ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ​ជ្រើស‌រើស​កំឡោះ​ដាវីឌ​ជា​ស្តេច​ថ្មី

1. គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​សាំយូ‌អែល​ថា តើ​ឯង​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត ដ្បិត​អញ​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​បំពេញ​ប្រេង​ក្នុង​ស្នែង​របស់​ឯង​ចេញ​ទៅ អញ​នឹង​ចាត់​ឯង​ទៅ​ឯ​អ៊ីសាយ​នៅ​បេថ្លេ‌ហិម ដ្បិត​អញ​បាន​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​អញ

2. តែ​សាំយូ‌អែល​ប្រកែក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​ទៅ​បាន ដ្បិត​បើ​សូល​បាន​ឮ នោះ​ទ្រង់​នឹង​សំឡាប់​ទូល‌បង្គំ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​គោ​ក្រមុំ​១​នាំ​ទៅ​ជា​មួយ​ផង​ដោយ​ថា ខ្ញុំ​បាន​មក ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

3. រួច​ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​ដល់​អ្នក​ណា​ដែល​អញ​នឹង​ប្រាប់​ឯង ដើម្បី​ញែក​ចេញ​ឲ្យ​អញ

4. ដូច្នេះ សាំយូ‌អែល​ក៏​ធ្វើ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​លោក បាន​ទៅ​ដល់​បេថ្លេ‌ហិម ឯ​ពួក​ចាស់‌ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ​អី

5. លោក​ឆ្លើយ​ថា ដោយ​មេត្រី​ទេ ខ្ញុំ​បាន​មក​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​ចុះ រួច​មក​បរិភោគ​យញ្ញ‌បូជា​ជា​មួយ​គ្នា លោក​ក៏​ញែក​អ៊ីសាយ​នឹង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។

6. កាល​បាន​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ

7. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ

8. រួច​អ៊ីសាយ​ហៅ​អ័ប៊ី‌ន៉ាដាប់​មក ឲ្យ​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​រើស​យក​អ្នក​នេះ​ទេ

9. នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ

10. អ៊ីសាយ​ក៏​ឲ្យ​កូន​ទាំង​៧​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​រើស​អ្នក​ទាំង​នេះ​ឡើយ

11. ហើយ​សួរ​ថា អ្នក​មាន​កូន​តែ​ប៉ុណ្ណេះ​ទេ​ឬ​អី គាត់​ឆ្លើយ​ថា នៅ​មាន​កូន​ពៅ​១​ទៀត វា​កំពុង​តែ​ឃ្វាល​ចៀម លោក​មាន​ប្រសាសន៍​ទៅ​អ៊ីសាយ​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​វា​មក ដ្បិត​បើ​វា​មិន​ទាន់​មក​ដល់ នោះ​យើង​មិន​អង្គុយ​នៅ​តុ​ឡើយ

12. ដូច្នេះ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឲ្យ​ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ ដ្បិត​គឺ​អ្នក​នេះ​ហើយ

13. សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្តាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ ស្រេច​ហើយ​សាំយូ‌អែល​លោក​ក្រោក​ឡើង​ទៅ​ឯ​រ៉ាម៉ា​វិញ។

កំឡោះ​ដាវីឌ​ចូល​បំរើ​ស្តេច​សូល

14. គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​ដក​ថយ​ចេញ​ពី​សូល​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​វិញ្ញាណ​អាក្រក់​១​ឲ្យ​មក​បំភ័យ​ទ្រង់

15. នោះ​ពួក​មហា‌តលិក​របស់​សូល​ទូល​ថា មើល មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ

16. ដូច្នេះ សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ បង្គាប់​ដល់​យើង​ខ្ញុំ ជា​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដែល​នៅ​ចំពោះ​ទ្រង់​នេះ ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​ចាប់​ស៊ុង​មក ដើម្បី​កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​ចាប់​លេង​ឡើង ឲ្យ​ទ្រង់​បាន​ធូរ​ព្រះ‌ទ័យ​ថយ​ទៅ

17. សូល​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​បំរើ​ថា ដូច្នេះ ចូរ​ទៅ​រក​មនុស្ស​ម្នាក់​ដែល​ចេះ​លេង​ពីរោះ​ឲ្យ​យើង ហើយ​នាំ​វា​មក​ចុះ

18. ខណៈ​នោះ មាន​មនុស្ស​កំឡោះ​ម្នាក់ ទូល​ឆ្លើយ​ថា ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចំបាំង​ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​នោះ

19. ដូច្នេះ សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​អ៊ីសាយ​ប្រាប់​ថា សូម​ឲ្យ​ដាវីឌ ជា​កូន​អ្នក ដែល​កំពុង​តែ​ឃ្វាល​ចៀម មក​ឯ​យើង

20. អ៊ីសាយ​ក៏​យក​លា​១​ផ្ទុក​ដោយ​នំបុ័ង ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​កូន​ពពែ​១ ផ្ញើ​ទៅ​ជា​មួយ​នឹង​ដាវីឌ​ជា​កូន ថ្វាយ​ដល់​សូល

21. ដាវីឌ​ក៏​មក​ឯ​សូល ហើយ​ឈរ​បំរើ​នៅ​ចំពោះ​ទ្រង់ ក៏​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​ទ្រង់​ណាស់ ហើយ​បាន​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់

22. រួច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា សូម​ឲ្យ​ដាវីឌ​ឈរ​បំរើ​នៅ​មុខ​យើង​ចុះ ពី​ព្រោះ​យើង​ពេញ​ចិត្ត​នឹង​វា​ណាស់

23. ដូច្នេះ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​សូល នោះ​ដាវីឌ​ក៏​យក​ស៊ុង​មក​ចាប់​លេង​ថ្វាយ រួច​សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។