ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 13 Khmer Standard Version (KHSV)

របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់

1. ចូរ​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន​ឲ្យ​បាន​ជាប់​ជា‌និច្ច។

2. សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា*​ទាំង​មិន​ដឹង​ខ្លួន។

3. ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង ហាក់​បី​ដូច​ជា​បង‌ប្អូន​នៅ​ជាប់​ឃុំ‌ឃាំង​រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បង‌ប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។

4. សូម​បង‌ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នាឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។

5. កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង‌ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»។

6. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹង‌ប៉ឹង​ថា«ព្រះ‌អម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?»។

7. ចូរ​បង‌ប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បង‌ប្អូន ដែល​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បង‌ប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​ទៅ។

8. ព្រះ‌យេស៊ូ​គ្រិស្ដ​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​នៅ​តែ​ដដែល។

9. សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​ឲ្យ​បាន​រឹង‌ប៉ឹង​ដោយ‌សារ​ព្រះ‌គុណ គឺ​មិន​មែន​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។

10. យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជា‌ចារ្យ​ធ្វើ​ការ​ក្នុង​ព្រះ‌ពន្លា* គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។

11. លោក​មហា​បូជា‌ចារ្យ​តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ក្នុង​ទី‌សក្ការៈ* ដើម្បី​សុំ​ឲ្យ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។

12. ព្រះ‌យេស៊ូ​ក៏​ដូច្នោះ​ដែរ ព្រះ‌អង្គ​រង‌ទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជា‌ជន​ឲ្យ​បាន​វិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។

13. ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះ‌អង្គ ទាំង​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ

14. ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។

15. ចូរ​យើង​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ជា‌និច្ច តាម​រយៈ​ព្រះ‌យេស៊ូ គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ។

16. កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​បែប​នេះ។

17. ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បង‌ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែ‌រក្សា​ព្រលឹង​បង‌ប្អូន​ជា‌និច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បង‌ប្អូន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បើ​បង‌ប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខ‌ងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខ‌ងារ ទាំង​ថ្ងូរ បង‌ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។

18. សូម​អធិស្ឋាន*​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មន‌សិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ត​យ៉ាង​ល្អ​ត្រឹម​ត្រូវ ក្នុង​គ្រប់​កាលៈ‌ទេសៈ

19. ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​មេត្តា​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បង‌ប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។

20. ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​បាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រិស្ដ​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។

21. សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌អង្គ​សម្រេច​ការ​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ដ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

22. បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង‌ប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។

23. សូម​ជ្រាប​ថា លោក​ធីម៉ូថេ ជា​បង‌ប្អូន​របស់​យើង បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​បង‌ប្អូន​ជា​មួយ​គាត់​ដែរ។

24. សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បង‌ប្អូន ព្រម​ទាំង​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​អស់​ផង។ បង‌ប្អូន​នៅ​ស្រុក​អ៊ីតា‌លី​ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។

25. សូម​ឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។