ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 6 Khmer Standard Version (KHSV)

1. ហេតុ​នេះ ត្រូវ​ឈោង​ចាប់​យក​សេចក្ដី​ណា​ដែល​មាន​ខ្លឹម‌សារ គ្រប់​លក្ខណៈ​របស់​មនុស្ស​ពេញ​វ័យ ដោយ​ទុក​សេចក្ដី​ផ្សេងៗ​នៅ​ដើម​ដំបូង​ស្ដី​អំពី​ព្រះ‌គ្រិស្ដ​នោះ​សិន យើង​មិន​បាច់​ចាក់​គ្រឹះ​សា​ជា​ថ្មី​ទៀត​ទេ គឺ​ដូច​ជា​និយាយ​អំពី​ការ​កែ​ប្រែ​ចិត្ត​គំនិត ឈប់​ប្រព្រឹត្ត​អំពើ​ឥត​បាន​ការ អំពី​ជំនឿ​លើ​ព្រះ‌ជាម្ចាស់

2. អំពី​សេចក្ដី​បង្រៀន​ពី​ការ​ជ្រមុជ​ផ្សេងៗ អំពី​ពិធី​ដាក់​ដៃ* អំពី​ការ​រស់​ឡើង​វិញ ឬ​អំពី​ការ​វិនិច្ឆ័យ​ទោស​អស់‌កល្ប​ជា‌និច្ច​នោះ​ឡើយ។

3. ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ យើង​នឹង​បរិយាយ​អំពី​សេចក្ដី​ដូច​ត​ទៅ​នេះ។

4. មាន​អ្នក​ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជា‌រស​នៃ​ព្រះ‌អំណោយ​ទាន​ពី​ស្ថាន​បរម‌សុខ* បាន​រួម​ចំណែក​ជា​មួយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*

5. ព្រម​ទាំង​ស្គាល់​ឱជា‌រស​នៃ​ព្រះ‌បន្ទូល​ដ៏​ល្អ​វិសេស​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​ឫទ្ធា‌នុភាព​ទាំង‌ឡាយ​នៃ​បរ‌លោក​ទៀត​ផង។

6. ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់​បាន​ឆ្កាង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះ‌អង្គ​ជា​សាធារណៈ​ផង។

7. ដី​ណា​ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគ‌ផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌ជាម្ចាស់​ដែរ។

8. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ដី​នោះ​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ គេ​នឹង​ចាត់​ទុក​ថា​គ្មាន​តម្លៃ ជិត​ត្រូវ​បណ្ដា‌សា ហើយ​គេ​មុខ​ជា​ដុត​ចោល​មិន​ខាន។

9. ក៏​ប៉ុន្តែ បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​អើយ ទោះ​បី​យើង​និយាយ​បែប​នេះ​ក៏​ដោយ ក៏​យើង​ជឿ​ជាក់​ថា បង‌ប្អូន​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ល្អ​ប្រសើរ​បំផុត​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ

10. ដ្បិត​ព្រះ‌ជាម្ចាស់​មិន​មែន​អយុត្ដិ‌ធម៌​ទេ ទ្រង់​មិន​ភ្លេច​អំពើ​ដែល​បង‌ប្អូន​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បង‌ប្អូន​បាន​សម្តែង​ចំពោះ​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​បង‌ប្អូន​បាន​បម្រើ​ប្រជា‌ជន​ដ៏‌វិសុទ្ធ កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។

11. យើង​ចង់​ឲ្យ​បង‌ប្អូន​ម្នាក់ៗ នៅ​តែ​មាន​ចិត្ត​ខ្នះ‌ខ្នែង​រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​បង‌ប្អូន​បាន​ពេញ​លក្ខណៈ

12. ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ‌ទ្រាំ។

ព្រះ‌បន្ទូល​សន្យា​ដែល​មិន​ចេះ​ប្រែ‌ប្រួល

13. នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អប្រាហាំ ព្រះ‌អង្គ​បាន​ស្បថ​ដោយ​យក​ព្រះ‌អង្គ​ផ្ទាល់​ធ្វើ​ជា​ប្រធាន ព្រោះ​គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​ព្រះ‌អង្គ ធ្វើ​ជា​ប្រធាន​សម្បថ​បាន​ឡើយ។

14. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:«យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»។

15. ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់‌ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះ‌បន្ទូល​សន្យា​មែន។

16. មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។

17. ព្រះ‌ជាម្ចាស់​ក៏​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ឲ្យ​អស់​អ្នក​ដែល​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ព្រះ‌អង្គ​សម្រេច​ព្រះ‌ហឫទ័យ​យ៉ាង​ណា​ហើយ​នោះ ទ្រង់​មិន​ប្រែ‌ប្រួល​ទេ។ ហេតុ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ស្បថ​ថែម​លើ​ព្រះ‌បន្ទូល​សន្យា​ទៀត។

18. ចំពោះ​យើង​ដែល​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​ដាក់​នៅ​ខាង​មុខ​យើង ព្រះ‌អង្គ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង ដោយ​មាន​ព្រះ‌បន្ទូល​ទាំង​ពីរ​យ៉ាងដែល​ពុំ​ចេះ​ប្រែ‌ប្រួល ហើយ​ព្រះ‌ជាម្ចាស់​មិន​ចេះ​កុហក​ក្នុង​ព្រះ‌បន្ទូល​នេះ​ឡើយ។

19. សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​បី​ដូច​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំ‌មួន សម្រាប់​ព្រលឹង​របស់​យើង ហើយ​ក៏​បាន​ចូល​ហួស​វាំងនន​ទៅ​ក្នុង​ទី‌សក្ការៈ​ថែម​ទៀត​ផង

20. គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​ព្រះ‌យេស៊ូ​បាន​យាង​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះ‌អង្គ​ក៏​បាន​ទទួល​ឋានៈ​ជា​មហា​បូជា‌ចារ្យ*​រហូត​អស់‌កល្ប​ជា‌និច្ច តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។