ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​សូល​ធ្វើ​សង្គ្រាម​ជា​មួយ​សាសន៍​អាម៉ា‌លេក

1. គ្រា​នោះ សាំយូ‌អែល​ទូល​ទៅ​សូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ទូល‌បង្គំ​មក ឲ្យ​ចាក់​ប្រេង​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ដូច្នេះ សូម​ទ្រង់​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ

2. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹក​ចាំ​ពី​ការ ដែល​ពួក​អាម៉ា‌លេក ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល​ហើយ គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

3. ដូច្នេះ ចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ា‌លេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​សំឡាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម និង​អូដ្ឋ ហើយ​នឹង​លា​ដែរ។

4. ដូច្នេះ សូល​ទ្រង់​ក៏​កេណ្ឌ​ប្រមូល​បណ្តា‌ជន ហើយ​គណនា​រាប់​គេ​នៅ​ត្រង់​ថេលែម ឃើញ​មាន​ពល​ថ្មើរ​ជើង​ចំនួន​២​សែន​នាក់ និង​ពួក​យូដា​១​ម៉ឺន​នាក់​ទៀត

5. រួច​សូល​ទ្រង់​ក៏​នាំ​ទៅ​ឯ​ទី​ក្រុង​របស់​ពួក​អាម៉ា‌លេក ហើយ​បង្កប់​ពល​នៅ​វាល​ច្រក​ភ្នំ

6. ទ្រង់​ប្រាប់​ដល់​ពួក​សាសន៍​កែន​ថា ចូរ​អ្នក​រាល់​គ្នា​ថយ​ចុះ​ចេញ​ពី​កណ្តាល​ពួក​អាម៉ា‌លេក​ទៅ ក្រែង​ត្រូវ​ស្លាប់​ជា​មួយ​នឹង​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​បាន​សំដែង​សេចក្តី​សប្បុរស ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក្នុង​កាល​ដែល​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​សាសន៍​កែន​ក៏​ថយ​ចេញ​ពី​កណ្តាល​ពួក​អាម៉ា‌លេក​ទៅ

7. រួច​សូល​ទ្រង់​វាយ​ពួក​អាម៉ា‌លេក​នោះ ចាប់​តាំង​ពី​ហាវីឡា រហូត​ដល់​ស៊ើរ​ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ

8. ក៏​ចាប់​បាន​អ័កាក់ ជា​ស្តេច​សាសន៍​អាម៉ា‌លេក មក​ទាំង​រស់ តែ​កាប់​រំលីង​ពួក​ជន​ដោយ​មុខ​ដាវ

9. ឯ​អ័កាក់​នោះ​សូល និង​ពួក​ទ័ព បាន​ទុក​ឲ្យ​នៅ​វិញ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ និង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម និង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ តែ​ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​ដំឡៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចេញ​ទាំង​អស់​វិញ។

ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​ស្តេច​សូល

10. ខណៈ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាំយូ‌អែល​ថា

11. អញ​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​អញ​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​អញ​សោះ នោះ​សាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​១​យប់

12. រួច​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​នឹង​ទៅ​ជួប​នឹង​សូល​ក្នុង​ព្រឹក​នោះ មាន​គេ​ជំរាប​សាំយូ‌អែល​ថា សូល​ទ្រង់​បាន​យាង​មក​ដល់​កើមែល​ហើយ មើល ទ្រង់​បាន​ដំឡើង​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​ឯ​គីល‌កាល​វិញ

13. ដូច្នេះ សាំយូ‌អែល​ក៏​ទៅ​ឯ​ទ្រង់ ទ្រង់​ទទួល​ដោយ​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​ពរ​ពី​ព្រះ‌យេហូវ៉ា ខ្ញុំ​បាន​ធ្វើ​សំរេច តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ

14. តែ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា ចុះ​ដូច​ម្តេច​បាន​ជា​ឮ​សូរ‌សព្ទ​ចៀម ហើយ​នឹង​គោ​រោទ៍​នៅ​ត្រចៀក​ទូល‌បង្គំ​ដូច្នេះ

15. សូល​ទ្រង់​ឆ្លើយ​ថា គេ​បាន​នាំ​សត្វ​ទាំង​នោះ​ពី​សាសន៍​អាម៉ា‌លេក​មក ដ្បិត​ពួក​ទ័ព​បាន​ទុក​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ សំរាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ក្រៅ​អំពី​នោះ​យើង​បាន​បំផ្លាញ​អស់​រលីង​ហើយ

16. នោះ​សាំយូ‌អែល​ទូល​ថា ឈប់​សិន ទូល‌បង្គំ​នឹង​ទូល​ទ្រង់​ពី​សេចក្តី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ពី​យប់​មិញ​នេះ ទ្រង់​ក៏​ឆ្លើយ​ថា ដូច្នេះ សូម​មាន​ប្រសាសន៍​ចុះ។

17. សាំយូ‌អែល​ក៏​ទូល​ថា ក្នុង​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះ‌នេត្រ​នៃ​អង្គ​ទ្រង់ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើ​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ទេ​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ

18. ព្រះ‌យេហូវ៉ា​ក៏​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​ចុះ ចូរ​ទៅ​បំផ្លាញ​សាសន៍​អាម៉ា‌លេក​កំបាប​នោះ​ឲ្យ​អស់​រលីង​ទៅ ត្រូវ​ឲ្យ​ច្បាំង​នឹង​គេ​ដរាប​ដល់​វិនាស​បាត់​ទាំង​អស់​ចេញ

19. ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​វិញ

20. តែ​សូល​ទ្រង់​ឆ្លើយ​ប្រកែក​ថា ខ្ញុំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា​ហើយ គឺ​បាន​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​ចាត់​ខ្ញុំ​នោះ មើល ខ្ញុំ​បាន​នាំ​ទាំង​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ផង ឯ​ពួក​សាសន៍​អាម៉ា‌លេក​ទាំង​ប៉ុន្មាន នោះ​បាន​បំផ្លាញ​អស់​រលីង​ហើយ

21. ប៉ុន្តែ ពួក​ទ័ព​បាន​ចាប់​យក​របឹប ជា​ចៀម និង​គោ​ដែល​ជា​សំខាន់ៗ​ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បំផ្លាញ​នោះ​មក ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​នៅ​ត្រង់​គីល‌កាល

22. សាំយូ‌អែល​ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ទ្រង់​ឬ​អី មើល ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត

23. ឯ​សេចក្តី​រឹង‌ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្ត‌វិជ្ជា​ដែរ ហើយ​សេចក្តី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ ហើយ​នឹង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត ដោយ​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល លែង​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ។

24. នោះ​សូល​ទ្រង់​ឆ្លើយ​ទៅ​សាំយូ‌អែល​ថា ខ្ញុំ​មាន​បាប​ហើយ ពី​ព្រោះ​ខ្ញុំ​បាន​រំលង​សេចក្តី​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា និង​ពាក្យ​របស់​លោក​ផង ដោយ​ខ្លាច​ដល់​ពួក​ជន ហើយ​បាន​ស្តាប់​តាម​គេ​វិញ

25. ដូច្នេះ សូម​ឲ្យ​លោក​អត់​ទោស​ខ្ញុំ​ឥឡូវ ហើយ​វិល​មក​ខាង​ខ្ញុំ​វិញ​ទៀត ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ផង

26. តែ​សាំយូ‌អែល​ប្រកែក​ថា ទូល‌បង្គំ​មិន​ព្រម​វិល ទៅ​កាន់​ខាង​ទ្រង់​ទៀត​ទេ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ដែរ

27. រួច​កាល​សាំយូ‌អែល​បែរ​ខ្លួន​រៀប​នឹង​ចេញ​ទៅ នោះ​សូល​ចាប់​ជាយ​អាវ​លោក ហើយ​អាវ​ក៏​រហែក

28. ដូច្នេះ សាំយូ‌អែល​ទូល​ទ្រង់​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រា‌អែល ពី​ទ្រង់​ចេញ​ហើយ ក៏​បាន​ប្រទាន​ឲ្យ​អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ

29. ១​ទៀត ព្រះ​ដ៏​ជា​កំឡាំង​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មិន​ចេះ​កុហក ឬ​ប្រែ‌ប្រួល​ឡើយ ដ្បិត​ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​ប្រែ‌ប្រួល​ទេ

30. នោះ​សូល​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​បាន​ធ្វើ​បាប ប៉ុន្តែ សូម​លើក​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ខ្ញុំ​នេះ ហើយ​នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង សូម​មក​ខាង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ដែរ

31. ដូច្នេះ សាំយូ‌អែល​បាន​វិល​មក​ខាង​សូល​វិញ ហើយ​សូល​ទ្រង់​ក៏​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា។

32. លំដាប់​នោះ សាំយូ‌អែល​ប្រាប់​ថា ចូរ​នាំ​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ឯ​នេះ អ័កាក់​ក៏​ដើរ​មក​ឯ​លោក​ងង៉ើល ដោយ​នឹក​ក្នុង​ចិត្ត​ថា ប្រាកដ​ជា​សេចក្តី​ជូរ​ល្វីង​នៃ​សេចក្តី​ស្លាប់​បាន​កន្លង​ហួស​ហើយ

33. តែ​សាំយូ‌អែល​មាន​ប្រសាសន៍​ថា ដាវ​ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្រីៗ​ទៅ​ជា​ឥត​កូន ដូច្នេះ ម្តាយ​ឯង​ក៏​នឹង​ឥត​កូន​យ៉ាង​នោះ​ដែរ រួច​សាំយូ‌អែល​ក៏​កាប់​អ័កាក់​កំទេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​គីល‌កាល​ទៅ។

34. រួច​សាំយូ‌អែល​វិល​ទៅ​ឯ​រ៉ាម៉ា​វិញ​ទៅ ហើយ​សូល​ទ្រង់​ឡើង​ទៅ​ឯ​លំនៅ​ទ្រង់​នៅ​គីបៀរ ជា​ស្រុក​របស់​ទ្រង់​វិញ​ដែរ

35. ឯ​សាំយូ‌អែល​លោក​លែង​មក​សួរ​សូល​ទៀត​រហូត​ដល់​លោក​ស្លាប់ តែ​សាំយូ‌អែល​សោក‌ស្តាយ​នឹង​សូល​ណាស់ ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាយ​ដែល​ទ្រង់​បាន​តាំង​សូល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ផង។