ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ ហើយ​ក៏​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ទាស់​នឹង​អស់​ទាំង​សេចក្តី​ដែល​មាន​ទំនង។

2. ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន​សេចក្តី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​នឹង​សំដែង​គំនិត​ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។

3. កាល​ណា​មនុស្ស​អាក្រក់​មក​ដល់ នោះ​សេចក្តី​មើល‌ងាយ​មាន​ជាប់​តាម​មក​ដែរ ហើយ​សេចក្តី​ត្មះ‌តិះដៀល​ក៏​រមែង​មក​ជា​មួយ​នឹង​សេចក្តី​អាប់‌យស​ផង។

4. ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។

5. ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។

6. បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង​តែ​ស៊ក​ចូល​ក្នុង​សេចក្តី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។

7. មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។

8. ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ក្នុង​ពោះ។

9. អ្នក​ណា​ដែល​ធ្វេស​ប្រហែស​នឹង​ការ​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ជា​បង​ប្អូន​នឹង​អ្នក​ដែល​បំផ្លាញ។

10. ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ។

11. ឯ​មនុស្ស​អ្នក​មាន​វិញ ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។

12. មុន​នឹង​ត្រូវ​វិនាស នោះ​ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្តី​ឆ្មើង‌ឆ្មៃ ឯ​សេចក្តី​រាបសា នោះ​រមែង​តែ​នាំ​មុខ​កិត្តិយស​វិញ។

13. អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំកួត​ហើយ ក៏​ជា​សេចក្តី​ខ្មាស​ដល់​ខ្លួន​ផង។

14. វិញ្ញាណ​នៃ​មនុស្ស​នឹង​ទប់‌ទល់​ខ្លួន​ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់‌បែក តើ​អ្នក​ណា​នឹង​ទ្រាំ​បាន។

15. ចិត្ត​របស់​មនុស្ស​វាង‌វៃ តែង​តែ​ចំរើន​ចំណេះ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ក៏​ស្វះ‌ស្វែង​រក​ចំណេះ​ដែរ។

16. ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន ក៏​នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។

17. អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី នោះ​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សំដែង​ឲ្យ​ឃើញ​កំហុស​វិញ។

18. ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្តី​ទាស់‌ទែង​គ្នា​បាត់​ទៅ ហើយ​នឹង​ញែក​មនុស្ស​ដែល​មាន​អំណាច​ចេញ​ពី​គ្នា​ដែរ។

19. បង​ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ នោះ​ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្តី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។

20. មនុស្ស​នឹង​បាន​ឆ្អែត​ពោះ ដោយ​ផល​នៃ​មាត់​ខ្លួន គឺ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ផល​ចំរើន​នៃ​បបូរ​មាត់។

21. ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ នោះ​នឹង​ស៊ី​ផល​នៃ​អណ្តាត​នោះ​ឯង។

22. អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ នោះ​ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។

23. មនុស្ស​ក្រ​គេ​ពោល​ពាក្យ​អង្វរ តែ​មនុស្ស​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។

24. អ្នក​ណា​ដែល​មាន​មិត្រ​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ​មាន​មិត្រ​សំឡាញ់​ម្យ៉ាង ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅ​ទៀត។