដែរ

42. គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា

43. រួច​ប្រមូល​ចំណិត​នំបុ័ង និង​ត្រី​ទាំង​ប៉ុន្មាន ដែល​សល់​នៅ បាន​១២​កន្ត្រក

44. ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ប្រុសៗ​៥​ពាន់​នាក់។

ព្រះ‌យេស៊ូវ​យាង​លើ​ទឹក​សមុទ្រ

45. ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​ជា​មុន ដរាប​ដល់​ទ្រង់​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​អស់

46. កាល​ទ្រង់​បាន​ឲ្យ​គេ​ទៅ​អស់​ហើយ នោះ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន

47. លុះ​ពេល​ព្រលប់ នោះ​ទូក​នៅ​កណ្តាល​សមុទ្រ តែ​ទ្រង់​គង់​នៅ​លើ​គោក​តែ​១​ព្រះ‌អង្គ​ទ្រង់

48. ទ្រង់​ក៏​ឃើញ​ពួក​សិស្ស​ចែវ​ទូក​ទាំង​លំបាក ព្រោះ​ច្រាស​ខ្យល់ លុះ​ពេល​ប្រហែល​ជា​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​គេ ហើយ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បង្ហួស​ទៅ​ទៀត

49. លុះ​កាល​គេ​បាន​ឃើញ​ទ្រង់​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ នោះ​គេ​នឹក​ស្មាន​ថា​ជា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង

50. ដ្បិត​គ្រប់​គ្នា​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ស្លុត តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​១​រំពេច​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី

51. នោះ​ទ្រង់​យាង​ឡើង​ទៅ​ឯ​គេ​នៅ​ក្នុង​ទូក រួច​ខ្យល់​ក៏​ស្ងប់​ឈឹង អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ពន់‌ពេក ព្រម​ទាំង​វិល‌វល់​ក្នុង​ចិត្ត

52. គេ​មិន​បាន​យល់​ដោយ‌សារ​ការ​ដែល​បាន​ចំរើន​នំបុ័ង​ទេ ដ្បិត​គេ​មាន​ចិត្ត​រឹង‌រូស។

ព្រះ‌យេស៊ូវ​ប្រោស​អ្នក​ជំងឺ​នៅ​ស្រុក​គេនេ‌សារ៉ែត

53. លុះ​បាន​ឆ្លង​ទៅ​ដល់​ស្រុក​គេនេ‌សារ៉ែត ត្រើយ​ខាង​នាយ​ហើយ នោះ​ក៏​ឈប់​ចត​ទូក

54. កាល​បាន​ឡើង​ពី​ទូក នោះ​មនុស្ស​ទាំង‌ឡាយ​បាន​ស្គាល់​ទ្រង់​ជា​១​រំពេច

55. ហើយ​រត់​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ តាំង​សែង​មនុស្ស​ជំងឺ​ដេក​លើ​ពូក​មក​ឯ​ទ្រង់ នៅ​កន្លែង​ត្រង់​ណា​ដែល​គេ​ឮ​ថា​ទ្រង់​គង់​នៅ

56. ហើយ​កន្លែង​ណា​ក៏​ដោយ ដែល​ទ្រង់​យាង​ចូល ទោះ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ក៏​បាន​ដាក់​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​នៅ​ទី​ផ្សារ រួច​ទូល​អង្វរ​ទ្រង់​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ ហើយ​អស់​អ្នក​ណា​ដែល​បាន​ពាល់​ទ្រង់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។