ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

លោក​យេរេមា​ជំទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​ចង់​ភៀស‌ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ

1. គ្រា​នោះ មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​យ៉ូហា‌ណាន ជា​កូន​ការា ហើយ​យេសានា ជា​កូន​ហូសាយ៉ា ព្រម​ទាំង​បណ្តា‌ជន​ទាំង​អស់ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត គេ​ក៏​ចូល​មក​ជិត

2. ហើយ​គេ​និយាយ​នឹង​ហោរា​យេរេមា​ថា សូម​ឲ្យ​លោក​មេត្តា​ស្តាប់​សេចក្តី ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់

3. ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​បង្ហាញ​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​ការ​ដែល​ត្រូវ​ធ្វើ

4. ហោរា​យេរេមា​ក៏​ឆ្លើយ​តប​ថា ខ្ញុំ​បាន​ឮ​ហើយ មើល ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា តាម​ពាក្យ​សំណូម​របស់​អ្នក​រាល់​គ្នា ហើយ​សេចក្តី​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​មក នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ឥត​លាក់‌លៀប​អ្វី​នឹង​អ្នក​រាល់​គ្នា​ឡើយ

5. ដូច្នេះ គេ​ជំរាប​យេរេមា​ថា បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក នឹង​ចាត់​លោក​មក​ប្រាប់​ដល់​យើង​ខ្ញុំ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​សាក្សី​ពិត ហើយ​ស្មោះ‌ត្រង់​ទាស់​នឹង​យើង​ខ្ញុំ​ចុះ

6. ទោះ​បើ​ជា​ការ​ល្អ ឬ​អាក្រក់​ក្តី គង់​តែ​យើង​ខ្ញុំ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​ឲ្យ​លោក​ទៅ​សួរ​ដល់​ទ្រង់​នោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​បាន​សេចក្តី​សុខ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ។

7. ក្រោយ​១០​ថ្ងៃ​មក នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា

8. រួច​លោក​ហៅ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ហើយ​បណ្តា‌ជន​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត

9. លោក​ក៏​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នាំ​ពាក្យ​អង្វរ​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ដល់​ទ្រង់​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា

10. បើ​ឯង​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ នោះ​អញ​នឹង​សង់​ឯង​ឡើង​ឥត​រំលំ​ចុះ​ឡើយ ក៏​នឹង​ដាំ​ឯង​រាល់​គ្នា​ឥត​រំលើង​វិញ​ដែរ ដ្បិត​អញ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​ធ្វើ​ដល់​ឯង​រាល់​គ្នា​ហើយ

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​ឯង​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ

12. អញ​នឹង​ប្រោស​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បាន​អាណិត​ឯង ហើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ឯង​រៀង​ខ្លួន​វិញ

13. តែ​បើ​ឯង​រាល់​គ្នា​ថា យើង​ខ្ញុំ​មិន​ព្រម​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ​ទេ គឺ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

14. ដោយ​ថា ទេ យើង​រាល់​គ្នា​នឹង​ទៅ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ជា​កន្លែង​ដែល​យើង​ខ្ញុំ​នឹង​មិន​ឃើញ​ចំបាំង​ទៀត ក៏​មិន​ឮ​សូរ​ត្រែ ឬ​ត្រូវ​អត់‌ឃ្លាន​ឡើយ គឺ​នៅ​ទី​នោះ​ដែល​យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ​វិញ

15. ដូច្នេះ ឱ​សំណល់​ពួក​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​កាត់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​ពិត ហើយ​ក៏​ទៅ​អាស្រ័យ​នៅ​ឯ​នោះ

16. យ៉ាង​នោះ ដាវ​ដែល​ឯង​រាល់​គ្នា​ខ្លាច​នោះ​នឹង​តាម​ឯង​ទាន់ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​អំណត់‌អត់​ដែល​ឯង​រាល់​គ្នា​ខ្លាច​ដែរ នឹង​ជាប់​ប្រកិត​តាម​ឯង​រាល់​គ្នា ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​នោះ

17. ឯ​អស់​អ្នក​ដែល​កាត់​ចិត្ត​នឹង​ទៅ​អាស្រ័យ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​បាន​ដូច្នោះ គឺ​គេ​នឹង​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ និង​អាសន្ន‌រោគ ឥត​មាន​ពួក​គេ​ណា​មួយ​សល់​នៅ ឬ​រួច​ពី​ការ​អាក្រក់ ដែល​អញ​នឹង​នាំ​មក​លើ​គេ​នោះ​ឡើយ។

18. ពី​ព្រោះ ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សេចក្តី​កំហឹង និង​សេចក្តី​ក្រោធ​របស់​អញ ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ជា​យ៉ាង​ណា នោះ​សេចក្តី​ក្រោធ​របស់​អញ នឹង​ត្រូវ​ចាក់​ចេញ លើ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្តាសា ហើយ​ជា​ទី​ជេរ​ប្រមាថ ឯង​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ

19. ឱ​សំណល់​នៃ​ពួក​យូដា​អើយ ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ឯង​រាល់​គ្នា​ថា នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ហើយ

20. ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆោត​ចិត្ត​ខ្លួន ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ផង ហើយ​សូម​ប្រាប់​មក​យើង តាម​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​មក នោះ​យើង​នឹង​ប្រព្រឹត្ត​តាម

21. ដូច្នេះ នៅ​ថ្ងៃ​នេះ​ឯង ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ​តែ​អ្នក​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ក្នុង​ការ​អ្វី​ដែល​ទ្រង់​បាន​ចាត់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា​នោះ​សោះ

22. ដូច្នេះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ហើយ​ដោយ​អាសន្ន‌រោគ នៅ​ក្នុង​ទី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចង់​ទៅ​អាស្រ័យ​នៅ​នោះ។