ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 1 Khmer Standard Version (KHSV)

សេចក្ដី​ផ្ដើម

1. នៅ​ជំនាន់​ដើម ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ​បុរស*​យើង​ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ព្យាការី*។

2. គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​តាម​រយៈ​ព្រះ‌បុត្រា។ ព្រះ‌អង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ព្រះ‌អង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​ព្រះ‌បុត្រា​ដែរ។

3. ព្រះ‌បុត្រា​នេះ​ជា​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ​បេះ​បិទ។ ព្រះ‌បុត្រា​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ លុះ​ព្រះ‌អង្គ​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ*​ផុត​ពី​បាប*​រួច​ហើយ ទ្រង់​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

4. ព្រះ‌បុត្រា​បាន​ទទួល​ព្រះ‌នាមប្រសើរ​លើស​ពួក​ទេវតា*​យ៉ាង​ណា ទ្រង់​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។

ព្រះ‌យេស៊ូ​គ្រិស្ដ​មាន​ឋានៈ​ធំ​ជាង​ពួក​ទេវតា

5. ព្រះ‌ជាម្ចាស់​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖ «ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះ‌អង្គ ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ឬ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង» សោះ​ឡើយ។

6. មួយ​វិញ​ទៀត នៅ​ពេល​ព្រះ‌ជាម្ចាស់​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ផែន‌ដី​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេវតា*​ទាំង​អស់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បុត្រា» ។

7. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះ‌អង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ធ្វើ​ជា​អណ្ដាត​ភ្លើង» ។

8. ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ។

9. ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ព្រះ‌អង្គ បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់ គឺ​ឲ្យ​ព្រះ‌អង្គ​បាន​ប្រសើរ​ជាង មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គ» ។

10. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​បាន​បង្កើត​ផែន‌ដី តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ​របស់ ព្រះ‌អង្គ​ដែរ។

11. ផែន‌ដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ តែ​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ផែន‌ដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ ដូច​សម្លៀក‌បំពាក់

12. ព្រះ‌អង្គ​នឹង​បត់​ទាំង​ផែន‌ដី ទាំង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ ផែន‌ដី និង​ផ្ទៃ​មេឃ​នឹង​រេច‌រឹល​ទៅ ដូច​សម្លៀក‌បំពាក់ ចំពោះ​ព្រះ‌អង្គ​វិញ ទ្រង់​មិន​ប្រែ‌ប្រួល​ឡើយ ហើយ​ព្រះ‌ជន្មាយុ​របស់​ព្រះ‌អង្គ ក៏​មិន​ចេះ​អស់​ដែរ។

13. មួយ​វិញ​ទៀត ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ»។

14. ទេវតា​ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណ​ដែល​នៅ​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ចាត់​ពួក​លោក​ឲ្យ​មក​បំពេញ​មុខ‌ងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!