ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 12 Khmer Standard Version (KHSV)

នាយ​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ស៊ីគ‌ឡាក់

1. នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​ភៀស​ខ្លួន​ទៅ​ស៊ីគ‌ឡាក់ ដើម្បី​រត់​គេច​ពី​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ជា‌និច្ច។

2. ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់ ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្ដាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សូល ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:

3. លោក​មេ‌ទ័ព​អហ៊ី‌យេស៊ើរ និង​លោក​មេ‌ទ័ព​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា‌អា អ្នក​ស្រុក​គីបៀរ លោក​យេស៊ាល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវែត លោក​បេរ៉ា‌កា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណា‌ថោត

4. លោក​យីស‌ម៉ាយ៉ា អ្នក​ស្រុក​គីបៀន ជា​នាយ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ក្រុម​ទាំង​សាម‌សិប និង​ជា​មេ​គេ លោក​យេ‌រេមី លោក​យ៉ាហា‌សៀល លោក​យ៉ូហាណាន លោក​យ៉ូសា‌បាដ​ជា​អ្នក​ក្រុង​កេដេ‌រ៉ា

5. លោក​អេលូ‌សាយ លោក​យេរី‌ម៉ូត លោក​បាលា លោក​សេម៉ារីយ៉ា លោក​សេផា‌ធា​ជា​អ្នក​ក្រុង​ហារ៉ូប

6. លោក​អែល‌កាណា លោក​យីស‌យ៉ា លោក​អសា‌រាល លោក​យ៉ូអេ‌ស៊ើរ និង​លោក​យ៉ាសុ‌បៀម ជា​ពូជ‌ពង្ស​របស់​លោក​កូរេ

7. លោក​យ៉ូអេ‌ឡា និង​លោក​សេបា‌ឌា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​អ្នក​ស្រុក​កេ‌ដោរ។

8. មាន​អ្នក​ខ្លះ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ក្នុង​ជម្រក​មួយ​នៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​ជា​យុទ្ធ‌ជន​ដ៏​អង់‌អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។

9. អ្នក​ទាំង​នោះ​មាន​លោក​អេ‌ស៊ើរ ជា​មេ​លើ​ពួក​គេ លោក​អូបា‌ឌា​ជា​មេ​ទី​ពីរ លោក​អេលាប​ជា​មេ​ទី​បី

10. លោក​មីស‌ម៉ា‌ណា​ជា​មេ​ទី​បួន លោក​យេរេ‌មី​ជា​មេ​ទី​ប្រាំ

11. លោក​អថាយ​ជា​មេ​ទី​ប្រាំ​មួយ លោក​អេលាល​ជា​មេ​ទី​ប្រាំ‌ពីរ

12. លោក​យ៉ូហាណាន​ជា​មេ​ទី​ប្រាំ​បី លោក​អែល‌សាបាដ​ជា​មេ​ទី​ប្រាំ​បួន

13. លោក​យេរេ‌មី​ជា​មេ​ទី​ដប់ និង​លោក​ម៉ាបាណាយ​ជា​មេ​ទី​ដប់​មួយ។

14. ពួក​គេ​មក​ពី​កុល‌សម្ព័ន្ធ​កាដ ហើយ​សុទ្ធ​តែ​ជា​នាយ​ទាហាន។ អ្នក​អន់​ខ្សោយ​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ស្មើ​នឹង​ពល​ទាហាន​មួយ​រយ​នាក់ រីឯ​អ្នក​ខ្លាំង​ពូកែ​វិញ ប្រៀប​ស្មើ​នឹង​ពល​ទាហាន​មួយ​ពាន់​នាក់។

15. ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ខែ​ទី​មួយ គឺ​នៅ​រដូវ​ដែល​ទឹក​ទន្លេ​ឡើង​លិច​មាត់​ច្រាំង​អស់ ហើយ​វាយ​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​ទាំង​ខាង​កើត ទាំង​ខាង​លិច ឲ្យ​បាក់​ទ័ព​ទៀត​ផង។

16. ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន និង​កុល‌សម្ព័ន្ធ​យូដា ក៏​មាន​អ្នក​ខ្លះ​ទៅ​តាម​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​ជម្រក​នោះ​ដែរ។

17. ព្រះ‌បាទ​ដាវីឌ​ចេញ​មក​ទទួល​ពួក​គេ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អស់​លោក​មក​រក​ខ្ញុំ​ដោយ​សន្តិ‌ភាព ដើម្បី​ជួយ​ខ្ញុំ​នោះ ខ្ញុំ​សូម​ទទួល​អស់​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ប្រសិន​បើ​អស់​លោក​មក​បន្លំ​ខ្លួន ធ្វើ​ការ​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ទេ​នោះ ទោះ​បី​ខ្ញុំ​មិន​ធ្វើ​បាប​អស់​លោក​ក្ដី ក៏​សូម​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​យើង​ធ្វើ​ជា​សាក្សី ហើយ​ដាក់​ទោស​អស់​លោក​ចុះ!»។

18. ពេល​នោះ ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់ លោក​ពោល​ថា៖«បពិត្រ ព្រះ‌បាទ​ដាវីឌជា​បុត្រ​របស់​លោក​អ៊ីសាយ!យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្ដូរ​ផ្ដាច់​នៅ​ជា​មួយព្រះ‌ករុណា​ហើយ។សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់​ព្រះ‌ករុណានិង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌ករុណា!ដ្បិត​ព្រះ​របស់​ព្រះ‌ករុណាបាន​ជួយ​ព្រះ‌ករុណា​ហើយ!»។ព្រះ‌បាទ​ដាវីឌ​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​ស្ដេច។

19. ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្ដេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ច្បាំង​នឹង​ព្រះ‌បាទ​សូល។ ប៉ុន្តែ ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ពិគ្រោះ​គ្នា បញ្ជូន​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ពួក​គេ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្ដេច​សូល ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។

20. នាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​បាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​វិល​ត្រឡប់​ទៅ​ស៊ីគ‌ឡាក់​វិញ មាន​លោក​អ័ឌ‌ណា លោក​យ៉ូសា‌បាដ លោក​យេឌី‌អែល លោក​មីកែល លោក​យ៉ូសា‌បាដ លោក​អេលី‌ហ៊ូវ និង​លោក​ស៊ីល‌តាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

21. ពួក​គេ​ដឹក​នាំ​កង‌ពល​ជួយ​ច្បាំង​ព្រះ‌បាទ​ដាវីឌ ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង‌ពល​របស់​ព្រះ‌បាទ​ដាវីឌ។

22. រៀង​រាល់​ថ្ងៃ​តែងតែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែរ។

នាយ​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ មក​ពី​ក្រុង​ហេប្រូន

23. អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន មាន​ចំនួន​ដូច​ត​ទៅ:

24. ក្នុង​កុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន មាន ៦ ៨០០ នាក់។

25. ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន ៧ ១០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច។

26. ក្នុង​កុល‌សម្ព័ន្ធ​លេវី​មាន​ទាហាន ៤ ៦០០ នាក់

27. ព្រម​ទាំង​លោក​យេហូ‌យ៉ាដា ជា​មេ​ដឹក​នាំ​នៃ​អំបូរ​របស់​លោក​អើរ៉ុន និង​ទាហាន ៣ ៧០០ នាក់ ដែល​នៅ​ជា​មួយ​លោក។

28. បន្ទាប់​មក មាន​លោក​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។

29. ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល។

30. ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។

31. ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន ១៨ ០០០ នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ។

32. ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ និង​ពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។

33. ក្នុង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មាន ៥០ ០០០​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក‌ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។

34. ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​នាយ​ទាហាន ១០០០ នាក់ និង​ពល​ទាហាន ៣៧ ០០០ នាក់ ប្រដាប់​ដោយ​ខែល និង​លំពែង។

35. ក្នុង​កុល‌សម្ព័ន្ធ​ដាន់ មាន​ទាហាន ២៨ ៦០០ នាក់ ត្រៀម​ចេញ​ទៅ​ច្បាំង។

36. ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មាន​ទាហាន ៤០ ០០០ នាក់ ដែល​ថ្នឹក​ក្នុង​ចំបាំង ហើយ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។

37. នៅ​ខាង​កើត​ទន្លេ​យ័រដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០ ០០០ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។

38. អ្នក​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចំបាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ​មហា‌ក្សត្រ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌មហា‌ក្សត្រ​ដែរ។

39. ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បង‌ប្អូន​របស់​ពួក​គេ​បាន​រៀបចំ​ជប់‌លៀង​ទទួល។

40. អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសា‌ខារ សាប់យូ‌ឡូន និង​ណែប‌ថាលី បាន​ដឹក​ស្បៀង​អាហារ​មក ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយជូរ​ក្រៀម ស្រា​ទំពាំង‌បាយជូរ ប្រេង និង​សាច់​គោ សាច់​ចៀម យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។