ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អារម្ភ​កថា

1. នេះ​ជា​សុភាសិត​របស់​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ​បុត្រា​នៃ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល

2. សំរាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា និង​សេចក្តី​ប្រៀន‌ប្រដៅ ហើយ​ឲ្យ​បាន​យល់​អស់​ទាំង​សេចក្តី​ដែល​ត្រូវ​ខាង​យោបល់

3. ក៏​សំរាប់​ឲ្យ​ទទួល​សេចក្តី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ​នៃ​សេចក្តី​សុចរិត សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​ទៀង​ត្រង់

4. ហើយ​សំរាប់​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​សេចក្តី​ឆ្លៀវ‌ឆ្លាត និង​ឲ្យ​មនុស្ស​កំឡោះ​មាន​ដំរិះ ហើយ​នឹង​សតិ‌បញ្ញា​នឹង‌ធឹង

5. ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំ‌ទាំ

6. ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។

7. សេចក្តី​កោត‌​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល‌ងាយ​ប្រាជ្ញា និង​សេចក្តី​ប្រៀន‌ប្រដៅ​វិញ។

ពាក្យ​ទូន្មាន​យុវជន

8. នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ‌បង់​ចោល​សេចក្តី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ

9. ដ្បិត​សេចក្តី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង

10. កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង នោះ​កុំ​ឲ្យ​ព្រម​តាម​គេ​ឡើយ

11. បើ​គេ​ថា​ចូរ​មក​ជា​មួយ​នឹង​យើង​ចុះ យើង​នឹង​រង់‌ចាំ​ឱកាស​កំចាយ​ឈាម យើង​នឹង​អែប​លប​ដោយ​សំងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ

12. យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

13. យើង​នឹង​បាន​ប្រទះ​របស់​មាន​ដំឡៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំនៅ​យើង​ដោយ​របឹប

14. ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​១​ប៉ុណ្ណោះ

15. កូន​អើយ កុំ​ឲ្យ​ឯង​ដើរ​ក្នុង​ផ្លូវ​ជា​មួយ​នឹង​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ផ្លូវ​ច្រក​របស់​គេ​វិញ

16. ដ្បិត​ជើង​គេ​រត់​តាម​តែ​សេចក្តី​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ផង

17. ពី​ព្រោះ​ការ​ដែល​ដាក់​លប់ នៅ​ចំពោះ​សត្វ​ហើរ ឲ្យ​វា​ឃើញ​នោះ​ឥត​ប្រយោជន៍​ទេ

18. ឯ​ពួក​នោះ គេ​រង់‌ចាំ​តែ​នឹង​កំចាយ​ឈាម​របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សំងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ

19. ចំណែក​អស់​អ្នក​ដែល​លោភ​ចង់​បាន​កំរៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្តី​នោះ​នឹង​ដក​យក​ជីវិត​ចេញ​ពី​អស់​អ្នក​ដែល​បណ្តោយ​តាម​ផង។

20. ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី‌ធ្លា

21. ប្រាជ្ញា​ស្រែក​ប្រកាស​នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា

22. ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នឹង​ស្រឡាញ់​សេចក្តី​ឆោត​ល្ងង់​នោះ​ដល់​កាល​ណា​ទៀត ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្តី​ឡក‌ឡឺយ ហើយ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់​ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា

23. កាល​ណា​អញ​បន្ទោស នោះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ខ្លួន​ស្តាប់​តាម​ចុះ នែ អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ឯង​រាល់​គ្នា ហើយ​ឲ្យ​ឯង​រាល់​គ្នា​បាន​យល់​ពាក្យ​អញ

24. ពី​ព្រោះ​អញ​បាន​ស្រែក​ហៅ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ អញ​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ

25. ឯង​រាល់​គ្នា​ក៏​បោះ‌បង់​ចោល​អស់​ទាំង​ដំបូន្មាន​របស់​អញ​ចេញ ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស​របស់​អញ​ដែរ

26. ដូច្នេះ អញ​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​ត្រូវ​អន្តរាយ អញ​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​កើត​មាន​សេចក្តី​ភិត‌ភ័យ​ផង

27. គឺ​ក្នុង​កាល​ដែល​សេចក្តី​ភិត‌ភ័យ​មក​លើ​ឯង​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្តី​អន្តរាយ​របស់​ឯង​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្តី​លំបាក និង​សេចក្តី​ទុក្ខ​ព្រួយ​មក​គ្រប​សង្កត់​លើ​ឯង​រាល់​គ្នា

28. ខណៈ​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​អញ​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​អញ​មិន​ឃើញ​ឡើយ

29. ពី​ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង​ហើយ​មិន​បាន​រើស​យក​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ

30. គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​របស់​អញ​ឡើយ ក៏​បាន​មើល‌ងាយ​សេចក្តី​បន្ទោស​របស់​អញ​ដែរ

31. ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ​ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន

32. ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សំឡាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្តី​សុខ​ស្រួល​របស់​គេ​នឹង​ឲ្យ​គេ​វិនាស​ដែរ

33. តែ​អ្នក​ណា​ដែល​ស្តាប់​តាម​អញ នោះ​នឹង​នៅ​ដោយ​សេចក្តី​សុខ​ពិត ហើយ​នឹង​មាន​សេចក្តី​សំរាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ។