ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

កំរង​សុភាសិត​អំពី​សីល‌ធម៌

1. នេះ​ជា​សុភាសិត​របស់​សាឡូ‌ម៉ូន។កូន​ដែល​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​ឪពុក​មាន​ចិត្ត​រីក‌រាយ តែ​កូន​ដែល​ល្ងី‌ល្ងើ នោះ​នាំ​ឲ្យ​ម្តាយ​ធ្ងន់​ទ្រូង​វិញ។

2. ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​អំពើ​អាក្រក់ នោះ​គ្មាន​ប្រយោជន៍​ទេ តែ​សេចក្តី​សុចរិត នោះ​រមែង​ជួយ​ឲ្យ​រួច​ពី​ស្លាប់។

3. ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​ឲ្យ​ព្រលឹង​នៃ​មនុស្ស​សុចរិត​ត្រូវ​ស្រេក​ឃ្លាន​ទេ តែ​ទ្រង់​ច្រាន​សេចក្តី​លោភ​របស់​មនុស្ស​អាក្រក់​ចេញ។

4. អ្នក​ណា​ដែល​ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស នោះ​រមែង​ធ្លាក់​ខ្លួន​ជា​ក្រ តែ​ដៃ​មនុស្ស​ដែល​ឧស្សាហ៍ នាំ​ឲ្យ​មាន​វិញ។

5. ចំណែក​អ្នក​ណា​ដែល​ខំ​ប្រឹង​ប្រមូល​ទុក​នៅ​ក្នុង​រដូវ​ក្តៅ នោះ​ឯង​ជា​កូន​ដែល​មាន​គំនិត តែ​ឯ​អ្នក​ណា​ដែល​រវល់​តែ​ដេក​នៅ​រដូវ​ចំរូត​វិញ នោះ​គឺ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ខ្មាស។

6. អំណោយ​ពរ រមែង​ស្ថិត​លើ​ក្បាល​នៃ​មនុស្ស​សុចរិត តែ​សេចក្តី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់​វិញ។

7. សេចក្តី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក‌រលួយ​ទៅ។

8. អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​តែង​ទទួល​បង្គាប់ តែ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​នឹង​ត្រូវ​ដួល​វិញ។

9. អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត តែ​អ្នក​ណា​ដែល​បង្ខូច​ផ្លូវ​ខ្លួន នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ស្គាល់​គេ​ច្បាស់​ដែរ។

10. អ្នក​ណា​ដែល​មិច​ភ្នែក នោះ​រមែង​នាំ​ឲ្យ​កើត​ទុក្ខ ហើយ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​ក៏​នឹង​ត្រូវ​ដួល​ចុះ។

11. មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្តី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។

12. ឯ​សេចក្តី​សំអប់ នោះ​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្តី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។

13. នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សំរាប់​ខ្នង​នៃ​មនុស្ស​ណា​ដែល​ឥត​មាន​ដំរិះ​វិញ។

14. មនុស្ស​ប្រាជ្ញ តែង​ប្រមូល​ចំណេះ​ទុក តែ​ឯ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្តី​ហិន‌វិនាស​ដែល​នៅ​បង្កើយ​វិញ។

15. ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្តី​ហិន‌វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្តី​ទាល់​ក្រ​របស់​គេ។

16. កិច្ច‌ការ​ដែល​មនុស្ស​សុចរិត​ធ្វើ នោះ​គឺ​សំរាប់​ចិញ្ចឹម​ជីវិត តែ​ផល​របស់​មនុស្ស​អាក្រក់ សំរាប់​តែ​ធ្វើ​បាប​វិញ។

17. អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្តី​បន្ទោស នោះ​ហៅ​ថា វង្វេង​វិញ។

18. អ្នក​ណា​ដែល​លាក់​សេចក្តី​សំអប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។

19. អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។

20. អណ្តាត​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ប្រាក់​វិសេស​បំផុត តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ រមែង​មាន​ដំឡៃ​តិច​ណាស់។

21. បបូរ​មាត់​របស់​មនុស្ស​សុចរិត ឃ្វាល​រក្សា​មនុស្ស​ជា​ច្រើន តែ​មនុស្ស​ល្ងី‌ល្ងើ គេ​ស្លាប់​បាត់​ទៅ ដោយ​ខ្វះ​យោបល់​វិញ។

22. អំណោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្តី​ទុក្ខ​ព្រួយ​ផង​ទេ។

23. ឯ​ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ប្រព្រឹត្ត​អាក្រក់ នោះ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​មនុស្ស​ដែល​មាន​ដំរិះ​យោបល់ នោះ​ចូល​ចិត្ត​នឹង​ប្រាជ្ញា​វិញ។

24. សេចក្តី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្តី​ដែល​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។

25. កាល​ណា​ខ្យល់​កួច​ហួស​បាត់​ទៅ នោះ​មនុស្ស​អាក្រក់​ឥត​មាន​សល់​ឡើយ តែ​មនុស្ស​សុចរិត មាន​ឫស​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​វិញ។

26. ទឹក‌ខ្មេះ​ដល់​ធ្មេញ ហើយ​ផ្សែង​ដល់​ភ្នែក នោះ​ជា​យ៉ាង​ណា ឯ​មនុស្ស​ខ្ជិល​ច្រអូស ក៏​យ៉ាង​នោះ​ដល់​អ្នក​ណា​ដែល​ប្រើ​វា​ដែរ។

27. សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ចំរើន​ថ្ងៃ​អាយុ តែ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​រួញ​ខ្លី​វិញ។

28. ការ​សង្ឃឹម​របស់​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ តែ​សេចក្តី​ទុក​ចិត្ត​របស់​មនុស្ស​អាក្រក់ និង​សូន្យ​បាត់​ទៅ។

29. ផ្លូវ​ព្រះ‌យេហូវ៉ា ជា​បន្ទាយ​ដល់​មនុស្ស​ទៀង​ត្រង់​តែ​ជា​សេចក្តី​វិនាស​វិញ ដល់​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

30. មនុស្ស​សុចរិត នឹង​មិន​ត្រូវ​រង្គើ​ឡើយ តែ​មនុស្ស​អាក្រក់ នឹង​អាស្រ័យ​នៅ​ផែនដី​មិន​បាន។

31. មាត់​របស់​មនុស្ស​សុចរិត តែង​បញ្ចេញ​ប្រាជ្ញា តែ​អណ្តាត​វៀច នឹង​ត្រូវ​កាត់​ចេញ។

32. បបូរ​មាត់​របស់​មនុស្ស​សុចរិត រមែង​ដឹង​សេចក្តី​ដែល​គួរ​គប្បី តែ​មាត់​របស់​មនុស្ស​អាក្រក់ ពោល​តែ​សេចក្តី​ក្រវិច‌ក្រវៀន​វិញ។