ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទំងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ។

2. កាល​ណា​កើត​មាន​សេចក្តី​អំនួត នោះ​ក៏​កើត​មាន​សេចក្តី​ខ្មាស​ដែរ តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។

3. សេចក្តី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​គេ តែ​សេចក្តី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។

4. ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្តី​សុចរិត នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។

5. សេចក្តី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍​នឹង​ដំរង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល​ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។

6. ឯ​សេចក្តី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់​ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។

7. កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ នោះ​សេចក្តី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ ហើយ​សេចក្តី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត នឹង​ត្រូវ​វិនាស​ទៅ​ផង។

8. មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្តី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។

9. មនុស្ស​ទមិល​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង ដោយ‌សារ​មាត់​ខ្លួន តែ​ដំរិះ​របស់​មនុស្ស​សុចរិត នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។

10. គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្តី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។

11. ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ​របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រលំ​វិញ។

12. អ្នក​ណា​ដែល​មើល‌ងាយ ចំពោះ​អ្នក​ជិត​ខាង​ខ្លួន​នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។

13. អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។

14. ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញ​នាំ​មុខ នោះ​ប្រជា‌ជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្តី​សុខ​វិញ។

15. អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។

16. ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ នោះ​តែង​រក្សា​ទុក​នូវ​កិត្តិសព្ទ ដូច​ជា​មនុស្ស​ប្រិត‌ប្រៀប​ដែល​រក្សា​ទ្រព្យ​សម្បត្តិ​ដែរ។

17. មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។

18. មនុស្ស​អាក្រក់​បាន​កំរៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្តី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់‌លាប់។

19. ចំណែក​សេចក្តី​សុចរិត តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។

20. អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន​ប្រព្រឹត្ត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ។

21. ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។

22. ស្ត្រី​មាន​រូប​ស្រស់​ល្អ ដែល​ឥត​មាន​គំនិត​មារយាទ នោះ​ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។

23. សេចក្តី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្តី​ក្រេវ‌ក្រោធ​វិញ។

24. មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។

25. មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។

26. ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្តា‌ជន​នឹង​ប្រទេច​ផ្តាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល​នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។

27. អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្តី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។

28. អ្នក​ណា​ដែល​ទី​ពឹង​ចំពោះ​ទ្រព្យ​សម្បត្តិ​ខ្លួន នោះ​នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​ចំរើន​ឡើង ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។

29. អ្នក​ណា​ដែល​នាំ​ឲ្យ​កើត​វឹកវរ​ក្នុង​ផ្ទះ​ខ្លួន នោះ​នឹង​គ្រង​បាន​ខ្យល់​ជា​មរដក ហើយ​មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្វើ​ជា​បាវ​បំរើ​ដល់​មនុស្ស​ប្រាជ្ញ។

30. ផល​របស់​មនុស្ស​សុចរិត នោះ​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស។

31. មើល ពួក​មនុស្ស​អាក្រក់​សុចរិត​នឹង​ទទួល​បាន​រង្វាន់​នៅ​ផែនដី​ទៅ​ហើយ ចុះ​ឯ​មនុស្ស​អាក្រក់ នឹង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង​លើស​ជាង​អម្បាលម៉ាន​ទៅ។