ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 16 Khmer Standard Version (KHSV)

1. កាល​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្ដាល​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក រួច​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

2. កាល​ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​ចប់​សព្វ​គ្រប់​ហើយ ស្ដេច​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ក្នុង​នាម​ព្រះ‌អម្ចាស់។

3. បន្ទាប់​មក ព្រះ‌រាជា​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយជូរ​ក្រៀម​មួយ​ដុំ។

4. ព្រះ‌បាទ​ដាវីឌ​ចាត់​ក្រុម​លេវី​ខ្លះ​ឲ្យ​បម្រើ​ការ‌ងារ​នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ពិធី​រំឭក លើក​តម្កើង និង​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

5. គឺ​មាន​លោក​អេសាភ​ជា​មេ​ដឹក​នាំ បន្ទាប់​មក មាន​លោក​សាកា‌រី​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​ម៉ាធិ‌ធា លោក​អេលាប លោក​បេណា‌យ៉ា លោក​អូបេដ‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អេសាភ​ជា​អ្នក​វាយ​ឈិង។

6. លោក​បូជា‌ចារ្យ​បេណា‌យ៉ា និង​លោក​យ៉ាហា‌សៀល ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ជា‌និច្ច។

7. គឺ​ថ្ងៃ​នោះ​ហើយ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បង‌ប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​លើក​ដំបូង​បង្អស់។

ទំនុក‌តម្កើង

8. «ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ចូរ​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ!ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គប្រាប់​ប្រជា‌ជាតិ​នានា!

9. ចូរ​ច្រៀង​តម្កើង​ព្រះ‌អង្គចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ!ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ!

10. ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នាជា​ប្រជា‌រាស្ត្រ​របស់​ព្រះ​ដ៏‌វិសុទ្ធ!អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយចូរ​សប្បាយ​ចិត្ត​ចុះ!

11. ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដាចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គឥត​ឈប់​ឈរ​ឡើយ!

12. ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗដែល​ព្រះ‌អង្គ​បាន​ធ្វើចូរ​នឹក​ដល់​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ការ​ជំនុំ​ជម្រះទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្រេច។

13. អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អ៊ីស្រា‌អែលដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គអ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុបដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស!

14. មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ជា​ព្រះ​របស់​យើងព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

15. ចូរ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ជា‌និច្ចគឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេររហូត​ដល់​មួយ​ពាន់​តំណ

16. គឺ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយលោក​អប្រាហាំព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​លោក​អ៊ីសាក។

17. ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធ‌មេត្រីអស់‌កល្ប​ជា‌និច្ច​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។

18. គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នកទុក​ជា​ចំណែក​មត៌ក»។

19. នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ជា​ក្រុម​មួយ​ដ៏​តូចដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

20. អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

21. ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​ទេដើម្បី​ការ‌ពារ​អ្នក​រាល់​គ្នាព្រះ‌អង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:

22. «កុំ​ប៉ះ‌ពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេងអភិសេក​នេះ​ឡើយកុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

23. មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់!ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃអំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

24. ចូរ​ប្រកាស​អំពី​សិរី‌រុងរឿង​របស់​ព្រះ‌អង្គនៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាហើយ​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់ព្រះ‌អង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់!

25. ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដមដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្តព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។

26. ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានាសុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់រីឯ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។

27. មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច​ចាំង​ចេញ​ពីព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញ​ទៅ​ដោយឫទ្ធិ‌បារមី និង​អំណរ​សប្បាយ។

28. ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ

29. ចូរ​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្ររបស់​ព្រះ‌អង្គ!ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់នៅ​ពេល​ព្រះ‌អង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ!

30. មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ចុះ!ពិភព​លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ

31. ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយនិង​ឲ្យ​ផែនដី​បាន​រីក‌រាយ​ដ៏​លើស‌លប់!ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យ!

32. ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្របន្លឺ​សំឡេង​យ៉ាង​អឺង‌កង!ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះត្រេក​អរ​សប្បាយ!

33. ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់!ដ្បិត​ព្រះ‌អង្គ​យាង​មក​គ្រប់‌គ្រង​ផែនដី។

34. ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

35. ចូរ​ទូល​ព្រះ‌អង្គ​ថា:ព្រះ‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយសូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផងសូម​ប្រមូល​ផ្ដុំ​យើង​ខ្ញុំ ហើយ​យក​យើង​ខ្ញុំចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានាដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើងព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ និង​បាន​ខ្ពស់​មុខដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ!

36. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលតាំង​ពី​ដើម​រៀង​មកហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។ពេល​នោះ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា«អាម៉ែន សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់!»។

37. ព្រះ‌បាទ​ដាវីឌ​ចាត់​លោក​អេសោភ និង​បង‌ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់‌ខាន ដូច​បាន​កំណត់​ទុក។

38. ស្ដេច​ចាត់​លោក​អូបេឌ‌អេដុម​ជា​កូន​របស់​លោក​យេឌូ‌ថិន និង​លោក​ហូសា ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​ហុក‌សិប​ប្រាំ​បី​នាក់ ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។

39. ស្ដេច​ក៏​ចាត់​លោក​បូជា‌ចារ្យ​សាដុក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ជា​បង‌ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​នៅ​មុខ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​គីបៀន

40. ដើម្បី​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍​ចំពោះ​ព្រះ‌អម្ចាស់ លើ​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។

41. លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស​រើស​តាម​ឈ្មោះ ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ក៏​មក​ចូល​រួម​ជា​មួយ​បូជា‌ចារ្យ​ទាំង​នោះ​ដែរ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

42. លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចម្រៀង​ថ្វាយ​ព្រះ‌ជាម្ចាស់។ កូន​ចៅ​របស់​លោក​យេឌូ‌ថិន​ក៏​មាន​មុខ‌ងារ​ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។

43. ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។