ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​សាសន៍​អ៊ីស្រា‌អែល គេ​លើក​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលីស្ទីន បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលីស្ទីន ក៏​បោះ​ទ័ព​នៅ​ត្រង់​អាផែក។

សាសន៍​ភីលីស្ទីន​ដណ្តើម​យក​បាន​ហឹប​នៃ​សេចក្តី​សញ្ញា

2. ពួក​ភីលីស្ទីន​គេ​ដំរៀប​ទ័ព​ប្រទល់​នឹង​អ៊ីស្រា‌អែល​រួច​កាល​គេ​បាន​ចូល​ប្រឡូក​ត​ដៃ​គ្នា នោះ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សំឡាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​៤​ពាន់​នាក់

3. ដូច្នេះ កាល​ពួក​ពល​បាន​ចូល​មក​ក្នុង​ទី​បោះ​ទ័ព​វិញ នោះ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ជំនុំ​គ្នា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​យើង នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន​ក្នុង​ថ្ងៃ​នេះ​ដូច្នេះ ចូរ​យើង​នាំ​យក​ហឹប​នៃ​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​ឯ​យើង ដើម្បី​ឲ្យ​នៅ​កណ្តាល​ពួក​យើង ហើយ​ជួយ​សង្គ្រោះ​យើង ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

4. នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ឯ​ស៊ីឡូរ នាំ​យក​ហឹប​នៃ​សេចក្តី​សញ្ញា ផង​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្តាល​ចេរូប៊ីន ពី​ទី​នោះ​មក ឯ​ហុបនី និង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២ ក៏​នៅ​ទី​នោះ ជា​មួយ​នឹង​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ​ដែរ។

5. កាល​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ក្នុង​ទី​បោះ​ទ័ព​ហើយ នោះ​ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ស្រែក​ឡើង​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ឮ​ខ្ទរ‌ខ្ទារ​នៅ​ផែនដី

6. លុះ​ពួក​ភីលីស្ទីន​បាន​ឮ​សូរ‌សព្ទ​សំរែក​ដូច្នោះ ក៏​សួរ​គ្នា​ថា តើ​សូរ‌សព្ទ​សំរែក​ជា​ខ្លាំង​ដល់​ម៉្លេះ នៅ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​ហេព្រើរ​ជា​យ៉ាង​ណា​ហ្ន៎ នោះ​ក៏​យល់​ឃើញ​ថា ហឹប​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ

7. ដូច្នេះ ពួក​ភីលីស្ទីន​មាន​សេចក្តី​ភ័យ ដោយ​ថា ព្រះ​បាន​យាង​មក​ក្នុង​ទី​បោះ​ទ័ព​គេ​ហើយ រួច​ក៏​ថា វរ‌ហើយ យើង​រាល់​គ្នា ដ្បិត​កាល​ពី​ដើម​មិន​ដែល​មាន​ដូច្នេះ​ឡើយ

8. វរ‌ហើយ យើង​រាល់​គ្នា តើ​មាន​អ្នក​ណា​នឹង​ជួយ​យើង ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ព្រះ​ដ៏​ខ្លាំង​ពូកែ​ទាំង​នេះ គឺ​ព្រះ​ទាំង​ប៉ុន្មាន​នេះ​ហើយ ដែល​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ទី​រហោ‌ស្ថាន ដោយ​សេចក្តី​វេទនា​គ្រប់​យ៉ាង

9. ឱ​ពួក​ភីលីស្ទីន​អើយ ចូរ​ខំ​ប្រឹង​ឡើង ហើយ​សំរេច​ខ្លួន​ឲ្យ​ពេញ​ជា​មនុស្ស​ចុះ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ធ្លាក់​ទៅ​ជា​បាវ​បំរើ​នៃ​ពួក​ហេព្រើរ ដូច​ជា​គេ​បាន​ធ្វើ​ជា​បាវ‌បំរើ​ដល់​យើង​នោះ​ឡើយ ចូរ​សំរេច​ខ្លួន​ឲ្យ​ពេញ​ជា​មនុស្ស ហើយ​ត​ដៃ​នឹង​គេ​ចុះ

10. ដូច្នេះ ពួក​ភីលីស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់​ដៃ រត់​ទៅ​ឯ​ត្រសាល​វិញ​រៀង​ខ្លួន ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​៣​ម៉ឺន​នាក់

11. ឯ​ហឹប​របស់​ព្រះ គេ​ក៏​ចាប់​នាំ​យក​ទៅ ចំណែក​ហុបនី និង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​ក៏​ស្លាប់​ដែរ។

មរណ‌ភាព​របស់​សង្ឃ​អេលី ព្រម​ទាំង​កូន​ប្រសា​ស្រី​របស់​លោក

12. នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​បេន‌យ៉ា‌មីន​ម្នាក់​រត់​ពី​ទី​ចំបាំង ទៅ​ឯ​ស៊ីឡូរ មាន​សំលៀក‌បំពាក់​រហែក‌រហួរ ហើយ​មាន​ដី​នៅ​លើ​ក្បាល​ផង

13. កាល​គាត់​ចូល​ទៅ​ដល់ នោះ​អេលី​កំពុង​អង្គុយ​ទន្ទឹង​ចាំ​នៅ​មាត់​ផ្លូវ ដ្បិត​លោក​មាន​ចិត្ត​ភ័យ​ញ័រ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ​ជា​ខ្លាំង កាល​អ្នក​នោះ​បាន​ចូល​មក​ប្រាប់​ដំណឹង​ដល់​ពួក​ទី​ក្រុង នោះ​គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា

14. ឯ​អេលី ក៏​ឮ​សូរ‌សព្ទ​សំរែក​នោះ​ហើយ​សួរ​ថា តើ​សូរ‌សព្ទ​អឺង‌កង​ដែល​ឮ​មក​នេះ ដោយ​ហេតុ​អ្វី ដូច្នេះ អ្នក​នោះ​ក៏​ចូល​មក​ជា​ប្រញាប់​ជំរាប​ដល់​អេលី

15. រីឯ​អេលី​លោក​មាន​អាយុ​៩៨​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​ជិត មើល​អ្វី​មិន​ឃើញ​ឡើយ

16. អ្នក​នោះ​ជំរាប​ថា គឺ​ខ្ញុំ​នេះ​ដែល​ចេញ​មក​ពី​ទី​ចំបាំង ខ្ញុំ​បាន​រត់​រួច​នៅ​ថ្ងៃ​នេះ​ឯង អេលី​សួរ​ថា កូន​អើយ ចុះ​តើ​យ៉ាង​ដូច​ម្តេច​ទៅ

17. អ្នក​ដែល​នាំ​ដំណឹង​មក​ក៏​ឆ្លើយ​ថា ពួក​អ៊ីស្រា‌អែល​យើង​បាន​រត់ ពី​ចំពោះ​ពួក​ភីលីស្ទីន​ចេញ មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហើយ​ហុបនី និង​ភីនេ‌ហាស កូន​លោក​ទាំង​២​ក៏​ស្លាប់​ទៅ​ដែរ ឯ​ហឹប​នៃ​ព្រះ គេ​ក៏​បាន​ចាប់​យក​ទៅ​ហើយ

18. កាល​អ្នក​នោះ​ដំណាល​ពី​ហឹប​នៃ​ព្រះ​ដូច្នោះ នោះ​ស្រាប់​តែ​អេលី លោក​ផ្ងារ​ធ្លាក់​ចុះ​ពី​ជើងម៉ា ជា​ទី​ដែល​លោក​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​នោះ បាក់​ក​ស្លាប់​ទៅ ដ្បិត​មាន​អាយុ​ច្រើន ហើយ​ក៏​ធ្ងន់​ផង លោក​បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​៤០​ឆ្នាំ។

19. រីឯ​កូន​ប្រសា​លោក ជា​ប្រពន្ធ​ភីនេ‌ហាស នាង​មាន​ទំងន់​ជិត​សំរាល​ហើយ កាល​ឮ​ដំណឹង​ពី​គេ​ចាប់​យក​ហឹប​នៃ​ព្រះ និង​ពី​ឪពុក​ក្មេក ហើយ​នឹង​ប្ដី​ខ្លួន​បាន​ស្លាប់​ហើយ​ដូច្នោះ នោះ​ស្រាប់​តែ​នាង​ចាប់​ឈឺ​ពោះ ហើយ​ឱន​ខ្លួន​សំរាល​កូន​មក​ភ្លាម

20. កាល​នាង​ជិត​ផុត​ជីវិត​ទៅ នោះ​ពួក​ស្រី ដែល​ឈរ​នៅ​ជិត​នាង ក៏​ប្រាប់​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​នាង​បាន​កូន​ប្រុស​ហើយ តែ​នាង​មិន​បាន​ឆ្លើយ​សោះ ក៏​មិន​រវល់​ផង

21. នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីកាបូឌ ដោយ​ពាក្យ​ថា សិរី‌ល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រា‌អែល​បាត់​ហើយ គឺ​ដោយ​ព្រោះ​គេ​បាន​ចាប់​យក​ហឹប​នៃ​ព្រះ​ទៅ ហើយ​ដោយ​ព្រោះ​ឪពុក​ក្មេក និង​ប្ដី​នាង​ផង

22. នាង​និយាយ​ថា សិរី‌ល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រា‌អែល​បាត់​ហើយ ពី​ព្រោះ​គេ​បាន​ចាប់​យក​ហឹប​នៃ​ព្រះ​ទៅ។