ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កុំ​ឲ្យ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​សោះ​ឡើយ ក៏​កុំ​ឲ្យ​ចង់​ទៅ​រួម​នៅ​នឹង​គេ​ដែរ

2. ដ្បិត​ចិត្ត​គេ​គិត‌គូរ​តែ​ការ​សង្កត់‌សង្កិន​ទទេ ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្តី​ប្រទូស‌រ៉ាយ។

3. ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ‌សារ​ប្រាជ្ញា ហើយ​គឺ​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ‌មួន

4. ហើយ​ដោយ‌សារ​ដំរិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ​ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។

5. មនុស្ស​មាន​ប្រាជ្ញា​ក៏​មាន​កំឡាំង​ច្រើន អើ មនុស្ស​ដែល​មាន​ដំរិះ​ក៏​ចំរើន​អំណាច​ខ្លួន​ឡើង

6. ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​ទើប​បាន​ជ័យ‌ជំនះ។

7. ប្រាជ្ញា​ជា​របស់​ខ្ពស់​ហួស​ល្បត់​មនុស្ស​ល្ងី‌ល្ងើ គេ​មិន​បើក​មាត់​នៅ​ត្រង់​ទ្វារ​ក្រុង​ឡើយ។

8. អ្នក​ណា​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់ នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​មនុស្ស​កោង​កាច។

9. គំនិត​គិត​ពី​សេចក្តី​ចំកួត នោះ​ជា​អំពើ​បាប ហើយ​អ្នក​ដែល​ចំអក​មើល‌ងាយ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ទាំង‌ឡាយ។

10. បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ។

11. ចូរ​ជួយ​សង្គ្រោះ​ពួក​អ្នក ដែល​គេ​ដឹក‌នាំ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​រាំង‌រា​ពួក​អ្នក​ដែល​កំពុង​តែ​ទៅ​ឯ​ទី​សំឡាប់​ចុះ

12. បើ​ឯង​ថា មើល យើង​មិន​បាន​ដឹង​ទេ ឯ​ព្រះ​ដែល​ទ្រង់​ថ្លឹង​មើល​ចិត្ត តើ​ទ្រង់​មិន​ពិចារណា​ឃើញ ហើយ​ដែល​ទ្រង់​ថែ​រក្សា​ព្រលឹង​ឯង តើ​មិន​ជ្រាប​ទេ​ឬ តើ​ទ្រង់​នឹង​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ​តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ​អី។

13. កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ជា​របស់​ឆ្ងាញ់ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​រស​ផ្អែម​ដល់​មាត់​ឯង​ផង

14. គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់ ហើយ​សេចក្តី​សង្ឃឹម​របស់​ឯង​នឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។

15. នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ

16. ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំលាក់ ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ។

17. កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ

18. ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ រួច​ទ្រង់​បង្វែរ​សេចក្តី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ។

19. កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ

20. ដ្បិត​នឹង​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ចង្កៀង​របស់​មនុស្ស​កោង​កាច នឹង​ត្រូវ​រលត់​ទៅ។

21. កូន​អើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​ឲ្យ​ឯង​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ

22. ដ្បិត​សេចក្តី​អន្តរាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន។

ដំបូន្មាន​ផ្សេងៗ​របស់​អ្នក​ប្រាជ្ញ

23. សេចក្តី​ទាំង​នេះ​ក៏​ជា​ពាក្យ​ពោល​ទុក របស់​ពួក​អ្នក​ប្រាជ្ញ​ដែរ គឺ​ថា ការ​ដែល​យោគ‌យល់​ខាង​អ្នក​ណា​ក្នុង​រឿង​ក្តី នោះ​មិន​ល្អ​ទេ

24. អ្នក​ណា​ដែល​កាត់​ឲ្យ​មនុស្ស​អាក្រក់​ថា ឯង​សុចរិត​ទេ នោះ​បណ្តា‌ជន​នឹង​ប្រទេច​ផ្តាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​សាសន៍​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ

25. តែ​ឯ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់​វិញ គេ​នឹង​ពេញ​ចិត្ត​ចំពោះ​អ្នក​នោះ ហើយ​នឹង​មាន​ពរ​យ៉ាង​វិសេស​មក​ស្ថិត​លើ​អ្នក​នោះ​ដែរ

26. អ្នក​ណា​ដែល​តប​ឆ្លើយ ដោយ​ពាក្យ​ត្រឹម​ត្រូវ នោះ​គេ​នឹង​ថើប​អ្នក​នោះ​ដោយ​បបូរ​មាត់។

27. ចូរ​ត្រៀម​ការ​ឯង​នៅ​ខាង​ក្រៅ​ចុះ ហើយ​រៀប‌ចំ​សំរាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ។

28. កុំ​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ជិត​ខាង ដោយ​ឥត​ហេតុ​ឡើយ ក៏​កុំ​ឲ្យ​បញ្ឆោត​ដោយ​បបូរ​មាត់​ឯង​ដែរ

29. កុំ​ឲ្យ​ពោល​ដូច្នេះ​ឡើយ ថា អញ​នឹង​ប្រព្រឹត្ត​ដល់​គេ ដូច​ជា​គេ​បាន​ប្រព្រឹត្ត​ដល់​អញ​ដែរ អញ​នឹង​សង​ដល់​អ្នក​នោះ​តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​រួច​ហើយ។

មនុស្ស​កំជិល

30. យើង​បាន​ដើរ​ក្បែរ​ចំការ​របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា

31. នោះ​ឃើញ​ថា មាន​បន្លា​ដុះ​គ្រប​ពេញ​ហើយ ដី​នោះ​ដេរ‌ដាស​ដោយ​ព្រៃ​ទ្រុប‌ទ្រុល ឯ​កំផែង​ក៏​រលំ​ដែរ

32. នោះ​យើង​បាន​រំពឹង​មើល ហើយ​ពិចារណា​ដោយ​ល្អិត ក៏​យល់​ឃើញ ហើយ​ទទួល​សេចក្តី​បង្រៀន​ថា

33. ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ និង​ដេក​បន្តិច

34. យ៉ាង​នោះ​សេចក្តី​កំសត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្តី​ខ្វះ​ខាត ដូច​ជា​មនុស្ស​កាន់​គ្រឿង​អាវុធ​ផង។