ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌ដំបូន្មាន​អំពី​រឿង​លែង‌លះ​ប្ដី​ប្រពន្ធ

1. ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ព្រំ‌ដែន​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នោះ​មាន​មនុស្ស​កក‌កុញ​ប្រជុំ​គ្នា​ឯ​ទ្រង់​ម្តង​ទៀត ហើយ​ទ្រង់​ក៏​បង្រៀន​គេ​តាម​ទំលាប់​ទ្រង់

2. ពួក​ផារី‌ស៊ី​គេ​មក​ល្បង​សួរ​ទ្រង់ ពី​ច្បាប់​ដែល​នឹង​លែង​ប្រពន្ធ​បាន​ឬ​មិន​បាន

3. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​លោក​ម៉ូសេ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច

4. គេ​ទូល​ថា លោក​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ទៅ

5. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដែល​លោក​បាន​តែង​ច្បាប់​នោះ​ឲ្យ​អ្នក​រាល់​គ្នា គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង‌រូស​ប៉ុណ្ណោះ

6. ប៉ុន្តែ តាំង​ពី​ដើម​កំណើត​មនុស្ស​មក នោះ​ព្រះ​ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី

7. ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​តែង​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ

8. ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​សុទ្ធ

9. ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ

10. កាល​កំពុង​នៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់ ពី​សេចក្តី​ដដែល​ម្តង​ទៀត

11. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​នឹង​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ផិត​ប្រពន្ធ​ហើយ

12. បើ​ស្ត្រី​ណា​លែង​ប្ដី​ទៅ​យក​១​ទៀត នោះ​ក៏​ឈ្មោះ​ថា​បាន​ផិត​ប្ដី​ដែរ។

ព្រះ‌យេស៊ូវ​ប្រទាន​ពរ​ដល់​ក្មេងៗ

13. រួច​មាន​គេ​នាំ​ក្មេង​តូចៗ មក​ថ្វាយ​ទ្រង់​ពាល់ ប៉ុន្តែ ពួក​សិស្ស​បន្ទោស​ដល់​ពួក​អ្នក​ដែល​នាំ​វា​មក

14. កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ នោះ​ទ្រង់​គ្នាន់​ក្នុង​ព្រះ‌ហឫ‌ទ័យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ

15. ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១​នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ

16. ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ‌ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។

អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប‌ជានិច្ច

17. កាល​ទ្រង់​យាង​ចេញ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​រត់​មក លុត​ជង្គង់​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់​ទូល​សួរ​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​កល្ប‌ជានិច្ច

18. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​សោះ មាន​តែ​១ គឺ​ជា​ព្រះ​ប៉ុណ្ណោះ

19. អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​គេ​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង»

20. តែ​គាត់​ទូល​ឆ្លើយ​ថា លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ

21. ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គាត់ ដោយ​ស្រឡាញ់ ហើយ​មាន​ព្រះ‌បន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ‌សម្បត្តិ​នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ

22. តែ​គាត់​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ឮ​ពាក្យ​នោះ ក៏​ចេញ​ទៅ​ទាំង​ក្តី​ទុក្ខ ព្រោះ​គាត់​មាន​សម្បត្តិ​ច្រើន​ណាស់។

23. ព្រះ‌យេស៊ូវ​ទ្រង់​ងាក​ទត​ជុំ‌វិញ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ដែល​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ នោះ​ពិបាក​ណាស់

24. ឯ​ពួក​សិស្ស ក៏​នឹក​ស្ងើច​នឹង​ព្រះ‌បន្ទូល​ទ្រង់ តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា កូន​អើយ ពួក​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ទ្រព្យ‌សម្បត្តិ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ដោយ​ពិបាក​ណាស់

25. បើ​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​វិញ

26. គេ​ក៏​មាន​សេចក្តី​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​បើ​ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ

27. ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ មាន​ព្រះ‌បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន

28. នោះ​ពេត្រុស​ចាប់​តាំង​ទូល​ទ្រង់​ថា មើល​យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ

29. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ

30. ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ម្តាយ​ហើយ​កូន និង​ស្រែ​ចំការ ព្រម​ទាំង​សេចក្តី​បៀត‌បៀន​ដែរ ហើយ​ដល់​បរ‌លោក​នាយ នឹង​បាន​ជីវិត​រស់​អស់​កល្ប‌ជានិច្ច​ផង

31. តែ​នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ។

ព្រះ‌យេស៊ូវ​ប្រកាស​ជា​លើក​ទី​បី​អំពី​ព្រះ‌អង្គ​ចូល​ទិវង្គត

32. កំពុង​ដែល​ដើរ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេស៊ូវ​យាង​មុខ​គេ ហើយ​ពួក​សិស្ស​មាន​ចិត្ត​វិល‌វល់ ក៏​ដើរ​តាម​ទ្រង់​ទៅ​ទាំង​ភ័យ‌ភិត ទ្រង់​ក៏​យក​ពួក​១២​មក​ម្តង​ទៀត ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​មក​ដល់​ទ្រង់​ថា

33. មើល​យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ

34. ពួក​នោះ​នឹង​ចំអក​មើល‌ងាយ វាយ​នឹង​រំពាត់ ស្តោះ​ដាក់ ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ។

សំណូម‌ពរ​របស់​លោក​យ៉ាកុប និង​លោក​យ៉ូហាន

35. ខណៈ​នោះ យ៉ាកុប និង​យ៉ូហាន​ជា​កូន​សេបេដេ ក៏​មក​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្តី​សំណូម​របស់​យើង​ខ្ញុំ​ផង

36. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​សំរេច​អ្វី​ឲ្យ​អ្នក

37. គេ​ក៏​ទូល​ឆ្លើយ​ថា សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរី‌ល្អ​របស់​លោក

38. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា អ្នក​មិន​យល់​សេចក្តី​ដែល​អ្នក​សូម​នោះ​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែងដែល​ខ្ញុំ​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ

39. គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​អំពី​ពែង​ខ្ញុំ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន

40. តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា​ដែល​ទី​នោះ​បាន​រៀប‌ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ

41. កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្តី​នោះ នោះ​គេ​ក៏​នឹក​តូច​ចិត្ត​នឹង​យ៉ាកុប ហើយ​នឹង​យ៉ូហាន

42. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ

43. ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ

44. ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ

45. ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារទីមេ​ឲ្យ​ភ្លឺ

46. ខណៈ​នោះ ក៏​មក​ដល់​ក្រុង​យេរីខូរ ហើយ​កំពុង​ដែល​ទ្រង់​យាង​ចេញ​ពី​នោះ​ទៅ ព្រម​ទាំង​ពួក​សិស្ស និង​ហ្វូង​មនុស្ស​ជា​ធំ​ផង នោះ​មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទីមេ ជា​កូន​ទីមេ កំពុង​អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ

47. កាល​គាត់​បាន​ឮ​ថា ជា​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង

48. មាន​មនុស្ស​ជា​ច្រើន​កំហែង​ឲ្យ​គាត់​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អង្គ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង

49. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​គាត់​មក គេ​ក៏​ហៅ​មក ដោយ​ប្រាប់​ថា ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​ឯង

50. គាត់​បោះ​អាវ​ធំ​ចោល រួច​ស្ទុះ​ក្រោក​ឡើង ទៅ​ឯ​ព្រះ‌យេស៊ូវ

51. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក អ្នក​នោះ​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូល‌បង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង

52. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ទៅ​ចុះ​សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ស្រាប់​តែ​ភ្នែក​ក៏​ភ្លឺ​ឡើង​ភ្លាម រួច​គាត់​ដើ​តាម​ទ្រង់​ទៅ។