ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​សូល​រក​សំឡាប់​ដាវីឌ

1. គ្រា​នោះ សូល​ទ្រង់​បង្គាប់​ដល់​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ និង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ឲ្យ​សំឡាប់​ដាវីឌ​ចោល តែ​យ៉ូណា‌ថាន​ជា​បុត្រា​សូល លោក​មាន​ចិត្ត​ស្រឡាញ់​ដាវីឌ​ណាស់

2. បាន​ជា​លោក​ប្រាប់​ដល់​ដាវីឌ​ថា សូល​ជា​បិតា​ខ្ញុំ​រក​សំឡាប់​អ្នក ដូច្នេះ ដល់​ព្រឹក​ឡើង សូម​ឲ្យ​អ្នក​ប្រយ័ត្ន​ខ្លួន ត្រូវ​ឲ្យ​ពួន​នៅ​ក្នុង​ទី​សំងាត់​ណា​មួយ​ទៅ

3. នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ជា​មួយ​នឹង​បិតា​ខ្ញុំ​ក្នុង​វាល​ជិត​កន្លែង​ណា​ដែល​អ្នក​ពួន​នោះ រួច​ខ្ញុំ​នឹង​ស្នើ​ការ​ពី​ដំណើរ​អ្នក​ចំពោះ​បិតា​ខ្ញុំ បើ​ខ្ញុំ​ឃើញ​ហេតុ​ជា​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក

4. ដូច្នេះ យ៉ូណា‌ថាន​ក៏​ដំណាល​សេចក្តី​យ៉ាង​ល្អ​ពី​ដំណើរ​ដាវីឌ ទូល​ដល់​សូល​ជា​បិតា​ថា សូម​កុំ​ឲ្យ​បិតា​ធ្វើ​បាប​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ឡើយ ដ្បិត​គាត់​មិន​បាន​ធ្វើ​ខុស​នឹង​បិតា​ទេ ហើយ​ការ​ដែល​គាត់​ធ្វើ​សោត​នោះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​បិតា​ទាំង​អស់​ផង

5. គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​ជា​ធំ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​សេចក្តី​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស​វិញ ដោយ​សំឡាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី

6. នោះ​សូល​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​យ៉ូណា‌ថាន ព្រម​ទាំង​ចេញ​វាចា​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា វា​មិន​ត្រូវ​ស្លាប់​ទេ

7. រួច​មក​យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្តី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ឯ​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។

ព្រះ‌នាង​មីកាល​ជួយ​សង្គ្រោះ​ដាវីឌ

8. សម័យ​នោះ កើត​មាន​ចំបាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ប្រហារ​សំឡាប់​ជីវិត​គេ​យ៉ាង​សំបើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។

9. រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង

10. ស្រាប់​តែ​សូល​ទ្រង់​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ ដែល​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះ​ដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង

11. ឯ​សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ផ្ទះ​ដាវីឌ​ដើម្បី​នឹង​ចាំ​យាម ហើយ​នឹង​សំឡាប់​លោក​ដល់​ព្រឹក​ឡើង តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ នោះ​ស្អែក​ឡើង​អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ

12. ដូច្នេះ មីកាល​បាន​សំរូត​បញ្ចុះ​ដាវីឌ​តាម​បង្អួច​ទៅ ហើយ​លោក​ក៏​រត់​ចេញ​រួច

13. ឯ​មីកាល​នាង​យក​រូប​១​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង

14. លុះ​កាល​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា លោក​ឈឺ

15. រួច​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​ប្រាប់​ថា ចូរ​សែង​នាំ​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែ មក​ឲ្យ​អញ​បាន​សំឡាប់​ចេញ

16. តែ​កាល​ពួក​នោះ​បាន​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​រូប​ផ្តេក​នៅ​គ្រែ ហើយ​នឹង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ

17. ដូច្នេះ សូល​ទ្រង់​សួរ​មីកាល​ថា ម្តេច​ក៏​ឯង​បញ្ឆោត​អញ ហើយ​ទុក​ឲ្យ​សត្រូវ​អញ​រួច​ទៅ​ដូច្នេះ មីកាល​ទូល​ឆ្លើយ​ថា គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​អញ​ទៅ ចង់​ឲ្យ​អញ​សំឡាប់​ឯង​ឬ។

18. រីឯ​ដាវីឌ លោក​រត់​រួច​ទៅ​ដល់​សាំយូ‌អែល នៅ​ឯ​រ៉ាម៉ា ហើយ​ជំរាប​ពី​សេចក្តី​ទាំង​ប៉ុន្មាន ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត

19. មាន​គេ​ទូល​ដល់​សូល​ថា មើល ដាវីឌ​នៅ​ត្រង់​ណា‌យ៉ូត​ដែល​នៅ​ស្រុក​រ៉ាម៉ា

20. នោះ​សូល​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ និង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេនោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ទាយ​ដែរ

21. កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​សូល នោះ​ទ្រង់​ចាត់​១​ពួក​ឲ្យ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​ទាយ​ដែរ សូល​ទ្រង់​ចាត់​ពួក​មនុស្ស​ឲ្យ​ទៅ​អស់​វារៈ​ជា​គំរប់​៣​ដង តែ​គេ​ទាយ​ដូច​គ្នា​ទាំង​អស់

22. ពេល​នោះ ទ្រង់​ក៏​យាង​ទៅ​ឯ​រ៉ាម៉ា ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ កាល​បាន​ដល់​ទៅ​អណ្តូង​១​នៅ​ត្រង់​សេគូវ នោះ​ទ្រង់​សួរ​គេ​ថា តើ​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា គេ​ឆ្លើយ​ថា លោក​នៅ​ឯ​ណា‌យ៉ូត ក្នុង​ស្រុក​រ៉ាម៉ា

23. ទ្រង់​ក៏​យាង​ទៅ​ឯ​ណា‌យ៉ូត​ស្រុក​រ៉ាម៉ា​នោះ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​យាង​ទៅ​ទាំង​ទាយ​បណ្តើរ​រហូត​ដល់​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា

24. ទ្រង់​ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ក៏​ទាយ​នៅ​មុខ​សាំយូ‌អែល រួច​ដេក​អាក្រាត​នៅ​ដី​ពេញ​១​ថ្ងៃ​១​យប់​នោះ ហេតុ​នោះ​បាន​ជា​គេ​សួរ​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី។