ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ាកុប 1 Khmer Standard Version (KHSV)

សេចក្ដី​ផ្ដើម

1. ខ្ញុំ យ៉ាកុប ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ និង​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ* សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ ដែល​បែក‌ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។

ការ​ល្បង​ជំនឿ និង​ការ​ល្បួង

2. បង‌ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាងដែល​បង‌ប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ

3. ដោយ​ដឹង​ថា ការ​ល្បង‌លក​មើល​ជំនឿ​របស់​បង‌ប្អូន​នឹង​នាំ​ឲ្យ​បង‌ប្អូន​ចេះ​ស៊ូ‌ទ្រាំ។

4. ក៏​ប៉ុន្តែ ត្រូវ​ឲ្យ​ការ​ស៊ូ‌ទ្រាំ​នេះ បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។

5. ក្នុង​ចំណោម​បង‌ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​ទូលាយ ឥត​បន្ទោស​ឡើយ

6. ក៏​ប៉ុន្តែ អ្នក​នោះ​ត្រូវ​ទូល​សូម ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។

7. មនុស្ស​ប្រភេទ​នេះ មិន​ត្រូវ​នឹក​ស្មាន​ថា​នឹង​បាន​ទទួល​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ

8. ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ត​ពីរ មិន​ដែល​នឹង​ន​ក្នុង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ប្រព្រឹត្ត​ទេ។

9. សូម​ឲ្យ​បង‌ប្អូន​ដែល​ក្រីក្រ​បាន​ខ្ពស់​មុខ​ឡើង ដោយ​ព្រះ‌ជាម្ចាស់​លើក​តម្កើង​គេ​ហើយ។

10. រីឯ​បង‌ប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​ព្រះ‌ជាម្ចាស់​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កា។

11. លុះ​ដល់​ថ្ងៃ​រះ​ពេញ​កម្ដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។

12. អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះ‌ជាម្ចាស់​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។

13. ពេល​នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ជាម្ចាស់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​ព្រះ‌ជាម្ចាស់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​បាន​ឡើយ ហើយ​ព្រះ‌អង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។

14. ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់‌ទាញ និង​លួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។

15. ចិត្ត​លោភ‌លន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចម្រើន​ដល់​កម្រិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់។

16. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​យល់​ច្រឡំ​ឡើយ។

17. គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះ‌បិតា​ដែល​បង្កើត​ពន្លឺ។ ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។

18. ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌អង្គ​បង្កើត​មក។

ការ​ស្ដាប់ និង​ការ​អនុវត្ត​តាម​ព្រះ‌បន្ទូល

19. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង‌ប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង

20. ដ្បិត​អ្នក​មាន​កំហឹង​ពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត*​របស់​ព្រះ‌ជាម្ចាស់​បាន​ឡើយ។

21. ហេតុ​នេះ បង‌ប្អូន​ត្រូវ​លះ‌បង់​ចិត្ត​សៅ‌ហ្មង​គ្រប់​យ៉ាង និង​ចិត្ត​កំរោល​ឃោរ‌ឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ត​ស្លូត‌បូត ទទួល​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដុះ​ក្នុង​បង‌ប្អូន ព្រោះ​ព្រះ‌បន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បង‌ប្អូន។

22. ចូរ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្ដាប់​ទាំង​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ។

23. អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​ហើយ មិន​ប្រតិបត្តិ​តាម អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន

24. លុះ​ពិនិត្យ​មើល​រួច​ហើយ ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថា​មុខ​ខ្លួន​ឯង​ដូច​ម្ដេច​ផង។

25. រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ក្រឹត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណៈ ជា​ក្រឹត្យ‌វិន័យ​ដែល​ផ្ដល់​សេរី‌ភាព ហើយ​ព្យាយាម​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ គឺ​មិន​គ្រាន់​តែ​ស្ដាប់ រួច​ភ្លេច​អស់​ទៅ អ្នក​នោះ​នឹង​មាន​សុភមង្គល*​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​ជា​មិន​ខាន។

26. ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ ហើយ​សាសនា​ដែល​ខ្លួន​កាន់​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។

27. រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ជា​ម្ចាស់​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។