ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 3 Khmer Standard Version (KHSV)

ព្រះ‌យេស៊ូ​មាន​ឋានៈ​ធំ​ជាង​លោក​ម៉ូសេ

1. បង‌ប្អូន​ដ៏‌វិសុទ្ធ*​អើយ ព្រះ‌ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​បង‌ប្អូន​ដែរ! ចូរ​គិត​ពិចារណា​មើល អំពី​ព្រះ‌យេស៊ូ ជា​ទូត​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក និង​ជា​មហា​បូជា‌ចារ្យ*​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាសនោះ​ទៅ។

2. ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់ ដែល​បាន​តែង‌តាំង​ព្រះ‌អង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​ដែរ។

3. អ្នក​សង់​ផ្ទះ​មាន​កិត្តិយស ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូ​ក៏​គួរ​នឹង​ទទួល​សិរី‌រុងរឿង​ប្រសើរ​លើស​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ

4. ដ្បិត​ផ្ទះ​ទាំង‌ឡាយ​សុទ្ធ​តែ​មាន​គេ​បាន​សង់​ឡើង រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​បាន​សង់​គ្រប់​អ្វីៗ​ទាំង​អស់។

5. ចំពោះ​លោក​ម៉ូសេ លោក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​ទាំង​មូល ក្នុង​ឋានៈ​លោក​ជា​អ្នក​បម្រើ ដើម្បី​ផ្ដល់​សក្ខីភាព​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​នឹង​ថ្លែង។

6. រីឯ​ព្រះ‌គ្រិស្ដ​វិញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌បុត្រា ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​ផ្ទាល់​របស់​ព្រះ‌អង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹង‌ប៉ឹង និង​ពឹង​ផ្អែកលើ​សេចក្ដី​សង្ឃឹម​របស់​យើង​ជាប់​ជា‌និច្ច​មែន​នោះ។

7. ហេតុ​នេះ ដូច​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះ‌អង្គ

8. មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ ក្នុង​ថ្ងៃ​ដែល​គេ​ល្បង‌ល​ព្រះ‌អង្គ នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ

9. បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង ដើម្បី​សាក​មើល​យើង ហើយ​គេ​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។

10. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ត​នឹង មនុស្ស​នៅ​ជំនាន់​នោះ​ណាស់ ហើយ​យើង​បាន​ពោល​ថា: ចិត្ត​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ

11. យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត» ។

12. ដូច្នេះ បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់។

13. ផ្ទុយ​ទៅ​វិញ ចូរ​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ត​រឹង‌រូស ដោយ​ចាញ់​បោក​បាប*។

14. ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​ហើយ

15. ព្រោះ​ក្នុង​គម្ពីរ​មាន​ចែង​ថា «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ នោះ​ឡើយ»។

16. តើ​នរណា​ខ្លះ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់ ហើយ​បែរ​ជា​នាំ​គ្នា​បះ‌បោរ? អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ?

17. ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ តើ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​នរណា​ខ្លះ? ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ត្រូវ​ស្លាប់​ចោល​ឆ្អឹង​នៅ​វាល​រហោ‌ស្ថាន​នោះ​ឬ?

18. តើ​ព្រះ‌អង្គ​បាន​ប្ដេជ្ញា​ថា​មិន​ឲ្យ​នរណា​ខ្លះ​ចូល​មក​សម្រាក​ជា​មួយ​ព្រះ‌អង្គ? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​នោះ​ឬ?

19. ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​ពុំ​បាន​ចូល​ទៅ​សម្រាក​មក​ពី​ពួក​គេ​គ្មាន​ជំនឿ។