ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

លោក​យេរេមា​យក​នឹម​មក​ដាក់​លើ​ស្មា

1. នៅ​ដើម​រាជ្យ​នៃ​សេដេគា ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ ចូរ​ធ្វើ​នឹម និង​ខ្សែ ហើយ​ពាក់​នៅ​ក​ឯង

3. លំដាប់​នោះ​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​សាសន៍​អេដំម ស្តេច​សាសន៍​ម៉ូអាប់ ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ស្តេច​ក្រុង​ទីរ៉ុស និង​ស្តេច​ក្រុង​ស៊ីដូន ដោយ​ដៃ​ពួក​ទូត​ដែល​មក​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​គាល់​សេដេគា ជា​ស្តេច​យូដា

4. ព្រម​ទាំង​ផ្តាំ​ឲ្យ​គេ​ប្រាប់​ដល់​ចៅ‌ហ្វាយ​គេ ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ជំរាប​ដល់​ចៅ‌ហ្វាយ​ខ្លួន​យ៉ាង​នេះ​ថា

5. អញ​បាន​បង្កើត​ផែនដី និង​មនុស្ស ហើយ​សត្វ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ដោយ‌សារ​ឫទ្ធិ​ដ៏​ធំ និង​ដៃ​លើក​សំរេច​របស់​អញ ក៏​ប្រគល់​ដល់​អ្នក​ណា​ដែល​អញ​គិត​ឃើញ​ថា​គួរ

6. ឥឡូវ​នេះ អញ​បាន​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​ហើយ ក៏​បាន​ឲ្យ​អស់​ទាំង​សត្វ​នៅ​វាល សំរាប់​នឹង​បំរើ​គេ​ដែរ

7. សាសន៍​ទាំង​អស់​នឹង​បំរើ​ស្តេច​នោះ និង​កូន ហើយ​នឹង​ចៅ​របស់​គេ​ផង ដរាប​ដល់​កំណត់​នៃ​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ

8. រីឯ​សាសន៍​ណា ឬ​នគរ​ណា ដែល​មិន​ព្រម​បំរើ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​នេះ ហើយ​មិន​ព្រម​ឱន​ក ទទួល​នឹម​របស់​ស្តេច​បាប៊ីឡូន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ទោស​ដល់​សាសន៍​នោះ​ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ទាល់​តែ​អញ​បាន​ឲ្យ​គេ​សូន្យ​បាត់ ដោយ​ដៃ​របស់​ស្តេច​នោះ​ទៅ

9. តែ​ឯ​ឯង​រាល់​គ្នា កុំ​ឲ្យ​ស្តាប់​តាម​ពួក​ហោរា​របស់​ឯង ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្ត‌ឫក្ស​ដែល​និយាយ​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​បំរើ​ស្តេច​ស្រុក​បាប៊ីឡូន​នោះ​ឡើយ

10. ដ្បិត​គេ​ទាយ​ជា​សេចក្តី​កុហក​ដល់​ឯង​រាល់​គ្នា​ទេ ដើម្បី​ឲ្យ​ឯង​ត្រូវ​ព្រាត់​ចាក​ឆ្ងាយ​ពី​ស្រុក​របស់​ឯង គឺ​ឲ្យ​អញ​បាន​បណ្តេញ​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​ត្រូវ​វិនាស​បង់

11. តែ​សាសន៍​ណា​ដែល​ឱន​ក ទទួល​នឹម ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​វិញ នោះ​អញ​នឹង​ទុក​គេ ឲ្យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន គេ​នឹង​ភ្ជួរ‌រាស់​ដី ហើយ​អាស្រ័យ​នៅ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

12. ខ្ញុំ​ក៏​បាន​ទូល​ដល់​សេដេគា ជា​ស្តេច​យូដា តាម​គ្រប់​ទាំង​ពាក្យ​នេះ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម ទៅ​បំរើ​ដល់​ស្តេច​បាប៊ីឡូន និង​រាស្ត្រ​របស់​គេ​ចុះ នោះ​នឹង​បាន​រួច​ជីវិត

13. តើ​ចង់​ស្លាប់​ធ្វើ​អី គឺ​ទាំង​អង្គ​ទ្រង់ និង​រាស្ត្រ​របស់​ទ្រង់​ផង ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សាសន៍​ណា ដែល​មិន​ព្រម​បំរើ​ដល់​ស្តេច​បាប៊ីឡូន​ដូច្នេះ

14. កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា​ថា មិន​ត្រូវ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​នោះ​ឡើយ ដ្បិត​គេ​ទាយ​ជា​សេចក្តី​កុហក​ទេ

15. ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ​ឲ្យ​មក​សោះ គឺ​គេ​ទាយ​ជា​សេចក្តី​កំភូត ដោយ​នូវ​ឈ្មោះ​អញ​វិញ ដើម្បី​ឲ្យ​អញ​បាន​បណ្តេញ​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​បង់ គឺ​ទាំង​ខ្លួន​ឯង​រាល់​គ្នា និង​ពួក​ហោរា​ដែល​ទាយ​ដល់​ឯង​ផង។

16. ខ្ញុំ​ក៏​បាន​ប្រាប់​ដល់​ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ដែល​ទាយ​ដល់​ឯង​រាល់​គ្នា​ថា មើល បន្តិច​ទៀត គេ​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ក្រុង​បាប៊ីឡូន​មក​វិញ ដ្បិត​គេ​ទាយ​ជា​សេចក្តី​កុហក​ដល់​ឯង​រាល់​គ្នា​ទេ

17. កុំ​ឲ្យ​ស្តាប់​តាម​គេ​ឡើយ ត្រូវ​ឲ្យ​បំរើ​ស្តេច​បាប៊ីឡូន​ចុះ នោះ​នឹង​បាន​រួច​ជីវិត តើ​មាន​ទំនង​អ្វី ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ខូច​បង់

18. បើ​គេ​ជា​ហោរា​ពិត ហើយ​បើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជា​មួយ​នឹង​គេ នោះ​ឲ្យ​គេ​ទូល‌អង្វរ ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឥឡូវ​នេះ​ចុះ ដើម្បី​សូម​កុំ​ឲ្យ​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ដំណាក់​ស្តេច​យូដា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ត្រូវ​ដឹក‌នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទៀត

19. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សសរ សមុទ្រ និង​ជើង​ថ្កល់ ហើយ​នឹង​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង​នេះ

20. ជា​គ្រឿង​ដែល​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន​មិន​បាន​យក​ទៅ ក្នុង​កាល​ដែល​ចាប់​យក​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​ធំ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ផង

21. អើ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្តេច​យូដា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ថា

22. គេ​នឹង​ដឹក‌នាំ​គ្រឿង​ទាំង​នោះ ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​ត្រូវ​នៅ​ទី​នោះ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ប្រោស នោះ​អញ​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។