ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 7 Khmer Standard Version (KHSV)

ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ជា​មហា‌ក្សត្រ និង​ជា​បូជា‌ចារ្យ

1. ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ ជា​ព្រះ‌មហា‌ក្សត្រ​នៅ​ក្រុង​សាឡឹម និង​ជា​បូជា‌ចារ្យ*​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ទ្រង់​បាន​ទៅ​ជួប​លោក​អប្រាហាំ ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ទ្រង់​ជូន​ពរ​លោក។

2. លោក​អប្រាហាំ​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។ ព្រះ‌នាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា «ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ទ្រង់​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ត»។

3. ទ្រង់​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច​ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ទ្រង់​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជា‌ចារ្យ*​រហូត​ត​រៀង​ទៅ។

4. សូម​បង‌ប្អូន​ពិចារណា​មើល​ចុះ ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​ជា​លោក​អប្រាហាំ បុព្វបុរស*​របស់​យើង យក​អ្វីៗ​ដែល​លោក​រឹប​អូស​បាន​ពី​ចំបាំង ចំនួន​មួយ​ភាគ​ដប់​មក​ថ្វាយ​ដូច្នេះ!

5. អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី*​ដែល​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ*​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​តង្វាយ​មួយ​ភាគ​ដប់*​ពី​ប្រជា‌ជន ស្រប​តាម​ក្រឹត្យ‌វិន័យ* គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។

6. ចំណែក​ឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ លោក​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​លោក​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់​ពី​លោក​អប្រាហាំ! ទ្រង់​ក៏​ជូន​ពរ​ដល់​លោក​អប្រាហាំ ដែល​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា!

7. ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។

8. លោក​លេវីដែល​ទទួល​តង្វាយ​មួយ​ភាគ​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ដូច​គម្ពីរ​បាន​បញ្ជាក់​ស្រាប់។

9. យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក តាម​រយៈ​លោក​អប្រាហាំ​ដែរ

10. ដ្បិត​នៅ​ពេល​ដែល​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។

11. មុខ‌ងារ​បូជា‌ចារ្យ​ជា​គ្រឹះ​នៃ​គម្ពីរ‌វិន័យ​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​បូជា‌ចារ្យ​មួយ​ទៀត តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជា‌ចារ្យ​តាម​របៀប​លោក​អើរ៉ុន​ទៅ​វិញ។

12. ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខ‌ងារ​បូជា‌ចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ក្រឹត្យ‌វិន័យ​ដែរ។

13. រីឯ​បូជា‌ចារ្យ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ ទ្រង់​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​បូជា‌ចារ្យ​ឡើយ។

14. យើង​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា​ថា ព្រះ‌អម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុល‌សម្ព័ន្ធ*​យូដា។ ពេល​លោក​ម៉ូសេ​និយាយ​អំពី​បូជា‌ចារ្យ លោក​ពុំ​ដែល​និយាយ​ពី​កុល‌សម្ព័ន្ធ​នេះ​ទេ។

15. ប្រសិន​បើ​មាន​ការ​តែង‌តាំង​បូជា‌ចារ្យ​មួយ​រូប​ទៀត ដូច​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។

16. ព្រះ‌អង្គមិន​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វិន័យ ដែល​ជា​បទ‌បញ្ជា​របស់​មនុស្ស​ឡើយ គឺ​ទ្រង់​បាន​ទទួល​មុខ‌ងារ​នេះ តាម​ឫទ្ធា‌នុភាព​នៃ​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ

17. ដ្បិត​គម្ពីរ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អង្គ​ថា«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក»។

18. ដូច្នេះ បទ‌បញ្ជា​ដែល​មាន​ពី​មុន​មក​ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ

19. ដ្បិត​ក្រឹត្យ‌វិន័យ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​បាន។

20. លើស​ពី​នេះ មាន​ព្រះ‌បន្ទូល​សម្បថ។ បូជា‌ចារ្យ​ឯ​ទៀតៗ​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ ដោយ​គ្មាន​ព្រះ‌បន្ទូល​សម្បថ​ទេ។

21. រីឯ​ព្រះ‌យេស៊ូ​វិញ ទ្រង់​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ ដោយ​ព្រះ‌ជាម្ចាស់​ទ្រង់​បាន​ស្បថ គឺ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា«“ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ជា‌និច្ច” ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ទ្រង់​នឹង​មិន​ប្រែ‌ប្រួល​ឡើយ»។

22. ដូច្នេះ ដោយ​មាន​ព្រះ‌បន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា ព្រះ‌យេស៊ូ​ធានា​រ៉ាប់‌រង​នូវ​សម្ពន្ធ‌មេត្រី*​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។

23. លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​បូជា‌ចារ្យ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​បូជា‌ចារ្យ​ជា​អចិន្ត្រៃយ៍​បាន​ឡើយ។

24. រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​បាន​ទេ ព្រោះ​ព្រះ‌អង្គ​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។

25. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌អង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ពួក​គេ។

26. មាន​តែ​មហា​បូជា‌ចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខ*​ទៅ​ទៀត។

27. ព្រះ‌អង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះ‌អង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។

28. ក្រឹត្យ‌វិន័យ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ រីឯ​ព្រះ‌បន្ទូល​សម្បថ ដែល​មាន​មក​តាម​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង‌តាំង​ព្រះ‌បុត្រា ដែល​គ្រប់​លក្ខណៈ​អស់‌កល្ប​ជា‌និច្ច ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ​វិញ។