ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប្រជា‌ជន​អ៊ីស្រា‌អែល​ក្បត់​ព្រះ‌អម្ចាស់

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

2. ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក​ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្តី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មាន​អ្នក​ណា​សាប‌ព្រោះ​ឡើយ

3. គ្រា​នោះ អ៊ីស្រា‌អែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្តី​ចំរើន​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្តី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ។

4. ឱ​ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

5. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​បាន​ឃើញ​មាន​សេចក្តី​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​អញ បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​អញ​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្តី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង

6. គេ​ក៏​មិន​បាន​សួរ​ថា ព្រះ‌យេហូវ៉ា​ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្តី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ទ្រង់​នៅ​ឯ​ណា

7. អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សំបូរ ដើម្បី​ឲ្យ​បាន​បរិភោគ​ផល និង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែ​កាល​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មរដក​របស់​អញ​បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ

8. ពួក​សង្ឃ​ក៏​មិន​បាន​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឯ​ណា​ដែរ គឺ​ពួក​អ្នក​ដែល​កាន់​ប្រើ​ក្រឹត្យ‌វិន័យ គេ​មិន​បាន​ស្គាល់​អញ​ទេ ពួក​គ្រប់‌គ្រង​បាន​ប្រព្រឹត្ត​រំលង​នឹង​អញ ហើយ​ពួក​ហោរា​បាន​ទាយ ដោយ​ព្រះ‌បាល​ផង គេ​បាន​ដើរ​តាម​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ។

9. ហេតុ​ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​តវ៉ា​នឹង​ឯង​រាល់​គ្នា​ទៀត ហើយ​នឹង​កូន​ចៅ​របស់​ឯង​ត​ទៅ​ដែរ

10. ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​ដែល​មាន​អ្វី​ឲ្យ​ដូច​ឬ​ទេ

11. តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ តែ​រាស្ត្រ​របស់​អញ​បាន​ដូរ​ព្រះ​ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​វិញ

12. ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​ថា ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ

13. ដ្បិត​រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​អញ ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។

14. តើ​អ៊ីស្រា‌អែល​ជា​ខ្ញុំ​បំរើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បំរើ​ដែល​កើត​នៅ​ផ្ទះ​ចៅ‌ហ្វាយ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​រឹប​ជាន់​ដូច្នេះ

15. កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ ហើយ​បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត

16. ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​ឯង​ហើយ

17. តើ​ឯង​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​ឯង​ទេ​ឬ​អី ដោយ​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ក្នុង​កាល​ដែល​ទ្រង់​កំពុង​តែ​នាំ​ឯង​តាម​ផ្លូវ​នោះ

18. ចុះ​ឥឡូវ​នេះ តើ​ឯង​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដើម្បី​នឹង​ផឹក​ទឹក​ទន្លេ​នោះ

19. អំពើ​ទុច្ចរិត​របស់​ឯង នឹង​វាយ‌ផ្ចាល​ឯង ហើយ​ការ​រា‌ថយ​របស់​ឯង នឹង​ស្តី​បន្ទោស​ឯង​វិញ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឥត​មាន​ចិត្ត​កោត‌ខ្លាច​ដល់​អញ​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

អ៊ីស្រា‌អែល​ក្បត់​ព្រះ

20. តាំង​ពី​យូរ​មក​ហើយ នោះ​ឯង​បាន​បំបាក់​នឹមឯង ហើយ​បាន​ផ្តាច់​ចំណង​ឯង​ចេញ ដោយ​ពាក្យ​ថា យើង​មិន​បំរើ​ទៀត​ទេ ដ្បិត​នៅ​លើ​គ្រប់​ទាំង​ភ្នំ​តូចៗ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នោះ​ឯង​បាន​ដេក​ចុះ​ផិត​អញ

21. អញ​បាន​ផ្សាំ​ឯង​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​ក្លាយ​ទៅ​ជា​ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​អញ​ដូច្នេះ

22. ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏​ដោយ គង់​តែ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅ​ឡើយ​ដែរ

23. ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​ថា ឯង​មិន​សៅ‌ហ្មង​ទេ ហើយ​មិន​បាន​គោរព​តាម​អស់​ទាំង​ព្រះ‌បាល​សោះ ដូច្នេះ ចូរ​មើល​ស្នាម​ផ្លូវ​ដែល​ឯង​ដើរ​នៅ​វាល​ច្រក​ភ្នំ ហើយ​យល់​ពី​ការ​ដែល​ឯង​បាន​ធ្វើ​នោះ​ចុះ ឯង​ជា​សត្វ​អូដ្ឋ​ក្រមុំ​យ៉ាង​លឿន ហើយ​សាវា

24. ជា​លា​ព្រៃ​ក្រមុំ​ដែល​ធ្លាប់​នៅ​ទី​រហោ‌ស្ថាន​ក៏​ស្រង​ក្លិន​ខ្យល់​ដោយ​មាន​សំរើប លុះ​រដូវ​កំណត់​របស់​វា នោះ​តើ​អ្នក​ណា​នឹង​បំបែរ​ចេញ​បាន អ្នក​ណា​ដែល​រក​ចាប់​វា នោះ​មិន​បាច់​នឿយ​ហត់​នឹង​ទៅ​តាម​ទេ ដ្បិត​ដល់​រដូវ​កំណត់ នោះ​នឹង​បាន​ប្រទះ​ហើយ

25. កុំ​ឲ្យ​ប្រថុយ​ខ្លួន​ឲ្យ​នៅ​ជើង​ទទេ ហើយ​ខះ​ក​នោះ​ឡើយ តែ​ឯង​បាន​តប​ថា​ឥត​ប្រយោជន៍​ទេ ដ្បិត​ខ្ញុំ​បាន​ស្រឡាញ់​ពួក​ដទៃ ហើយ​នឹង​រត់​ទៅ​តាម​គេ​វិញ។

26. ឯ​ចោរ ដែល​គេ​ទាន់​ឃើញ តែង​មាន​សេចក្តី​ខ្មាស​យ៉ាង​ណា នោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មាន​សេចក្តី​ខ្មាស​យ៉ាង​នោះ​ដែរ គឺ​ស្តេច​គេ ព្រម​ទាំង​ពួក​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ​ផង

27. ជា​ពួក​អ្នក​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា លោក​ជា​ឪពុក​ខ្ញុំ ហើយ​ដល់​ដុំ​ថ្ម​ថា លោក​បាន​បង្កើត​ខ្ញុំ ពី​ព្រោះ​គេ​បាន​បែរ​ខ្នង​ឲ្យ​អញ មិន​ហ៊ាន​បែរ​មុខ​ឡើយ ប៉ុន្តែ​ដល់​គ្រា​ដែល​គេ​កើត​មាន​សេចក្តី​វេទនា នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ​ថា សូម​ទ្រង់​ក្រោក​ឡើង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង

28. ឯ​ព្រះ​ដែល​ឯង​បាន​ធ្វើ​សំរាប់​ខ្លួន តើ​នៅ​ឯ​ណា ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​ឯង​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​ឯង ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្តី​វេទនា​នោះ​បាន ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​របស់​ឯង​ដែរ។

29. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ចង់​ត​នឹង​អញ​ដូច្នេះ ឯង​រាល់​គ្នា​បាន​រំលង​ចំពោះ​អញ​ហើយ

30. ការ​ដែល​អញ​បាន​វាយ‌ផ្ចាល​ពួក​កូន​ចៅ​ឯង នោះ​ជា​ឥត​អំពើ​ទេ វា​មិន​ព្រម​រាង‌ចាល​ឡើយ គឺ​ជា​ដាវ​របស់​ខ្លួន​ឯង​រាល់​គ្នា ដែល​បាន​ត្របាក់​លេប​ពួក​ហោរា​របស់​ឯង ដូច​ជា​សិង្ហ​ដែល​ហែក​បំផ្លាញ​វិញ

31. ឱ​ដំណ​មនុស្ស​នេះ​អើយ ចូរ​ក្រឡេក​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​អញ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ​អី ហេតុ​អ្វី​បាន​ជា​រាស្ត្រ​អញ​ពោល​ថា យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម​មក​ឯ​ទ្រង់​ទៀត​ឡើយ ដូច្នេះ

32. តើ​ស្រី​ក្រមុំ​នឹង​ភ្លេច​គ្រឿង​ប្រដាប់​របស់​ខ្លួន​បាន​ឬ តើ​ប្រពន្ធ​ថ្មោង‌ថ្មី​នឹង​ភ្លេច​គ្រឿង​តែង​ខ្លួន​សំរាប់​រៀប‌ការ​បាន​ឬ​អី ប៉ុន្តែ​រាស្ត្រ​របស់​អញ​បាន​ភ្លេច​អញ​ជា​យូរ​ថ្ងៃ​វិញ នឹង​រាប់​មិន​បាន​ឡើយ

33. ឯង​ប្រសប់​អី​ម៉្លេះ នឹង​រៀប​ផ្លូវ​រក​សេចក្តី​ស្រឡាញ់​ដូច្នេះ ឯង​បាន​ទាំង​បង្រៀន​ពួក​ស្រីៗ​អាក្រក់ តាម​ផ្លូវ​របស់​ឯង​ដែរ

34. ១​ទៀត​នៅ​ជាយ​អាវ​ឯង នោះ​ឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រីក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង អញ​មិន​បាន​ដឹង​ដោយ​ស៊ើប​សួរ​រក​បែប​សំងាត់​ទេ គឺ​បាន​ឃើញ​ដោយ​អំពើ​ទាំង​នេះ​វិញ

35. ប៉ុន្តែ​ឯង​ថា ខ្ញុំ​គ្មាន​ទោស​ទេ ប្រាកដ​ជា​សេចក្តី​ខ្ញាល់​របស់​ទ្រង់​បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ មើល​អញ​នឹង​កាត់​ទោស​ឯង​ដោយ​ព្រោះ​ឯង​ថា ឯង​គ្មាន​ធ្វើ​បាប​ឡើយ​ដូច្នេះ

36. ហេតុ​អ្វី​បាន​ជា​ឯង​អាល័យ​តែ​ដើរ​ចុះ​ឡើង ដើម្បី​បំផ្លាស់​កិរិយា​របស់​ឯង ឯង​នឹង​ត្រូវ​មាន​សេចក្តី​ខ្មាស​ចំពោះ​ស្រុក​អេស៊ីព្ទ ដូច​ជា​ឯង​បាន​ខ្មាស ចំពោះ​ស្រុក​អាស‌ស៊ើរ​ដែរ

37. ហើយ​ឯង​នឹង​ត្រូវ​ចេញ​ពី​ស្រុក​នោះ​ទៅ​ទាំង​ដៃ​ខ្ទប់​ក្បាល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​ទទួល​ពួក​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ​ទេ ហើយ​ឯង​នឹង​មិន​បាន​ចំរើន​នៅ​ជា​មួយ​នឹង​គេ​ដែរ។