ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ។

2. អណ្តាត​របស់​មនុស្ស​ប្រាជ្ញ រមែង​ធ្វើ​ឲ្យ​ចំណេះ​បាន​ពី‌រោះ​ស្តាប់ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​បង្ហូរ​ចេញ​ជា​សេចក្តី​ចំកួត​វិញ។

3. ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់ និង​ល្អ​ផង។

4. ឯ​អណ្តាត​ដ៏​លំហើយ នោះ​ជា​ដើម​ឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្តី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។

5. មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស្អប់​សេចក្តី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង‌វៃ​វិញ។

6. នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កំរៃ​នៃ​មនុស្ស​អាក្រក់ តែង​តែ​មាន​សេចក្តី​វេទនា​វិញ។

7. បបូរ​មាត់​របស់​មនុស្ស​ប្រាជ្ញ រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។

8. យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្តី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្តី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់​វិញ។

9. ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្តី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​ស្រឡាញ់​ចំពោះ​អ្នក​ណា​ដែល​ដើរ​តាម​សេចក្តី​សុចរិត​វិញ។

10. មាន​សេចក្តី​ផ្ចាញ់‌ផ្ចាល​យ៉ាង​សហ័ស បំរុង​ទុក​សំរាប់​អ្នក​ណា​ដែល​បោះ‌បង់​ចេញ​ពី​ផ្លូវ ហើយ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​បន្ទោស នោះ​នឹង​ត្រូវ​ស្លាប់។

11. ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ និង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​អស់​ទាំង​មនុស្ស​ជាតិ តើ​ច្បាស់​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

12. មនុស្ស​ដែល​ចំអក​មើល‌ងាយ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​បន្ទោស​ខ្លួន​ឡើយ ក៏​មិន​ដែល​រក​អ្នក​ប្រាជ្ញ​ដែរ។

13. ចិត្ត​រីក‌រាយ តែង​តែ​បណ្តាល​ឲ្យ​មាន​ទឹក​មុខ​ផូរ‌ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក​ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។

14. ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្តី​ចំកួត​វិញ។

15. អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជានិច្ច។

16. មាន​ទ្រព្យ​សម្បត្តិ​តិច ហើយ​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​វិសេស​ជាង​មាន​ច្រើន ហើយ​មាន​សេចក្តី​ទុក្ខ​វិញ។

17. ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប​នៅ​កន្លែង​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្តី​សំអប់​វិញ។

18. មនុស្ស​គំរោះ‌គំរើយ រមែង​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រំងាប់​សេចក្តី​ជំលោះ​វិញ។

19. ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ទៀង​ត្រង់​ត្រឡប់​ជា​ថ្នល់​ធំ​វិញ។

20. កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល‌ងាយ​ម្តាយ​ខ្លួន​វិញ។

21. ឯ​ការ​ចំកួត​ជា​សេចក្តី​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។

22. ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។

23. មនុស្ស​រមែង​មាន​សេចក្តី​អំណរ ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។

24. ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។

25. ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ តែ​ទ្រង់​នឹង​តាំង​គោល​ចារឹក​នៃ​ស្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។

26. គំនិត​អាក្រក់​ជា​សេចក្តី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សំដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។

27. អ្នក​ណា​ដែល​លោភ​ចង់​បាន​កំរៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។

28. ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ​តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ​ជា​សេចក្តី​អាក្រក់​វិញ។

29. ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ទ្រង់​ស្តាប់​សេចក្តី​អធិស្ឋាន​របស់​មនុស្ស​សុចរិត​វិញ។

30. ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចំរើន​កំឡាំង​ដល់​ឆ្អឹង។

31. ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ។

32. អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​នោះ​ឈ្មោះ​ថា​ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​បាន​យោបល់​វិញ។

33. សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្តី​សុភាព‌រាបសា​តែង​តែ​នាំ​មុខ​កិត្តិសព្ទ។