ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្តី​ស្លាប់ ដរាប​ដល់​បាន​ឃើញ​នគរ​ព្រះ​មក ទាំង​មាន​ព្រះ‌ចេស្តា។

សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូវ

2. កន្លង​៦​ថ្ងៃ​មក​ទៀត ព្រះ‌យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ទៅ​ជា​មួយ នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់ ដោយ‌ឡែក ទ្រង់​ក៏​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ

3. ព្រះ‌ពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​ស‌ស្គុស​ដូច​ហិមៈ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ប្រមោក​ណា នៅ​ផែនដី​នេះ ដែល​អាច​នឹង​ប្រមោក​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ

4. នោះ​លោក​អេលីយ៉ា ព្រម​ទាំង​លោក​ម៉ូសេ បាន​លេច​មក​ឲ្យ​ឃើញ កំពុង​តែ​ទូល​នឹង​ព្រះ‌យេស៊ូវ

5. រួច​ពេត្រុស​ទូល​ទៅ​ទ្រង់​ថា លោក​គ្រូ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា

6. នេះ​ដ្បិត​គាត់​មិន​ដឹង​ជា​ត្រូវ​និយាយ​ដូច​ម្តេច​ទេ ពី​ព្រោះ​មាន​សេចក្តី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា

7. នោះ​មាន​ពពក​មក​គ្រប​បាំង ហើយ​មាន​ឮ​សូរ​សំឡេង​ចេញ​ពី​ពពក​ថា នេះ​ជា​កូន​ស្ងួនភ្ងា​អញ ចូរ​ស្តាប់​តាម​ចុះ

8. ស្រាប់​តែ​គេ​ក្រឡេក​មើល​ជុំ‌វិញ​ទៅ ឥត​មាន​ឃើញ​អ្នក​ណា​ទៀត​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​គង់​ជា​មួយ​ប៉ុណ្ណោះ។

9. កំពុង​ដែល​ចុះ​ពី​ភ្នំ​មក នោះ​ទ្រង់​ហាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ដែល​បាន​ឃើញ​នោះ​ឡើយ ដរាប​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

10. អ្នក​ទាំង​នោះ​ក៏​រក្សា​ពាក្យ​នោះ​ទុក​នៅ​តែ​ក្នុង​ពួក​គេ ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​យ៉ាង​ណា

11. ក៏​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន

12. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ ប៉ុន្តែ ធ្វើ​ដូច​ម្តេច​បាន​ជា​មាន​សេចក្តី​ចែង​ទុក​ពី​កូន​មនុស្ស​ថា លោក​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ព្រម​ទាំង​ត្រូវ​គេ​មើល‌ងាយ​ផង

13. ចំណែក​លោក​អេលីយ៉ា នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​បាន​មក​ហើយ គេ​ក៏​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​ជា​មាន​សេចក្តី​ចែង​ទុក​ពី​លោក​ស្រាប់។

ព្រះ‌យេស៊ូវ​ដេញ​អារក្ស​ចេញ​ពី​ក្មេង​ម្នាក់

14. លុះ​បាន​មក​ដល់​ពួក​សិស្ស​ហើយ នោះ​ទ្រង់​ឃើញ​មាន​ហ្វូង​មនុស្ស​ជា​ធំ​នៅ​ព័ទ្ធ​គេ​ជុំ‌វិញ ក៏​មាន​ពួក​អាចារ្យ​ខ្លះ កំពុង​តែ​ដេញ​ដោល

15. កាល​ហ្វូង​មនុស្ស​ឃើញ​ទ្រង់ ស្រាប់​តែ​កើត​មាន​សេចក្តី​ស្រឡាំង​កាំង រួច​រត់​ទៅ​ទទួល​ទ្រង់​ដោយ​គោរព

16. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អាចារ្យ​ថា តើ​អ្នក​រាល់​គ្នា​ជជែក​ពី​រឿង​អ្វី​នឹង​អ្នក​ទាំង​នេះ

17. នោះ​មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​កាត់​ឆ្លើយ​ថា លោក​គ្រូ​អើយ ខ្ញុំ​បាន​នាំ​កូន​ខ្ញុំ​មក​ឯ​លោក ព្រោះ​វា​មាន​អារក្ស​គ​ចូល

18. នៅ​កន្លែង​ណា​ដែល​អារក្ស​ជាន់​វា​ម្តងៗ នោះ​ក៏​ធ្វើ​ឲ្យ​វា​ប្រកាច់​ជា​ខ្លាំង វា​បែក​ពពុះ​មាត់ ព្រម​ទាំង​សង្កៀត​ធ្មេញ ហើយ​ចេះ​តែ​ហេវ​ទៅៗ ខ្ញុំ​បាន​សូម​ពួក​សិស្ស​លោក ឲ្យ​ដេញ​អារក្ស​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​ចេញ​បាន​ទេ

19. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ

20. គេ​ក៏​នាំ​វា​ទៅ កាល​បាន​ឃើញ​ទ្រង់ នោះ​ស្រាប់​តែ​អារក្ស​ជាន់​វា ឲ្យ​ប្រកាច់​ដួល​ននៀល​នៅ​ដី ទាំង​បែក​ពពុះ​មាត់

21. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ឪពុក​ថា វា​បាន​ឈឺ​ដូច្នេះ​ជា​យូរ​ប៉ុន្មាន​មក​ហើយ គាត់​ទូល​ឆ្លើយ​ថា តាំង​តែ​ពី​តូច​មក

22. ជួន‌កាល​ក៏​បោះ​វា​ទៅ​ក្នុង​ភ្លើង​ក្នុង​ទឹក​ជា​ញយៗ ដើម្បី​នឹង​បំផ្លាញ​វា​ទៅ ប៉ុន្តែ បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង

23. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សំរេច​បាន ដល់​អ្នក​ណា​ដែល​ជឿ

24. ស្រាប់​តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង

25. កាល​ព្រះ‌យេស៊ូវ​ឃើញ​មនុស្ស​សន្ធឹក​កំពុង​តែ​រត់​មក នោះ​ទ្រង់​កំហែង​ទៅ​អារក្ស‌អសោច​ថា នែ អារក្ស​គ​ថ្លង់​អើយ អញ​បង្គាប់​ឲ្យ​ឯង​ចេញ​ពី​វា​ទៅ កុំ​ឲ្យ​ចូល​វា​ទៀត​ឡើយ

26. វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ

27. ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។

28. លុះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នេះ​ពុំ​បាន

29. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដែល​នឹង​ដេញ​អារក្ស​បែប​យ៉ាង​នេះ​បាន នោះ​គឺ​ដោយ‌សារ​តែ​អធិស្ឋាន ហើយ​នឹង​តម​ទេ។

ព្រះ‌យេស៊ូវ​ប្រកាស​សា​ជា​ថ្មី​អំពី​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត

30. កាល​ចេញ​ពី​ទី​នោះ ក៏​យាង​កាត់​ស្រុក​កាលី‌ឡេ​ទៅ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ

31. ដ្បិត​ទ្រង់​កំពុង​តែ​បង្រៀន​ពួក​សិស្ស​ថា កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ

32. តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​សេចក្តី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ផង។

អ្នក​ដែល​ធំ​ជាង​គេ

33. លុះ​ទៅ​ដល់​កាពើ‌ណិម កាល​កំពុង​តែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ

34. តែ​គេ​នៅ​តែ​ស្ងៀម ពី​ព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នក​ណា​ដែល​ធំ​ជាង

35. ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក​១២​មក​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ

36. ទ្រង់​ក៏​យក​កូន​តូច​១ ដាក់​នៅ​កណ្តាល​ជំនុំ រួច​ទ្រង់​បី​វា មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា

37. អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ។

អ្នក​ណា​មិន​ជំទាស់​យើង អ្នក​នោះ​ជា​ពួក​យើង

38. យ៉ូហាន​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់ ដែល​មិន​ដើរ​តាម​យើង​ខ្ញុំ គេ​កំពុង​តែ​ដេញ​អារក្ស ដោយ​នូវ​ឈ្មោះ​លោក ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គេ ពី​ព្រោះ​គេ​មិន​ដើរ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ

39. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា កុំ​ឃាត់​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី ដោយ​នូវ​ឈ្មោះ​ខ្ញុំ រួច​និយាយ​អាក្រក់​ពី​ខ្ញុំ​ភ្លាម​១​រំពេច​បាន​ទេ

40. ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​វិញ

41. អ្នក​ណា​ដែល​ឲ្យ​ទឹក​១​កែវ ទៅ​អ្នក​រាល់​គ្នា​ផឹក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

កុំ​នាំ​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប

42. តែ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​កូន​ណា​មួយ ដែល​ជឿ​ដល់​ខ្ញុំ​នេះ រវាត​ចិត្ត​ចេញ នោះ​បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ យ៉ាង​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង

43. បើ​ដៃ​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​វិញ ជា​ជាង​មាន​ដៃ​ទាំង​២ ហើយ​ធ្លាក់​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន

44. ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ

45. បើ​ជើង​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ជើង​វិញ ជា​ជាង​មាន​ជើង​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​នរក នៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន

46. ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ

47. ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​ខ្វែះ​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ក្នុង​នគរ​ព្រះ​មាន​ភ្នែក​តែ​១ ជា​ជាង​មាន​ភ្នែក​ទាំង​២ ហើយ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​នរក​វិញ

48. ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ដែល​ស្លាប់ ហើយ​ភ្លើង​មិន​ដែល​រលត់​ឡើយ

49. ដ្បិត​គ្រប់​គ្នា​ត្រូវ​បំប្រៃ​នឹង​ភ្លើង ហើយ​គ្រប់​ទាំង​យញ្ញ‌បូជា​ត្រូវ​បំប្រៃ​នឹង​អំបិល

50. អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន

51. ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំបិល​នៅ​ក្នុង​ខ្លួន ហើយ​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ចុះ។