ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​ស្រុក​បាប៊ីឡូន​វាយ​យក​ក្រុង​យេរូ‌សាឡិម

1. រីឯ​នៅ​ខែ​បុស្ស ឆ្នាំ​ទី​៩​នៃ​រាជ្យ​សេដេគា ស្តេច​យូដា នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទ្រង់​ទាំង​អស់ ក៏​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម

2. ហើយ​នៅ​ថ្ងៃ​៩ ខែ​អាសាធ ឆ្នាំ​ទី​១១ នៃ​រាជ្យ​សេដេគា នោះ​គេ​បំបែក​ទំលាយ​កំផែង​ទី​ក្រុង​បាន​ហើយ

3. រួច​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្តាល គឺ​មាន​នើកាល-សារេស៊ើរ​១ សាំកា-នេបូរ​១ សាសេគិម​១ រ៉ាប-សារីស​១ នើកាល-សារេស៊ើរ​១ ហើយ​រ៉ាប-ម៉ាក់​១ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ឯ​ទៀត​ទាំង​ប៉ុន្មាន​ផង។

4. កាល​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្តាល​កំផែង​ទាំង​២ ទ្រង់​ចេញ​ដំរង់​ទៅ​ឯ​ស្រុក​វាល

5. តែ​ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ នោះ​ក៏​នាំ​ទៅ​ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូ‌ក្នេសា​ក៏​កាត់​ទោស​ទ្រង់

6. រួច​ស្តេច​បាប៊ីឡូន ទ្រង់​សំឡាប់​ពួក​បុត្រា​របស់​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សំឡាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ

7. ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​ដាក់​ច្រវាក់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន

8. ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​ផង

9. រួច​មក​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្តា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​រវាត​ទៅ​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជា‌ជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន

10. តែ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្តា‌ជន ជា​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ ឲ្យ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​គ្រា​នោះ​ក៏​ចែក​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​ចំការ​ឲ្យ​ដល់​គេ​ផង។

ស្តេច​នេប៊ូ‌ក្នេសា​ដោះ​លែង​លោក​យេរេមា

11. រីឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​យេរេមា​ថា

12. ចូរ​យក​យេរេមា​ទៅ​ទំនុក‌បំរុង​ដោយ​ល្អ​ផង កុំ​ឲ្យ​ធ្វើ​បាប​ដល់​លោក​ឡើយ គឺ​ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​លោក​តាម​ដែល​លោក​ប្រាប់​ចុះ

13. ដូច្នេះ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ហើយ​នេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រាប-ម៉ាក់ ព្រម​ទាំង​ចៅ‌ហ្វាយ​ធំៗ​ទាំង​អស់​របស់​ស្តេច​បាប៊ីឡូន

14. ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​យេរេមា​ពី​ទីលាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​បាន​នាំ​លោក​ទៅ​ឯ​ផ្ទះ​ខ្លួន យ៉ាង​នោះ​លោក​បាន​នៅ​ជា​មួយ​នឹង​ពួក​ជន។

ព្រះ‌បន្ទូល​សំរាប់​លោក​អេបេឌ-មេលេក

15. រីឯ​កាល​យេរេមា កំពុង​ជាប់​នៅ​ក្នុង​ទីលាន​គុក​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា

16. ចូរ​ទៅ​ប្រាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ដូច្នេះ គឺ​ថា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​នាំ​អស់​ទាំង​ពាក្យ​របស់​អញ​មក​លើ​ក្រុង​នេះ ឲ្យ​បាន​សេចក្តី​អាក្រក់​មិន​មែន​ជា​សេចក្តី​ល្អ​ទេ ពាក្យ​ទាំង​នោះ​នឹង​បាន​សំរេច​នៅ​មុខ​ឯង​ក្នុង​ថ្ងៃ​នោះ

17. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ជួយ​ឯង​ឲ្យ​រួច​នៅ​ថ្ងៃ​នោះ ហើយ​ឯង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​មនុស្ស​នោះ ដែល​ឯង​ខ្លាច​ឡើយ

18. ដ្បិត​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​ជា​ពិត ឯង​មិន​ត្រូវ​ដួល​ដោយ​ដាវ​ឡើយ គឺ​នឹង​បាន​ជីវិត​ទុក​ដូច​ជា​របឹប​វិញ ពី​ព្រោះ​ឯង​បាន​យក​អញ​ជា​ទី​ទុក​ចិត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។