ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ នោះ​វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង ហើយ​ចិត្ត​ល្ងី‌ល្ងើ។

2. មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។

3. សេចក្តី​ចំកួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​ខ្លួន​ទៅ ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។

4. ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នោះ​នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្ត‌ភក្តិ​វិញ។

5. សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក​ក៏​នឹង​គេច​មិន​រួច​ដែរ។

6. មនុស្ស​ជា​ច្រើន នឹង​ខំ​យក​ចិត្ត​របស់​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្រ​សំឡាញ់​នឹង​អ្នក​ដែល​ចែក​អំណោយ​ទាន​ដែរ។

7. អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ ពី​អ្នក​នោះ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។

8. អ្នក​ណា​ដែល​បាន​ប្រាជ្ញា នោះ​ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្តី​ល្អ។

9. សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។

10. ការ​ដែល​អាស្រ័យ​នៅ​ដោយ​រុងរឿង នោះ​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចំណង់​បើ​ខ្ញុំ​កំដរ ដែល​មាន​អំណាច​លើ​អ្នក​ធំ តើ​មិន​សម​គួរ​ជា​ជាង​អម្បាលម៉ាន​ទៅ។

11. សតិ‌បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។

12. សេចក្តី​ក្រោធ​នៃ​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​នៃ​សិង្ហ តែ​ព្រះ‌គុណ​ទ្រង់ ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ​វិញ។

13. កូន​ល្ងី‌ល្ងើ​ជា​ទី​អន្តរាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជានិច្ច។

14. ផ្ទះ‌សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មរដក​មក​ពី​ឪពុក​តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

15. សេចក្តី​ខ្ជិល​ច្រអូស រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នោះ​នឹង​ត្រូវ​អត់‌ឃ្លាន។

16. អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ នោះ​ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​នឹង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​នឹង​ត្រូវ​ស្លាប់​វិញ។

17. អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។

18. ចូរ​វាយ‌ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន​សង្ឃឹម​ឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។

19. អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ជា​ខ្លាំង នោះ​នឹង​ត្រូវ​រង​ទោស ដ្បិត​បើ​ឯង​ជួយ​វា​ឲ្យ​រួច នោះ​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។

20. ចូរ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។

21. នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។

22. សេចក្តី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្តី​សប្បុរស​របស់​អ្នក​នោះ​ឯង ហើយ​មនុស្ស​ទាល់​ក្រ​រមែង​វិសេស​ជាង​មនុស្ស​ភូត‌ភរ។

23. សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។

24. មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​នឹង​បញ្ចុក​មាត់​ខ្លួន​ផង។

25. ចូរ​វាយ​មនុស្ស​ចំអក​មើល‌ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​នឹង​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។

26. អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ខ្មាស និង​សេចក្តី​ដំនៀល។

27. កូន​អើយ ចូរ​លែង​ស្តាប់​តាម​សេចក្តី​ដំបូន្មាន​ដែល​នាំ​ឲ្យ​វង្វេង​ពី​ផ្លូវ​នៃ​ដំរិះ​ចេញ។

28. សាក្សី​កោង‌កាច​គេ​ចំអក​មើល‌ងាយ​ចំពោះ​សេចក្តី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់​ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។

29. សេចក្តី​វិនិច្ឆ័យ​បាន​បំរុង​ជា​ស្រេច សំរាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់​ក៏​សំរាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។