ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្តេច​យេហូយ៉ាគីម​ដុត​ក្រាំង​របស់​ព្យាការី​យេរេមា

1. នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា​ថា

2. ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់​នឹង​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​ផ្តើម​និយាយ​នឹង​ឯង គឺ​តាំង​ពី​គ្រា​យ៉ូសៀស​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

3. ប្រហែល​ជា​ពួក​វង្ស​យូដា​នឹង​ស្តាប់​អស់​ទាំង​សេចក្តី​អាក្រក់ ដែល​អញ​សំរេច​នឹង​ធ្វើ​ដល់​គេ​ទេ​ដឹង ប្រយោជន៍​ឲ្យ​គេ​បាន​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ដើម្បី​ឲ្យ​អញ​បាន​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ។

4. ដូច្នេះ យេរេមា​ក៏​ហៅ​បារូក ជា​កូន​នេរីយ៉ា​មក ហើយ​បារូក​ក៏​សរសេរ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ​ក្នុង​ក្រាំង​តាម​មាត់​យេរេមា ជា​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក

5. រួច​យេរេមា​ប្រាប់​បារូក​ថា អញ​នៅ​ជាប់​ឃុំ នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន

6. ដូច្នេះ​ចូរ​ឯង​យក​ក្រាំង​នេះ ដែល​ឯង​បាន​សរសេរ​តាម​មាត់​អញ ទៅ​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រចៀក​របស់​បណ្តា‌ជន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​កាន់​ត្រណម​ទៅ ហើយ​ត្រូវ​ឲ្យ​អាន​មើល នៅ​ត្រចៀក​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ​មក​ដែរ

7. ប្រហែល​ជា​គេ​នឹង​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន​ទេ​ដឹង ដ្បិត​សេចក្តី​ខ្ញាល់ និង​សេចក្តី​ឃោរ‌ឃៅ ដែល​ព្រះ‌យេហូវ៉ា​បាន​ពោល​ទាស់​នឹង​សាសន៍​នេះ នោះ​ធ្ងន់​ក្រៃលែង

8. ដូច្នេះ​បារូក ជា​កូន​នេរីយ៉ា ក៏​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ហោរា​យេរេមា​បាន​បង្គាប់ គឺ​បាន​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​កត់​ចុះ​ក្នុង​ក្រាំង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

9. រីឯ​នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​៥ នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ប្រជា‌ជន​ទាំង‌ឡាយ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បណ្តា‌ជន​ដែល​មក​ឯ​ក្រុង​យេរូ‌សាឡិម ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​ប្រកាស​ឲ្យ​មាន​ថ្ងៃ​តម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

10. ខណៈ​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្តា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា​ជា​កូន​សាផាន ដែល​នៅ​ទីលាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

11. លុះ​កាល​មីកា ជា​កូន​កេម៉ារា ដែល​ជា​កូន​របស់​សាផាន​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​ក្រាំង​នោះ​ហើយ

12. នោះ​ក៏​ចុះ​ទៅ​ឯ​ព្រះ‌រាជ​វាំង​ចូល​ក្នុង​បន្ទប់​ស្មៀន ឃើញ​មាន​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ គឺ​ស្មៀន​អេលីសាម៉ា ហើយ​ដេឡាយ៉ា ជា​កូន​សេម៉ាយ៉ា និង​អែល‌ណា‌ថាន ជា​កូន​អ័កបោរ កេម៉ារា ជា​កូន​សាផាន សេដេគា ជា​កូន​ហាណានា ហើយ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់​ផង

13. មីកា​ក៏​ជំរាប​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ខ្លួន​បាន​ឮ ក្នុង​កាល​ដែល​បារូក​អាន​មើល​ក្រាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់

14. ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​នោះ​ក៏​ចាត់​យេហ៊ូឌី ជា​កូន​នេថានា ដែល​ជា​កូន​សេលេមា​ដែល​ជា​កូន​គូស៊ី ឲ្យ​ទៅ​ឯ​បារូក​ប្រាប់​ថា ចូរ​យក​ក្រាំង​ដែល​ឯង​បាន​អាន​មើល​ឲ្យ​បណ្តា‌ជន​ស្តាប់​នោះ​មក បារូក​ជា​កូន​នេរីយ៉ា​ក៏​យក​ក្រាំង​កាន់​នៅ​ដៃ​ទៅ​ឯ​គេ

15. រួច​គេ​ប្រាប់​ថា ចូរ​ឯង​អង្គុយ​អាន​មើល​ឲ្យ​យើង​ស្តាប់​ផង នោះ​បារូក​ក៏​អាន​មើល

16. លុះ​កាល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​គេ​ក៏​បែរ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភិត‌ភ័យ ហើយ​និយាយ​ទៅ​បារូក​ថា យើង​នឹង​ទូល​ដល់​ស្តេច ពី​ពាក្យ​ទាំង​នេះ​ជា​មិន​ខាន

17. រួច​គេ​សួរ​បារូក​ថា ចូរ​ប្រាប់​យើង​មក ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​កត់​អស់​ទាំង​ពាក្យ​នេះ​តាម​មាត់​គាត់​បាន

18. បារូក​ឆ្លើយ​ថា លោក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​សរសេរ​ចុះ​ក្នុង​ក្រាំង​នេះ

19. នោះ​ពួក​ចៅ‌ហ្វាយ​ប្រាប់​បារូក​ថា ចូរ​ឯង និង​យេរេមា​ទៅ​ពួន​ខ្លួន​ទៅ កុំ​ឲ្យ​អ្នក​ណា​ដឹង​ជា​នៅ​ឯ​ណា​ឡើយ។

20. រួច​គេ​ក៏​ចូល​ទៅ​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ តែ​ឯ​ក្រាំង គេ​បាន​ដាក់​ទុក​នៅ​ក្នុង​បន្ទប់​របស់​ស្មៀន​អេលីសាម៉ា ហើយ​គេ​ទូល​ដល់​ស្តេច​តាម​អស់​ទាំង​ពាក្យ​នោះ

21. ដូច្នេះ​ស្តេច​ទ្រង់​ចាត់​យេហ៊ូឌី ឲ្យ​ទៅ​យក​ក្រាំង ពី​បន្ទប់​ស្មៀន​អេលីសាម៉ា​មក រួច​យេហ៊ូឌី​ក៏​អាន​មើល​ថ្វាយ​ស្តេច នៅ​ត្រចៀក​នៃ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់ ដែល​ឈរ​នៅ​ខាង​ស្តេច​ដែរ

22. ខណៈ​នោះ ស្តេច​ទ្រង់​គង់​ក្នុង​ដំណាក់​សំរាប់​រដូវ​រងា​នៅ​ខែ​មិគសិរ ហើយ​មាន​ភ្លើង​ឆេះ​នៅ​ជើង‌ក្រាន​ចំពោះ​ទ្រង់

23. ដូច្នេះ កាល​យេហ៊ូឌី​បាន​អាន​មើល​បី​បួន​ទំព័រ​ហើយ នោះ​ស្តេច​ទ្រង់​យក​កាំបិត​កាត់ រួច​បោះ​ទៅ​ក្នុង​ភ្លើង​នៅ​ជើង‌ក្រាន ទាល់​តែ​ក្រាំង​ទាំង​មូល​បាន​ឆេះ​អស់​ទៅ

24. ដំណើរ​នេះ​គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សំលៀក‌បំពាក់​គេ​សោះ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ផង

25. មាន​តែ​អែល‌ណា‌ថាន ដេឡាយ៉ា និង​កេម៉ារា​ដែល​បាន​ទូល‌អង្វរ​ដល់​ស្តេច សូម​កុំ​ឲ្យ​ទ្រង់​ដុត​ក្រាំង​ប៉ុណ្ណោះ តែ​ស្តេច​មិន​ព្រម​ស្តាប់​តាម​ទេ

26. រួច​ស្តេច​ទ្រង់​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​លោក​ទុក។

27. ក្រោយ​ដែល​ស្តេច​បាន​ដុត​ក្រាំង​ជា​ពាក្យ​ទាំង​នោះ ដែល​បារូក​បាន​សរសេរ​ទុក​តាម​មាត់​យេរេមា​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ថា

28. ចូរ​យក​ក្រាំង​១​ទៀត ហើយ​សរសេរ​ទុក​ពាក្យ​ដើម​ទាំង​ប៉ុន្មាន ដូច​បាន​សរសេរ​ចុះ​ក្នុង​ក្រាំង​មុន​នោះ ដែល​យេហូយ៉ាគីម ជា​ស្តេច​យូដា​បាន​ដុត​ចោល​ទៅ​ហើយ​នោះ

29. រួច​ឯ​ដំណើរ​យេហូយ៉ាគីម ជា​ស្តេច​យូដា នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ ឯង​បាន​ដុត​ក្រាំង​នោះ​ចោល ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​សរសេរ​ដូច្នេះ​ថា ស្តេច​បាប៊ីឡូន​នឹង​មក ហើយ​បំផ្លាញ​ស្រុក​នេះ​ទៅ ព្រម​ទាំង​ធ្វើ​ឲ្យ​លែង​មាន​ទាំង​មនុស្ស និង​សត្វ​ជា​ពិត

30. ហេតុ​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេហូ‌យ៉ា‌គីម ជា​ស្តេច​យូដា​ដូច្នេះ​ថា វា​នឹង​គ្មាន​អ្នក​ណា​សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ និង​សន្សើម​កក​នៅ​ពេល​យប់

31. អញ​នឹង​ធ្វើ​ទោស​ដល់​វា និង​ពូជ​វា ព្រម​ទាំង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា ហើយ​អញ​នឹង​នាំ​អស់​ទាំង​សេចក្តី​អាក្រក់​មក​លើ​វា​រាល់​គ្នា និង​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​លើ​ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង តាម​ដែល​អញ​បាន​ពោល​ទាស់​នឹង​វា​រាល់​គ្នា​ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ

32. ដូច្នេះ យេរេមា​ក៏​យក​ក្រាំង​១​ទៀត ឲ្យ​ដល់​ស្មៀន​បារូក ជា​កូន​នេរីយ៉ា ហើយ​គាត់​ក៏​សរសេរ​ទុក​អស់​ទាំង​ពាក្យ​នោះ​តាម​មាត់​យេរេមា ដូច​ជា​មាន​នៅ​ក្នុង​ក្រាំង​ដែល​យេហូយ៉ាគីម ស្តេច​យូដា​បាន​ដុត​ចោល​នោះ ក៏​មាន​សេចក្តី​បែប​ដូច​គ្នា​ជា​ច្រើន​ទៀត​បាន​បន្ថែម​បញ្ចូល​ផង។