ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​សាំយូ‌អែល​ក៏​យក​ដប​ប្រេង ចាក់​ទៅ​លើ​ក្បាល​សូល រួច​ថើប​គាត់​ដោយ​ពាក្យ​ថា ឯ​ព្រះ‌យេហូវ៉ា​តើ​ទ្រង់​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​មរដក​ទ្រង់​ទេ​ឬ​អី។

2. នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​ប្រទះ​នឹង​២​នាក់ នៅ​ត្រង់​ផ្នូរ​រ៉ាជែល​ដែល​នៅ​ភូមិ​សេលសា ក្នុង​ព្រំ​ស្រុក​បេន‌យ៉ា‌មីន គេ​នឹង​ប្រាប់​អ្នក​ថា សត្វ​លា​ដែល​អ្នក​រក នោះ​បាន​ឃើញ​ហើយ តែ​ឥឡូវ​ឪពុក​អ្នក​បាន​លែង​គិត​ពី​លា ដោយ​ថប់​ព្រួយ​នឹង​អ្នក​វិញ ដោយ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​អញ​មក​វិញ

3. រួច​អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ នៅ​ទី​នោះ​នឹង​មាន​មនុស្ស​៣​នាក់ ដែល​កំពុង​តែ​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល មក​ជួប​នឹង​អ្នក​ម្នាក់​កាន់​កូន​ពពែ​៣ មួយ​ទៀត​កាន់​នំបុ័ង​៣​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ

4. គេ​នឹង​ជំរាប​សួរ​ដល់​អ្នក ហើយ​នឹង​ជូន​នំបុ័ង​២​ដុំ​មក​អ្នក ដែល​អ្នក​ត្រូវ​ទទួល​ពី​ដៃ​គេ

5. ក្រោយ​នោះ​អ្នក​នឹង​ទៅ​ដល់​ភ្នំ​ព្រះ

6. នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​សណ្ឋិត​លើ​អ្នក បណ្តាល​ជា​ខ្លាំង អ្នក​នឹង​ទាយ​ជា​មួយ​នឹង​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ

7. កាល​ណា​ទី​សំគាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ហើយ

8. រួច​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​ឯ​អ្នក ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី ចូរ​អ្នក​អង់‌ចាំ​ខ្ញុំ​៧​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។

9. ដូច្នេះ ក៏​កើត​មក​យ៉ាង​នោះ​មែន កាល​សូល​បាន​បែរ​ចេញ​ពី​សាំយូ‌អែល​ទៅ នោះ​ព្រះ​ទ្រង់​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី​សំគាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ​ឯង

10. កាល​គេ​ទៅ​ដល់​ភ្នំ​ហើយ នោះ​មើល មាន​ពួក​ហោរា​មក​ជួប​នឹង​គាត់ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​គាត់​បណ្តាល​ឡើង​ជា​ខ្លាំង រួច​គាត់​ទាយ​នៅ​កណ្តាល​ពួក​នោះ

11. កាល​ពួក​អ្នក​ដែល​ស្គាល់​គាត់​ពី​មុន បាន​ឃើញ​គាត់​ទាយ ជា​មួយ​នឹង​ពួក​ហោរា​ដូច្នោះ នោះ​គេ​និយាយ​គ្នា​ថា តើ​មាន​កើត​អ្វី​ដល់​កូន​គីស​នេះ តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

12. រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក សេចក្តី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

13. កាល​គាត់​ឈប់​ទាយ​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់។

14. ឯ​មា​របស់​សូល ក៏​សួរ​ដល់​គាត់ និង​អ្នក​បំរើ​ថា តើ​ឯង​បាន​ទៅ​ឯ​ណា គាត់​ឆ្លើយ​ថា បាន​ទៅ​រក​ហ្វូង​លា តែ​កាល​យើង​ខ្ញុំ​រក​វា​នៅ​ទី​ណា​មិន​ឃើញ នោះ​ក៏​ទៅ​ឯ​លោក​សាំយូ‌អែល

15. រួច​មា​របស់​សូល​សួរ​ថា ចូរ​ប្រាប់​ដល់​អញ តើ​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នឹង​ឯង​ដូច​ម្តេច​ខ្លះ

16. នោះ​សូល​ឆ្លើយ​ជំរាប​មា​ថា លោក​បាន​ប្រាប់​យើង​ខ្ញុំ​ជា​ច្បាស់​ថា លា​បាន​ឃើញ​ហើយ តែ​ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជំរាប​ដល់​មា​ទេ។

កូន​ចៅ​អ៊ីស្រា‌អែល​តែង‌តាំង​សូល​ជា​ស្តេច

17. នៅ​គ្រា​នោះ សាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា

18. រួច​ប្រាប់​ដល់​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា អញ​បាន​នាំ​ពួក​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្តាប់​ដៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​ឯង

19. តែ​នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្តី​វេទនា​របស់​ឯង ឥឡូវ​នេះ​ឯង​រាល់​គ្នា​បាន​ទូល​ទ្រង់​ថា សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ

20. សាំយូ‌អែល ក៏​ឲ្យ​ពូជ​អំបូរ នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ចូល​មក ហើយ​ព្រះ​ទ្រង់​រើស​យក​ពូជ​អំបូរ​បេន‌យ៉ា‌មីន

21. រួច​លោក​ឲ្យ​ពូជ​អំបូរ​នោះ​ចូល​មក​តាម​គ្រួ​គេ ហើយ​រើស​យក​បាន​គ្រួ​ម៉ាទ្រី ត្រូវ​លើ​រូប​សូល​ជា​កូន​គីស តែ​កាល​គេ​រក​គាត់ នោះ​មិន​ឃើញ​សោះ

22. ដូច្នេះ គេ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទៀត​ថា តើ​ឈ្មោះ​នោះ​ដែល​ត្រូវ​មក​មែន​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល វា​កំពុង​តែ​ពួន​នៅ​ក្នុង​អីវ៉ាន់

23. គេ​ក៏​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក កាល​គាត់​ឈរ​ឡើង​នៅ​កណ្តាល​ពួក​ជន នោះ​គាត់​មាន​កំពស់​ជាង​គេ​ទាំង​អស់ ឯ​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ត្រឹម​តែ​ស្មា​របស់​គាត់​ទេ

24. នោះ​សាំយូ‌អែល​ប្រាប់​ដល់​បណ្តា‌ជន​ថា ចូរ​មើល អ្នក​នេះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ឡើង ថា​គ្មាន​អ្នក​ណា ក្នុង​ពួក​បណ្តា‌ជន ឲ្យ​ដូច​ជា​គាត់​ទេ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​បន្លឺ​វាចា​ឡើង​ថា ជយោ​ព្រះ‌ករុណា។

25. គ្រា​នោះ សាំយូ‌អែល​ក៏​ប្រាប់​ពន្យល់ ដល់​ពួក​បណ្តា‌ជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​បណ្តា‌ជន​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ

26. ឯ​សូល​លោក​ក៏​ទៅ​ឯ​លំនៅ​របស់​លោក​នៅ​គីបៀរ​ដែរ មាន​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត​គេ ទៅ​ជា​មួយ​ផង

27. តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​ជួយ​សង្គ្រោះ​យើង​បាន គេ​ក៏​មើល‌ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភស្តុភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។