ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​ប្រមូល​ពល​ទ័ព​គេ​មក ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​អ័គីស​មាន​ព្រះ‌បន្ទូល​ទៅ​ដាវីឌ​ថា ចូរ​ឲ្យ​អ្នក​ដឹង​ថា ត្រូវ​ឲ្យ​អ្នក ព្រម​ទាំង​ពួក​ពល​របស់​អ្នក​ផង ចេញ​ទៅ​ក្នុង​កង‌ទ័ព​ជា​មួយ​នឹង​យើង

2. ដាវីឌ​ទូល​ឆ្លើយ​ថា បើ​ដូច្នេះ ទ្រង់​នឹង​បាន​ជ្រាប​ការ​ដែល​ទូល‌បង្គំ ជា​បាវ​ទ្រង់ នឹង​ធ្វើ​ជា​យ៉ាង​ណា នោះ​អ័គីស​មាន​ព្រះ‌បន្ទូល​តប​ថា បើ​ដូច្នោះ​មែន យើង​នឹង​តាំង​អ្នក​ឲ្យ​ការ‌ពារ​យើង​ជា​ដរាប​ត​ទៅ។

ស្តេច​សូល​ទៅ​រក​មេ‌មត់

3. រីឯ​សាំយូ‌អែល លោក​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​កាន់​ទុក្ខ​នឹង​លោក ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច ហើយ​សូល​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​ពួក​គ្រូ​ខាប និង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ

4. គ្រា​នោះ ពួក​ភីលីស្ទីន​គេ​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​សូល​ទ្រង់​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីលបោ​ដែរ

5. កាល​សូល​ទ្រង់​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលីស្ទីន នោះ​ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង

6. តែ​កាល​សូល​ទូល​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មិន​ឆ្លើយ​តប​មក​ឡើយ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ​ឬ​ដោយ‌សារ​យូរីម ឬ​ដោយ​ពួក​ហោរា​ក្តី

7. ដូច្នេះ សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ទៅ​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ទៅ​រក​ស្រី​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​អញ​ចុះ ដើម្បី​ឲ្យ​អញ​បាន​ទៅ​សួរ​ទំនាយ​ពី​ស្រី​នោះ ពួក​អ្នក​បំរើ​ទ្រង់​ក៏​ទូល​ឆ្លើយ​ថា មើល​នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប។

8. នោះ​សូល​ទ្រង់​ក៏​ក្លែង​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចេញ​ទៅ មាន​មនុស្ស​២​នាក់​ទៅ​ជា​មួយ​ផង ក៏​បាន​ដល់​ទៅ​ស្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា សូម​ទាយ​ប្រាប់​ខ្ញុំ​ដោយ​នូវ​ខ្មោច​ចុះ ហើយ​សូម​ខាប​យក​អ្នក​១ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​មក​ឯ​ខ្ញុំ​ផង

9. ស្ត្រី​នោះ​ឆ្លើយ​ឡើង​ថា លោក​ជ្រាប​ហើយ​ពី​ការ​ដែល​ស្តេច​សូល​បាន​ធ្វើ​ជា​យ៉ាង​ណា គឺ​ទ្រង់​បាន​បណ្តេញ​ពួក​ចេះ​ខាប និង​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ដាក់​អន្ទាក់​ចាប់​ជីវិត​ខ្ញុំ​ឲ្យ​ត្រូវ​ស្លាប់​ដូច្នេះ

10. នោះ​សូល​ក៏​ស្បថ​ឲ្យ​ស្ត្រី​នោះ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​មិន​ត្រូវ​មាន​ទោស​ក្នុង​ការ​នេះ​ឡើយ

11. រួច​ស្រី​នោះ​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​យក​អ្នក​ណា​មក​ឲ្យ​លោក នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ខាប​យក​សាំយូ‌អែល​មក​ឲ្យ​ខ្ញុំ​ចុះ

12. កាល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល នោះ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង រួច​ទូល​សូល​ថា ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ដ្បិត​ខ្លួន​លោក​នេះ​ហើយ គឺ​ជា​សូល

13. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី រួច​ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ​ឡើង​ពី​ដី​មក

14. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា តើ​មាន​ភាព​យ៉ាង​ដូច​ម្តេច គាត់​ឆ្លើយ​ថា មាន​ភាព​ជា​មនុស្ស​ចាស់​គ្រលុំ​ដោយ​អាវ​ដែល​ឡើង​មក នោះ​សូល​ទ្រង់​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។

15. ឯ​សាំយូ‌អែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូល‌បង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូល‌បង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​លោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា

16. នោះ​សាំយូ‌អែល​ឆ្លើយ​ថា បើ​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូល‌បង្គំ​វិញ​ដូច្នេះ

17. ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​ទ្រង់ តាម​សេចក្តី​ទំនាយ ដែល​ទាយ​ដោយ‌សារ​ទូល‌បង្គំ​ហើយ គឺ​បាន​ដក​រាជ្យ​ពី​ព្រះ‌ហស្ត​ទ្រង់​ចេញ​ប្រគល់​ឲ្យ​ដល់​អ្នក​ដទៃ​ម្នាក់ គឺ​ដាវីឌ

18. ពី​ព្រោះ​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​បាន​ធ្វើ​ដល់​សាសន៍​អាម៉ា‌លេក តាម​សេចក្តី​ក្រេវ‌ក្រោធ​របស់​ព្រះ​ផង ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​យ៉ាង​ដូច្នេះ

19. មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​សាសន៍​អ៊ីស្រា‌អែល ជា​មួយ​នឹង​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ ស្អែក​នេះ ទ្រង់ ព្រម​ទាំង​ពួក​បុត្រា​ទ្រង់ នឹង​បាន​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ​ហើយ ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រគល់​ពួក​ពល‌ទ័ព​របស់​សាសន៍​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ។

20. ខណៈ​នោះ ស្រាប់​តែ​សូល​ទ្រង់​ដួល​ស្រប៉ាប​ចុះ​នៅ​ដី មាន​សេចក្តី​ភ័យ​ជា​ខ្លាំង ដោយ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់​នោះ ហើយ​គ្មាន​កំឡាំង​នៅ​សល់​ទៀត​ទេ ពី​ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​១​ថ្ងៃ​១​យប់​នោះ​ហើយ

21. ដូច្នេះ ស្ត្រី​នោះ​ក៏​មក​ឯ​សូល ឃើញ​ថា​ទ្រង់​តក់‌ស្លុត​ជា​ខ្លាំង នោះ​ក៏​ទូល​ថា មើល ខ្ញុំ​ម្ចាស់ ជា​បាវ​ស្រី​របស់​ទ្រង់ បាន​ស្តាប់​តាម​ទ្រង់​ហើយ ក៏​បាន​ប្រថុយ​ជីវិត​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ម្ចាស់​ផង

22. ដូច្នេះ សូម​ឲ្យ​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់​ជា​អ្នក​បំរើ​ទ្រង់​ឥឡូវ​ចុះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រៀប​នំបុ័ង​បន្តិច​ថ្វាយ​ទ្រង់​សោយ ដើម្បី​ឲ្យ​មាន​កំឡាំង​ក្នុង​កាល​ដែល​យាង​តាម​ផ្លូវ​ទៅ

23. ទ្រង់​ប្រកែក​ថា ខ្ញុំ​មិន​បរិភោគ​ទេ តែ​ដោយ​ពួក​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ស្ត្រី​នោះ​ចេះ​តែ​ទទូច​អង្វរ បាន​ជា​ទ្រង់​ក៏​ស្តាប់​តាម រួច​ក្រោក​ពី​ដី​ឡើង​ទៅ​គង់​នៅ​លើ​គ្រែ

24. ស្រី​នោះ​មាន​កូន​គោ​១​យ៉ាង​ធាត់ នៅ​ក្នុង​ផ្ទះ គាត់​ក៏​ប្រញឹក‌ប្រញាប់​នឹង​សំឡាប់​គោ​នោះ ហើយ​យក​ម្សៅ​មក ច្របាច់​ដុត​ធ្វើ​ជា​នំបុ័ង​ឥត​ដំបែ

25. រួច​លើក​យក​មក​ដាក់​នៅ​ចំពោះ​សូល និង​ពួក​បំរើ​ទ្រង់ គេ​ក៏​បរិភោគ​គ្រប់​គ្នា រួច​គេ​ក្រោក​ឡើង​ចេញ​ទៅ ទាំង​យប់​នោះ​វិញ។